ភ្នំពេញៈ ការប្រកាសរបស់តារាប្រព័ន្ធផ្សព្វផ្សាយសង្គម កញ្ញា ធី សុវណ្ណថា ថាខ្លួនបានទទួលថវិកា ៣ លានដុល្លារពីបណ្តាញមូលនិធិអន្តរជាតិ ដើម្បីឧបត្ថម្ភលើការផ្តល់អាហារូបករណ៍សិក្សាជាបន្តបន្ទាប់នៅឧត្តមសិក្សាបានជំរុញឲ្យមានការអំពាវនាវពីសំណាក់ក្រុមថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលឲ្យបង្ហាញពីតម្លាភាពនៃប្រភពថវិកានេះ។

សេចក្តីប្រកាសអះអាងពីការទទួលបានមូលនិធិ ៣ លាន ដុល្លារ ដែលនឹងត្រូវបានប្រើប្រាស់ដើម្បីផ្តល់អាហារូបករណ៍ទៅដល់និស្សិតចំនួន ១ ពាន់នាក់ ត្រូវបានបង្ហោះនៅទំព័រ Facebook របស់អតីតសកម្មជនគណបក្សប្រឆាំងរូបនេះ កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន ពោលគឺមួយសប្តាហ៍បន្ទាប់ពីការបែកធ្លាយសារសន្ទនាដែលបង្ហាញពីការសន្យាផ្តល់ប្រាក់ចំនួន ១ លានដុល្លារ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅឲ្យរូបនាង។

Loading...

កញ្ញា ធី សុវណ្ណថា ដែលកាលពីដើមឆ្នាំនេះបានប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ និងគាំទ្រគណបក្សប្រជាជនកម្ពុជា មិនបានឆ្លើយតបនឹងសំណើរសុំការអត្ថាធិប្បាយពីប្រភពនៃថវិកាមូលនិធិរបស់ខ្លួននោះឡើយ ហើយសេចក្តីបង្ហោះស្តីពីថវិកានេះគ្រាន់តែបានឲ្យដឹងថា «គម្រោងនេះត្រូវបានគាំទ្រដោយ បណ្តាញមូលនិធិអន្តរជាតិ» ដែលមិនត្រូវបានបញ្ជាក់ច្បាស់លាស់នោះឡើយ។

លោក កុល បញ្ញា ជានាយករបស់ គណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៍ នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel) បានលើកឡើងថា៖ «យើងត្រូវការតម្លាភាពខ្លះពីប្រភពដែលធី សុវណ្ណថា បានទទួលប្រាក់»។

លោកបន្តថា៖ «យោងទៅតាមច្បាប់អង្គការក្រៅរដ្ឋាភិបាល (NGOs) អង្គការក្រៅរដ្ឋាភិបាលត្រូវរាយការណ៍ព័ត៌មានស្តីពីចំនួនទឹកប្រាក់… ហើយពេលខ្លះ ប្រសិនជាថវិកាត្រូវបានទទួលពីមូលនិធិសាធារណៈ ខ្ញុំយល់ថាថវិកានោះអាចនឹងត្រូវបានចោទសួរច្រើនពីក្រសួងហិរញ្ញវត្ថុ»។

នាយកអង្គការតម្លាភាពអន្តរជាតិកម្ពុជា លោក ព្រាប កុល បានអង្គការយុវជនកិច្ចការសង្គមបានឲ្យដឹងតាមរយៈអ៊ីម៊ែលមួយថា មិនប្រក្រតីនោះឡើយដែលម្ចាស់ជំនួយអន្តរជាតិផ្តល់ថវិការច្រើនបែបនេះទៅអង្គការថ្មីមួយដែលបង្កើតឡើងដោយយុវតីវ័យ ២២ ឆ្នាំ ដូចករណី អង្គការយុវជនកិច្ចការសង្គម របស់កញ្ញា ធី សុវណ្ណថា រូបនេះ។

លោក ព្រាប កុល បន្តថា៖ «ផ្អែកតាមបទពិសោធន៍ជិត ២០ ឆ្នាំ ក្នុងវិស័យអង្គការក្រៅរដ្ឋាភិបាល ម្ចាស់ជំនួយអន្តរជាតិដែលគួរឲ្យជឿទុកចិត្តបាន នឹងផ្តល់ថវិកាឧបត្ថម្ភទៅឲ្យអង្គការថ្មីមួយ លុះត្រាតែមានការវាយតម្លៃ និង ការពិនិត្យបញ្ជាក់ ត្រឹមត្រូវទៅលើអង្គការដែលស្នើសុំជំនួយនោះរួចហើយតែប៉ុណ្ណោះ»។

លោកបន្ថែមថា៖ «បើទោះបីជាម្ចាស់ជំនួយទាំងនោះសម្រេចផ្តល់ថវិកាមូលនិធិ ពួកគេក៏នឹងមិនផ្តល់ម្តង ឬនៅលើកដំបូងច្រើនបែបនេះដែរ»។

លោកបញ្ជាក់ទៀតថា «អង្គការដែលគួរឲ្យទុកចិត្តបាន» នឹងបង្ហាញពីអត្តសញ្ញាណនៃម្ចាស់ជំនួយធំៗ របស់ខ្លួន។

កញ្ញា ធី សុវណ្ណថា ដែលក្នុងជាងមួយឆ្នាំកន្លងទៅនេះ បានប្រែក្លាយខ្លួនពីសកម្មជនប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគាំទ្រគណបក្សប្រឆាំងធំជាងគេបំផុតនៅកម្ពុជា មកជាអ្នករិះគន់គណបក្សប្រឆាំងដ៏សាហាវបំផុត ក៏បានធ្វើការគំរាមប្តឹងប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា តាមរយៈ Facebook កាលពីម្សិលមិញផងដែរ។

កញ្ញា ធី សុវណ្ណថា បានសរសេរថា នាងនឹងបន្តដាក់ ពាក្យប្តឹងលោក កឹម សុខា ប្រសិនជាលោក មិនធ្វើការសុំអភ័យទោសនាងជាសាធារណៈ ចំពោះពាក្យសម្តីនិយាយពីនាងរបស់លោក កឹម សុខា ដែលនាងចាត់ទុកថា ជាការបរិហារកេរ្តិ៍ នៅក្នុងខ្សែអាត៌សម្លេងសន្ទនាតាមទូរស័ព្ទបែកធ្លាយ ដែលបានបង្ករាលដាល បង្កើតជារឿងក្តីប្រឆាំងនឹងលោកនៅដើមឆ្នាំនេះ។

កាលពីពេលថ្មីៗនេះ ក៏មានការបែកធ្លាយស្រដៀងគ្នានេះដែរ ដោយមានសារសន្ទនាមួយបង្ហាញពីការពិភាក្សាគ្នារវាងកញ្ញា ធី សុវណ្ណថា ជាមួយនឹងលោក ហ៊ុន មានិត ជាប្រធានអង្គភាពចារកម្មនៃក្រសួងការពារជាតិ អំពីមធ្យោបាយបង្ខូចឈ្មោះ និងបំផ្លាញគណបក្សប្រឆាំង។

ក្រុមមន្រ្តីគណបក្សសង្គ្រោះជាតិមិនបានឆ្លើយតបនឹងសំណើរសុំសេចក្តីអធិប្បាយនោះឡើយ ក៏ប៉ុន្តែ អ្នកជំនាញផ្នែកច្បាប់ លោក សុខ សំអឿន បានឲ្យដឹងថា បទជួញដូរមនុស្ស ដែលលោក កឹម សុខា ត្រូវបានប្តឹង គឺជាបទឧក្រិដ្ឋ ហើយមានតែព្រះរាជអាជ្ញាមួយរូបតែប៉ុណ្ណោះដែលអាចសម្រេចប្តឹងចោទ ប្រកាន់បាន។

លោក សុខ សំអឿន ថ្លែងថា៖ «ធី សុវណ្ណថា គ្រាន់តែអាចផ្តួចផ្តើម និងផ្តល់ភស្តុតាងទៅឲ្យ ព្រះរាជអាជ្ញា»។

លោកបានចោទជាសំណួរថា ហេតុអ្វីបានជា កញ្ញា ធី សុវណ្ណថា មិនដាក់ពាក្យបណ្តឹងភ្លាមៗ ប្រសិនជានាងដឹងថា បទឧក្រិដ្ឋនេះបានកើតឡើង។

លោកបន្ថែមថា៖ «ខ្ញុំមិនដឹងថា តើ ធី សុវណ្ណថា មានភស្តុតាងដែលឬអត់នោះទេ។ បើមិនអញ្ចឹងទេ ហេតុអ្វីបាន ជានាងបានដឹងពីវា។ ប្រហែលជានាងអាចជាជនរួមគំនិត ព្រោះនាងបានដឹងផ្ទៃក្នុងនៃរឿងនេះ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍