កីឡាករកាយវប្បកម្មកម្ពុជា តឹក ប៊ុនវី បានឈ្នះមេដាយសំរឹទ្ធពិភពលោកពីការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកពិភពលោកលើកទី៨ (The 8th World Bodybuilding and Athletic Physique Sports Champions) នៅទីក្រុងប៉ាតាយ៉ាប្រទេសថៃកាលពីយប់ថ្ងៃទី៤ ខែធ្នូ។ ចំណែកកីឡាករកម្ពុជា៥រូបផ្សេងទៀតបានធ្លាក់ពីការប្រកួតនេះទាំងអស់។

កីឡាករកាយវប្បកម្ម តឹក ប៊ុនវី ដែលទើបដណ្តើមបានមេដាយមាសកម្រិតអាស៊ានប្រចាំឆ្នាំ២០១៦នៅថៃកាលពីថ្មីៗ បានបន្តឈ្នះមេដាយសំរឹទ្ធពិភពលោកពីព្រឹត្តិការណ៍ The 8th World Bodybuilding and Athletic Physique Sports Champions នៅទីក្រុងប៉ាតាយ៉ាប្រទេសថៃកាលពីយប់ថ្ងៃទី៤ ខែធ្នូ។

ការប្រកួតដែលប្រព្រឹត្តទៅរយៈពេល១សប្តាហ៍ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ កីឡាករកាយវប្បកម្មកម្ពុជា តឹក ប៊ុនវី ប្រកួតលើវិញ្ញាសាផ្នែករាងកាយស្អាតកម្ពស់១.៨០ម៉ែត្រ ដោយរូបគេទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម៤៦ប្រទេសចូលរួម ជាហេតុធ្វើឲ្យរូបគេទទួលបានមេដាយសំរឺទ្ធតែម្តងពីការប្រកួតនេះ។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតនេះកម្ពុជាបានបញ្ជូនកីឡាករឲ្យចូលរួមចំនួន៦នាក់ ប៉ុន្តែក្រៅពីកីឡាករ តឹក ប៊ុនវី ដែលទទួលបានមេដាយសំរឹទ្ធមិនមានអ្នកណាទទួលបានមេដាយនោះឡើយ។ កីឡាករទាំង៥រូបនោះរួមមាកីឡាករ សំបូរ នន់ , ចាប វ៉ាន់នី, ណុំ សុបិន្ត, ដុំ សារុន និងម្ចាស់មេដាយប្រាក់អាស៊ី សុខ សុភ័ក្ត្រ។

ប្រភព៖ ថ្មីៗ