(តូក្យូ)៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុននៅថ្ងៃអង្គារនេះបានអះអាងថា ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ទៅកាន់មូលដ្ឋានទ័ពអាមេរិក Pearl Harbor នៅកោះហាវ៉ៃ ក្នុងខែធ្នូនេះ មិនមែនមានន័យថារដ្ឋាភិបាលទីក្រុងតូក្យូ យល់ព្រមសូមទោសសហរដ្ឋអាមេរិកនោះទេ។ នេះបើតាមដែលចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០១៦។

លោក ស៊ីនហ្សូ អាបេ ត្រូវបានគេរំពឹងថានឹងបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់កោះហាវ៉ៃ នៅថ្ងៃទី២៦ ខែធ្នូ ខាងមុខនេះហើយលោកនឹងត្រូវជួបពិភាក្សាជាមួយ លោក បារ៉ាក់ អូបាម៉ា ក៏ដូចជាធ្វើដំណើរកម្សាន្តរួមគ្នានៅឯមូលដ្ឋានទ័ពអាមេរិក Pearl Harbor ដែលធ្លាប់រងការវាយប្រហារពីសំណាក់កងទ័ពជប៉ុននៅអំឡុងសង្រ្គាមលោកលើកទី២ ក្នុងឆ្នាំ១៩៤១។

Loading...

ទោះជាយ៉ាងនេះក្ដីថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Kyodo អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបានគូសបញ្ជាក់ថា «ដំណើរទស្សនកិច្ចរបស់លោក អាបេ គឺជាឱកាសមួយដើម្បីរំលឹកដល់អ្នកដែលស្លាប់នៅក្នុងសង្រ្គាម (….) ហើយវាក៏ជាសារមួយផងដែរស្ដីពីការផ្សះផ្សាគ្នារវាងសហរដ្ឋអាមេរិក និងជប៉ុនប៉ុន្តែនេះមិនមែនមានន័យវាគឺជាការសូមទោសនោះទេ»។

គួរបញ្ជាក់ថាលោក ស៊ីនហ្សូ អាបេ នឹងក្លាយជានាយករដ្ឋមន្ត្រីជប៉ុនដំបូងគេបំផុតកំពុងកាន់តំណែង ដែលបំពេញទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពអាមេរិក Pearl Harbor ក្នុងរយៈពេល ៧៥ឆ្នាំមកនេះ ខណៈ លោក បារ៉ាក់ អូបាម៉ា ក៏បានក្លាយជាប្រធានាធិបតីអាមេរិកទីមួយ ផងដែរកាលពីខែឧសភាកន្លងទៅ ក្នុងការបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុង ហ៊ីរ៉ូស៊ីម៉ា ដែលធ្លាប់រងគ្រោះដោយសារការទម្លាក់គ្រាប់បែកបរមាណូដោយកងទ័ពអាមេរិក កាលពីឆ្នាំ១៩៤៥៕

ប្រភព៖ freshnewsasia