ក្រោយពីរៀបការស្ងាត់ៗកាលពីដើមខែកញ្ញាជាមួយនឹងលោក Stephen Fung តារាសម្តែងចិនល្បីឈ្មោះដែលមានដើមកំណើតពីកុនកូនជ្រូក នាង Shu Qi បានត្រឡប់មកហុងកុងវិញ ដើម្បីចូលរួមកម្មវិធី Golden Horse Awards កាលពីពេលថ្មីៗនេះ ។

យោងតាមសារព័ត៌មាន គេបានដឹងថា នៅក្នុងកម្មវិធីប្រគល់រង្វាន់នេះ តារាសម្តែងស្រីវ័យ ៤០ ឆ្នាំរូបនេះបានបង្ហើបប្រាប់ថា នាងចង់សម្រាកនៅឆ្នាំ ២០១៧ ខាងមុខ ដើម្បីនឹងក្លាយជាម្តាយគេ ។ នាងបាននិយាយថា «ខ្ញុំដឹងអ្នកគាំទ្រជាច្រើនប្រហែលជាបារម្ភពីខ្ញុំ និង ចង់ឲ្យខ្ញុំមានកូនឆាប់ៗ ។ យ៉ាងណាក្តី ខ្ញុំមិនចង់បង្ខំពេកទេ គឺចង់ទុកឲ្យធម្មជាតិជាអ្នកដោះស្រាយ ។ មនុស្សច្រើនណាស់ដែលធ្លាប់សួរខ្ញុំពីរឿងមានផ្ទៃពោះ ប៉ុន្តែតាមក្បួនចិន ខ្ញុំគិតថា ខ្ញុំមិនគួរនិយាយអ្វីឡើយពីរឿងនេះ លុះត្រាមានផ្ទៃពោះបានបីខែសិន ។ ការកុហកជារឿងអាក្រក់ ដូចនេះសូមអ្នកទាំងអស់គ្នាឈប់សួរខ្ញុំរឿងនេះទៀតទៅ ហើយក៏សូមអរគុណដល់អ្នករាល់គ្នាដែរ» ។

នាងក៏បានបញ្ជាក់បន្ថែមដែរថា នាងចង់ពង្រីកគ្រួសារនាពេលខាងមុខ ដោយក្នុងនោះក៏មានគម្រោងចូលនិវត្តន៍ដែរ តែពុំទាន់បានសម្រេចចិត្តឲ្យច្បាស់លាស់នៅឡើយទេ ៕ រិទ្ធី (ប្រភព ៖ ឡបលីផប)

ដកស្រង់ពី៖ pmhotnews