វាជារឿងហួសចិត្ត ដែលបុរសជាប្តីល្មោភកាមទៅរួមភេទជាមួយប្រពន្ធ ត្រូវប្រពន្ធបដិសេធ ហើយបុរសជាប្តី បានក្តិចមួលប្រដាប់ភេទរបស់ប្រពន្ធ បណ្តាលឲ្យរបួសប្រដាប់ភេទធ្ងន់ធ្ងរ រហូតដល់ហើមជាំ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ។ អំពើហិង្សាក្នុងគ្រួសារនេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង១០នាទីទៀបភ្លឺ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះរបស់ខ្លួន នៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។

នគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ ហៀង ហួត អាយុ៣៦ឆ្នាំ មុខរបរនេសាទត្រី ចំណែកនារីរងគ្រោះជាប្រពន្ធឈ្មោះ ឆិល ចិន្ដា អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ។ ប្តីប្រពន្ធនេះរស់នៅភូមិកើតហេតុ ។ ស្ត្រីជាប្រពន្ធបានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាប្តី ទើបត្រឡប់មកពីដាក់សៃយ៉ឺនវិញ ហើយបានហៅប្រពន្ធឲ្យបើកទ្វារ ពេលប្រពន្ធបើកទ្វាររួច ស្រាប់តែប្តីបានចាប់ក្របួចសក់បង្ខំប្រពន្ធឲ្យផឹកទឹកមួយកែវ ដែលប្រពន្ធសង្ស័យថា ជាទឹកដែលសល់ពីជក់គ្រឿងញៀន ព្រោះប្តីរបស់គាត់តែងតែជក់គ្រឿងញៀនជាញឹកញាប់ ទើបគាត់មិនព្រមផឹកតាមប្តីបង្ខំ ហើយទឹកនោះក៏កំពប់អស់ទៅ ។ បន្ទាប់មកគាត់បានដើរទៅបត់ជើងតូច ពេលត្រឡប់មកពីបត់ជើងតូចវិញ ប្តីក៏សុំរួមភេទជាមួយ តែនាងមិនព្រម ព្រោះនាងមិនស្រួលខ្លួន ពេលនោះស្រាប់តែប្តីបានក្តិចមួលប្រដាប់ភេទបណ្តាលហើមជាំ និងរងរបួសប្រដាប់ភេទធ្ងន់ធ្ងរតែម្តង ។

ដោយមានការឈឺចុកចាប់មុខរបួសពេក ទើបម្តាយក្មេកបានដឹកនាងមកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ និងបានប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ធ្វើការឃាត់ខ្លួនជនសង្ស័យជាប្តីបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីធ្វើការសាកសួរ និងបន្តចាត់ការតាមនីតិវិធី ។ ប្តីកំហូចរូបនេះ បានសារភាព នៅចំពោះមុខសមត្ថកិច្ច ថា ខ្លួនពិតជាបានប្រើអំពើហិង្សាមួលប្រដាប់ភេទប្រពន្ធរបស់ខ្លួនពិតប្រាកដមែន ដោយសារខឹងប្រពន្ធមិនធ្វើម្ហូមទុកឲ្យហូប និងនិយាយតមាត់ច្រើនពេក មិនស្តាប់ប្តី រីឯទឹកដែលខ្លួនយកឲ្យប្រពន្ធផឹកនោះ គឺជាទឹកគោជល់ មិនមែនជាទឹកថ្មាំញៀននោះទេ ៕
សុថាត់

ប្រភព៖ pmhotnews