កាលពីឆ្នាំ២០០០ នៅពេលអង្គការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OCDE) បានបើកកម្មវិធីអន្តរជាតិ តាមដានចំណេះដឹងសិស្សភ្លាម ចំណាត់ថ្នាក់លេខមួយ ត្រូវបានប្រគល់ទៅឱ្យប្រទេសហ្វាំងឡង់ ! ប៉ុន្តែនៅលើកនេះ បើតាមរបាយការណ៍របស់អង្គការចេញផ្សាយនៅថ្ងៃអង្គារទី ៦ធ្នូ គឺប្រទេសសិង្ហបុរី និងក្រុមប្រទេសនៅអាស៊ី ជាអ្នកនាំមុខគេម្តង។ ហើយមិនតែប៉ុណ្ណោះ អង្គការ OCDE បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីភាពទ្រឹងនៃកំរិតចំណេះដឹងផ្នែកវិទ្យាសាស្ត្ររបស់សិស្ស ជាទូទៅ នៅទូទាំងពិភពលោក ។

គ្រប់គ្នាគួរតែធ្វើដំណើរទៅសិង្ហបុរី ដើម្បីមើលអំពីវិធីសាស្ត្របង្រៀនសិស្ស ឱ្យពូកែ និងមានចំណេះដឹងខ្ពស់ជាងគេ នៅលើពិភពលោក ! នេះជាសេចក្តីសង្ខេបរបស់លោកស្រីអគ្គនាយកអង្គការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច OCDE ដែលមានទីស្នាក់ការ នៅទីក្រុងប៉ារីស ។

Loading...

នៅសិង្ហបុរី គ្រូបង្រៀនត្រូវឆ្លងកាត់ការវាយតម្លៃ ជាទៀតទាត់ ព្រមទាំងបានទទួលការបំពាក់បំប៉ន តរហូតឥតដាច់ និងបានឆ្លងកាត់ការបណ្តុះបណ្តាលដំបូង យ៉ាងស៊ីជម្រៅ និងជឿនលឿនបំផុត។ ក្នុងសាលាអន់ៗ ក៏មានគ្រូល្អៗ ហើយគ្រូៗទាំងអស់នោះសុទ្ធតែមានប្រាក់ខែខ្ពស់ ជាងមុខរបរផ្សេងទៀតផង។ នេះជាការពន្យល់បន្ថែមរបស់អ្នកឯកទេសអប់រំនៃអង្គការOCDE។

សូមបញ្ជាក់ថា តាំងពីឆ្នាំ២០០០មក និងជារៀងរាល់បីឆ្នាំ អង្គការតែងធ្វើការសិក្សាវាយតម្លៃចំណេះដឹង និងសមត្ថភាពសិស្សអាយុ១៥ឆ្នាំ លើផ្នែកវិទ្យាសាស្ត្រ គណិតវិទ្យា និងការអាន។
ការអង្កេតនេះ បានទទួលចំណាប់អារម្មណ៍ពីអ្នកដឹកនាំនយោបាយទូទាំងពិភពលោក។ នៅក្នុងការអង្កេតឆ្នាំ២០១៥ ដែលផ្តោតលើចំណេះដឹងផ្នែកវិទ្យាសាស្ត្រ សិង្ហបុរី បានជាប់ចំណាត់ថ្នាក់លេខមួយ ដោយមានសិស្សដល់ទៅ២៤% មានចំណេះដឹងគ្រប់គ្រាន់ និងមានសមត្ថភាពផ្នែកវិទ្យាសាស្ត្រសម្រាប់យកទៅអនុវត្តប្រកបដោយគំនិតច្នៃប្រឌិត និងដោយឯករាជ្យ ក្នុងគ្រប់ស្ថានភាពជាក់ស្តែង ទោះបីក្នុងស្ថានភាពណាក៏ដោយ (ទល់នឹងប្រមាណ៨%នៅក្នុងប្រទេសជាសមាជិកOCDE)។

ប្រទេសជប៉ុនស្ថិតនៅលំដាប់ទីពីរ បន្ទាប់មកគឺអេស្តូនី តៃប៉ិ ហ្វាំងឡង់ ម៉ាកាវ កាណាដា វៀតណាម ហុងកុង ប៉េកាំង សៀងហៃ ហ្វ័ងទុង។ ប្រទេសបារាំងទទួលបានចំណាត់ថ្នាក់មធ្យម ដោយស្ថិតនៅលំដាប់ទី ២៧ ទន្ទឹមអូទ្រីស អាមេរិក និងស៊ុយអែត តែក្រោយអង់គ្លេស អាល្លឺម៉ង់ និងបែលហ្ស៊ិក។

ប៉ុន្តែអង្គការខកចិត្តយ៉ាងខ្លាំង នៅចំពោះមុខសមត្ថភាពរបស់សិស្សជាទូទៅ លើផ្នែកវិទ្យាសាស្ត្រ ថាមានការកើនឡើងសោះ បើប្រៀបទៅនឹងភាពជឿនលឿន បច្ចេកវិទ្យាទំនើប សម័យអ៊ីនធ័រនែត សម័យsmartphone នាពេលបច្ចុប្បន្ន។ អង្គការចង់ឃើញពិភពលោកបណ្តុះចំណេះដឹងវិទ្យាសាស្ត្រ ដែលចាំបាច់ សម្រាប់ជីវិតប្រចាំថ្ងៃ ដូចទទួលទានត្រឹមត្រូវ ចេះគោរពបរិស្ថាន ចេះចោលសម្រាម ស្គាល់ពីផលវិបាកនៃការឡើងកំដៅអាកាសធាតុ … បើតាមលទ្ធផលការអង្កេត មានសិស្សប្រមាណ៣៤% ខ្វះចំណេះដឹងផ្នែកវិទ្យាសាស្ត្រ។ ២០% នៅក្នុងក្រុមប្រទេសOCDE គ្មានចំណេះដឹងវិទ្យាសាស្ត្រគ្រប់គ្រាន់ ដូចដែលអង្គការចង់បានទេ៕

ប្រភព៖ RFI