លោក ធន សារាយ បានធ្វើការងារក្នុងភារកិច្ចគាំពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជាអស់រយៈពេលជិតបីទសវត្សកន្លងមកនេះ។

ភ្នំពេញ —លោក ធន សារាយ ប្រធានសមាគមអាដហុក ដែលជាសមាគមការពារសិទ្ធិមនុស្សដ៏លេចធ្លោមួយក្នុងប្រទេសកម្ពុជា បានទទួលពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស នាទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី១ ខែធ្នូនេះ។

លោក ធន សារាយ គឺជាសកម្មជនសិទ្ធិមនុស្សម្នាក់ក្នុងចំណោមអ្នកការពារសិទ្ធិមនុស្សចំនួន១៦នាក់មកពីប្រទេសនានាជុំវិញពិភពលោកដែលទទួលបានជ័យលាភីអ្នកការពារសិទ្ធិមនុស្សដែលបង្កើតរួមគ្នាដោយរដ្ឋាភិបាលនៃប្រទេសបារាំង និងអាល្លឺម៉ង់ឈ្មោះថា «សិទ្ធិមនុស្សនិងនីតិរដ្ឋ បារាំង -អាល្លឺម៉ង់» (Fronco-German Human Rights Award and Rule of Law)។

នៅខែមេសា ឆ្នាំ២០១៦នេះ រដ្ឋាភិបាលនៃប្រទេសបារាំងនិងអាល្លឺម៉ង់ បានសហការគ្នាបង្កើតពានរង្វាន់សិទ្ធិមនុស្សនេះឡើង ដើម្បីលើកទឹកចិត្តដល់សកម្មជនការពារសិទ្ធិមនុស្សដែលកំពុងប្រឈមមុខនឹងការគំរាមកំហែង និងការរំលោភបំពាននានានៅជុំវិញពិភពលោក។

នៅឆ្នាំទីមួយនេះ មានស្ត្រីនិងបុរសដែលពលីដើម្បីការពារសិទ្ធិមនុស្សចំនួន១៦នាក់មកពីទាំងប្រទេសអភិវឌ្ឍន៍និងកំពុងអភិវឌ្ឍជុំវិញពិភពលោក។

លោក ធន សារាយ បានធ្វើការងារក្នុងភារកិច្ចគាំពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជាអស់រយៈពេលជិតបីទសវត្សកន្លងមកនេះ។ លោក ធន សារាយ បានបង្កើតសមាគមការពារសិទ្ធិមនុស្សអាដហុកនៅឆ្នាំ១៩៩១ ដើម្បីឃ្លាំមើលស្ថានភាពសិទ្ធិមនុស្ស សិទ្ធិស្ត្រីនិងកុមារ និងការរំលោភបំពានដីធ្លីនិងសិទ្ធិលំនៅឋាន ហើយនិងគម្រោងលើកស្ទួយការយល់ដឹងស្ដីអំពីសិទ្ធិមនុស្សមូលដ្ឋានដល់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលនានានៅទូទាំងប្រទេសផងដែរ។

លោក ធន សារាយ ក៏ធ្លាប់ជាប់ពន្ធនាគារអស់រយៈពេលជាច្រើនឆ្នាំនៅសម័យរដ្ឋកម្ពុជា និងធ្លាប់ទទួលការគំរាមកំហែងជាច្រើនលើកច្រើនសារពីសំណាក់អាជ្ញាធរ ខណៈពេលលោកបំពេញភារកិច្ចការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។

លោក ឡោ ច័ន្ទ អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះវិហារដែលធ្លាប់ត្រូវបានអាជ្ញាធរខេត្តនេះចាប់ឃាត់ខ្លួន ពេលលោកបំពេញការងារតស៊ូមតិពាក់ព័ន្ធបញ្ហាជម្លោះដីធ្លី បានអបអរសាទរប្រធានរបស់លោកដែលទទួលបានពានរង្វាន់អ្នកការពារសិទ្ធិមនុស្សនេះ។

លោកថា លោក ធន សារាយ ស័ក្ដិសមនឹងទទួលបានពានរង្វាន់នេះដោយសារ លោកបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តផ្ទាល់ខ្លួនដើម្បីលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជាអស់រយៈពេលជិតបីទសវត្សមកហើយ។

«លោកប្រធានមិនដែលព្រួយបារម្ភមិនដែលគិតពីសុវត្ថិភាពរបស់លោកប្រធានគឺដើម្បីឲ្យសង្គមមួយទទួលបានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះ គឺលោកតែងតែមានកិច្ចប្រឈមខាងមន្ត្រីរដ្ឋាភិបាលមួយចំនួន។ តែទោះបីលោកប្រធានប្រឈមក្ដី លោកប្រធានតែងតែលះបង់»។

អ្នកឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សដ៏សកម្មមកពីអង្គការលីកាដូគឺលោក អំ សំអាត ដែលត្រូវបានសមត្ថកិច្ចប្រើអំពើហិង្សាបង្កឲ្យលោកមានរបួសកាលពីថ្ងៃទី១០ខែតុលាកន្លងទៅនេះ ខណៈពេលលោកកំពុងឃ្លាំមើលការតវ៉ារបស់ប្រជាពលរដ្ឋដើម្បីឲ្យដោះលែងបុគ្គលិកសិទ្ធិមនុស្សសមាគមអាដហុកចំនួន៥រូបដែលក្នុងនោះមានមួយរូបជាស្ត្រីនិងបុគ្គលិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប សម្តែងការត្រេកអរចំពោះសកម្មជនសិទ្ធិមនុស្សលោក ធន សារាយ ដែលបានទទួលពានរង្វាន់នេះ។

លោក អំ សំអាត ប្រាប់ VOA ថា ពានរង្វាន់នេះគឺជាការលើកទឹកចិត្តដល់អ្នកការពារសិទ្ធិមនុស្សនៅកម្ពុជាដទៃទៀត ដើម្បីបន្តបេសកកម្មការពារនិងលើកស្ទួយសិទ្ធិមនុស្ស ។

លោកបង្ហាញការបារម្ភរបស់លោកចំពោះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថា ប្រទេសនេះនៅតែជាប្រទេសមួយដែលអ្នកការពារសិទ្ធិមនុស្សទទួលការគំរាមកំហែង និងការចាប់ឃុំខ្លួន ដោយសារពួកគេខិតខំប្រឹងប្រែងបំពេញការងារដើម្បីលទ្ធិប្រជាធិបតេយ្យ។

«អ្នកការពារសិទ្ធិមនុស្ស ត្រូវប្រឈមមុខជាច្រើន។ យើងដឹងហើយមានការចាប់ខ្លួន ធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការជាដើម ហើយមានការប្រើប្រាស់អំពើហិង្សាជាបន្តបន្ទាប់ផងដែរ។ រឿងនេះយើងឃើញថា សភាពការណ៍ចុងក្រោយ ស្ថានភាពនយោបាយ វាតានតឹងធ្វើឲ្យការរំលោភសិទ្ធិមនុស្សវាធ្លាក់ចុះ»។

នៅក្នុងចំណោមអ្នកទទួលពានរង្វាន់ទាំង១៦នាក់នោះ រួមមានអ្នកតស៊ូមតិផ្នែកសិទ្ធិស្ត្រីនៅប្រទេសឥណ្ឌាឈ្មោះនាង Sunitha Krishnan ដែលបានធ្វើការប្រយុទ្ធប្រឆាំងនឹងពេស្យាចារ និងការជួញដូរមនុស្សក្នុងប្រទេសឥណ្ឌា និងលោកស្រី Jacqueline Moudeïna មេធាវីនិងជាសកម្មជនមកពីប្រទេស ឆាដ (Chad)។

លោកស្រី Jacqueline Moudeïna បានខិតខំប្រឹងប្រែងទាមទាររកយុត្តិធម៌រហូតធ្វើឲ្យប្រធានាធិបតី លោក Hissène Habré ដែលងប់នឹងអំណាចត្រូវធ្លាក់ពីតំណែងនៅខែឧសភា ឆ្នាំ២០១៦នេះ។ ប្រធានាធិបតីរូបនេះបានទទួលការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទរំលោភ និងអំពើទាសភាពផ្សេងទៀត។ ក្រៅពីនេះ មានអ្នកទទួលពានរង្វាន់ដទៃទៀត ដែលមកពីប្រទេសចំនួន១៦ផ្សេងគ្នារួមមានប្រទេសបង់ក្លាដេស បេឡារូស អ៊ីតាលី ប្រទេសចិនជាដើម។

នៅថ្ងៃទី២៤ ខែតុលាកន្លងទៅនេះលោក ធន សារាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកោះហៅសាកសួរ ពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវផ្លូវភេទដែលគេចោទប្រកាន់រវាងអនុប្រធានបក្សប្រឆាំងលោក កឹម សុខា និងនារីកាត់សក់ម្នាក់។

ប៉ុន្តែ លោក សារាយ មិនបានបង្ហាញខ្លួនទេ ដោយសារលោកត្រូវបានរាយការណ៍ថាមានបេសកកម្មទៅប្រទេសក្រៅអស់រយៈពេលជាច្រើនខែមកហើយនេះ។

ក្រៅពីការងារជាប្រធានសមាគម អាដហុក លោក ធន សារាយ ក៏ជាប្រធានគណៈកម្មាធិការនាយកនៃអង្គការអង្កេតការការបោះឆ្នោតក្នុងស្រុកមួយហៅកាត់ថាខុមហ្រ្វែលផងដែរ៕

ប្រភព៖ VOA