លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថានឹងប្ដូរទីតាំងទីលានប្រជាធិបតេយ្យទៅដាក់នៅជាយក្រុងវិញ ឬនៅមុខស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដោយត្រូវយកទីតាំងចាស់សព្វថ្ងៃធ្វើជាកន្លែងពាណិជ្ជកម្ម និងសួនច្បារសាធារណៈ។ សង្គមស៊ីវិលធ្វើការងារផ្នែកការពារសិទ្ធិមនុស្ស យល់ថា ការប្ដូរទីតាំងនេះព្រោះរដ្ឋាភិបាលខ្លាចបាតុកម្ម។

ដោយយល់ថាទីលានប្រជាធិបតេយ្យជាកន្លែងរញ៉េរញ៉ៃនៅពេលមានបាតុកម្មនោះ ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន សម្រេចប្ដូរទីតាំងកន្លែងបញ្ចេញមតិ និងទាមទារសិទ្ធិសេរីភាពមួយនេះចេញពីកណ្ដាលក្រុង។

លោក ហ៊ុន សែន ផ្តល់ជម្រើសពីរ ដើម្បីធ្វើទីលានប្រជាធិបតេយ្យថ្មី។ ទីតាំងទីមួយ លោកថ្លែងឌឺដងថា មុខស្ថានទូតសហរដ្ឋអាមេរិក ព្រោះអាមេរិកគាំទ្របាតុកម្ម។ ទីតាំងទីពីរ ប្ដូរទៅផ្លូវជាតិលេខ៥ ម្តុំគីឡូម៉ែត្រលេខ៦៖ «យើងធ្វើខុសហើយ តំបន់នេះទាក់ទងទីតាំងប្រវត្តិសាស្ត្រ បើមានរឿងអី អ្នកណាមកទេសចរណ៍វត្តភ្នំ។ ចឹងយកទៅក្រៅទៅ បើមិនពេញចិត្តទេ លើកទៅដាក់មុខស្ថានទូតអាមេរិកទៅ»។

លោក ហ៊ុន សែន ថ្លែងដូចនេះក្នុងពិធីអបអរសាទរទិវាជនពិការកម្ពុជា និងទិវាជនពិការអន្តរជាតិ ថ្ងៃទី៦ ធ្នូ។

ទាក់ទងរឿងនេះដែរ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ឲ្យអាស៊ីសេរីដឹងថា សាលាក្រុងនឹងដាក់សំណើទៅក្រសួងមហាផ្ទៃ ក្នុងពេលឆាប់ៗនេះពីការផ្លាស់ប្ដូរទីតាំងទីលានប្រជាធិបតេយ្យ។ លោកបញ្ជាក់ដែរថា សាលាក្រុងមិនបានស្នើសុំធ្វើទីតាំងទីលានប្រជាធិបតេយ្យថ្មីមុខស្ថានទូតអាមេរិកនោះទេ។

លោកថា ទីតាំងថ្មីស្ថិតនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ សួនគីឡូម៉ែត្រលេខ៦ ទល់ហ្គារ៉ាស់សាំងសូគីម៉ិច (SOKIMEX) ដែលមានផ្ទៃដីជាង ២ម៉ឺនម៉ែត្រការ៉េ។

ប្រធានអង្គការវេទិកាអនាគត និងជាអ្នកឃ្លាំ មើលស្ថានការណ៍នយោបាយ លោក អ៊ូ វីរៈ គាំទ្រគំនិតលោក ហ៊ុន សែន ដែលចង់ឲ្យធ្វើទីលានប្រជាធិបតេយ្យមុខស្ថានទូតសហរដ្ឋអាមេរិក ប៉ុន្តែលោកគ្មានជំនឿថា លោក ហ៊ុន សែន ចិត្តសឿងហ៊ានធ្វើទីតាំងដែលអំណោយផលដល់ការជួបជុំនេះទេ។ លោក អ៊ូ វីរៈ យល់ថា ការផ្លាស់ប្ដូរទីតាំងនេះអាចមកពីរដ្ឋាភិបាលរងសម្ពាធពីក្រុមអ្នកវិនិយោគ ព្រោះទីតាំងទីលានប្រជាធិបតេយ្យសព្វថ្ងៃ ហ៊ុមព័ទ្ធដោយអគារពាណិជ្ជកម្មខ្ពស់ៗ៖ «អាចមូលហេតុប៉ះពាល់អ្នករកស៊ីជាងតាមមើលទៅ ព្រោះអគារធំៗនៅទីនោះចាប់ផ្ដើមមានច្រើន គាត់អាចដាក់សម្ពាធទៅរដ្ឋាភិបាល»។

ដោយឡែកអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក ជេ រ៉ាម៉េន (Jay Raman) ប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិក ឬអ៊ីមែល (E-mail) ថា ស្ថានទូតសហរដ្ឋអាមេរិក បានដឹងពីអ្វីដែលលោក ហ៊ុន សែន លើកឡើងហើយ ប៉ុន្តែលោកថា ស្ថានទូតសហរដ្ឋអាមេរិក មិនមានការឆ្លើយតបផ្លូវការចំពោះបញ្ហានេះនោះទេ។

ទីលានប្រជាធិបតេយ្យដែលមានទីតាំងនៅក្បែរវត្តភ្នំ ខាងលិចស្ពាននាគ លាតសន្ធឹងលើផ្ទៃដីដែលមានទំហំទទឹង ៥៥ម៉ែត្រ និងបណ្ដោយ ១៩៨ម៉ែត្រ។ ទីលាននេះត្រូវបានប្រកាសឲ្យប្រើប្រាស់កាលពីឆ្នាំ២០១០ ដោយអតីតអភិបាលក្រុង លោក កែប ជុតិមា។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក សំ ច័ន្ទគា ឲ្យអាស៊ីសេរីដឹងថា ការផ្លាស់ប្ដូរទីតាំងទីលានប្រជាធិបតេយ្យចេញក្រៅក្រុង គ្មានន័យអ្វីចំពោះអ្នកទាមទារតវ៉ាឡើយ ព្រោះគ្មានមន្ត្រី និងក្រសួងស្ថាប័នចាប់អារម្មណ៍។ លោកយល់ថា ការលើកទីលានប្រជាធិបតេយ្យទៅឆ្ងាយដូចនេះ គឺរឹតតែធ្វើឲ្យមានបញ្ហាស្មុគស្មាញ និងបង្កការកកស្ទះចរាចរណ៍ថែមទៀត ដោយហេតុថា បើពលរដ្ឋទាមទារនៅទីលានប្រជាធិបតេយ្យថ្មីមិនបានជោគជ័យ ពួកគេនឹងដង្ហែក្បួនមកទាមទារនៅក្នុងក្រុង ដូចជានៅមុខរដ្ឋសភា ឬនៅមុខផ្ទះនាយករដ្ឋមន្ត្រី៖ «រឿងហ្នឹងបើគាត់ (រដ្ឋាភិបាល) យល់ឃើញចឹង ខ្ញុំមិនដឹងថាម៉េចទេ? ខ្ញុំប្រជារាស្ត្រ»។

អ្នកលក់រថយន្តនៅក្បែរទីលានប្រជាធិបតេយ្យ លោក កែម ស៊ុយ យល់ថា ការសម្រេចផ្លាស់ប្ដូរទីតាំងនេះ ជាសិទ្ធិ និងការសម្រេចចិត្តរបស់រដ្ឋាភិបាល៖ «អត់សូវចាប់អារម្មណ៍ទេបាតុកម្មនៅក្នុងព្រៃ បាតុកម្មទៅ បើនៅជិតនេះ គាត់ប្រញាប់ប្រញាល់ទៅយកញត្តិ»។

មាត្រា២៨ នៃច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធី ដែលប្រកាសឲ្យអនុវត្តកាលពីខែធ្នូ ឆ្នាំ២០០៩ បានចែងថា អាជ្ញាធររាជធានី និងខេត្តនីមួយៗ ត្រូវបង្កើតកន្លែងបញ្ចេញមតិជាសាធារណៈ។ ប៉ុន្តែទោះច្បាប់នេះត្រូវបានរដ្ឋសភាអនុម័តរហូតមកដល់ពេលនេះ ក្រៅពីរាជធានីភ្នំពេញ បណ្ដាខេត្តផ្សេងៗទៀតមិនទាន់ឃើញបង្កើតទីលានប្រជាធិបតេយ្យនៅឡើយទេ។

ទាក់ទងរឿងនេះដែរ ប្រធានអង្គការវេទិកាអនាគត លោក អ៊ូ វីរៈ យល់ថា រដ្ឋសភាគួរកោះហៅមន្រ្តីរដ្ឋាភិបាលមកបំភ្លឺពីការដែលមិនអាចអនុវត្តច្បាប់នេះបាន៕

ប្រភព៖ RFA