គ្រោះថ្នាក់ធ្លាក់យន្តហោះដ៏រន្ធត់មួយបានកើតឡើងនៅក្នុងប្រទេសកូឡុំប៊ី កាលពីពេលកន្លងទៅថ្មៗនេះ ដែលបានឆក់យកជីវិតក្រុមកីឡាករបាល់ទាត់ប្រស៊ីល និងក្រុមអាកាសយានិក ស្ទើរគ្មានសល់សរុបប្រមាណ ៧៦ នាក់ នៃមនុស្សទាំងអស់ចំនួន ៨១ នាក់ បានធ្វើឲ្យពិភពលោកទាំងសោកសង្រេងយ៉ាងខ្លាំង ។

យ៉ាងណាមិញ ករណីនេះផងដែរ ត្រូវបានគ្រូទាយជនជាតិប្រេស៊ីលម្នាក់ឈ្មោះ Carlinhos បានធ្វើការទស្សន៍ទាយថា នឹងមានគ្រោះថ្នាក់យន្តហោះដ៏រន្ធត់កើតឡើង ជាប់ពាក់ព័ន្ធនឹងក្រុមបាល់ទាត់ Chapecoense ។

គួរបញ្ជាក់ថា លោក Carlinhos ត្រូវបានដឹងថា បានធ្វើការទស្សន៍ទាយជម្រើសជាតិប្រេស៊ីលនឹងចាញ់ជម្រើសជាតិអាល្លឺម៉ង់ ៧ ទល់នឹង ១ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងការប្រកួតបាល់ទាត់ពិភពលោកជាប្រវត្តិសាស្ត្រនេះ ហើយគាត់ក៏បានអះអាងផងដែរថា Neymar នឹងប្រឈមនឹងមុខរបួសផងដែរ ។

ខ្សែវីដេអូឃ្លីប ដែលផុសនៅលើបណ្តាញសង្គម នាពេលនេះ បានបង្ហាញឲ្យឃើញលោក Carlinhos ធ្វើការទស្សន៍ទាយអំពីសោកនាដកម្មនេះ នៅក្នុងខែមីនា ។

ឃ្លីបវីដេអូបានបង្ហាញគាត់និយាយថាៈ «ក្រុមកីឡាករបាល់ទាត់ទាំងអស់ នឹងត្រូវស្លាប់នៅក្នុងគ្រោះថ្នាក់យន្តហោះមួយ ។ ខ្ញុំបានធ្វើការកត់ចំណាំនូវអ្វីដែលគាត់និយាយ គឺថារឿងនេះនឹងកើតឡើងនៅក្នុងឆ្នាំនេះ» ។

នៅពេលសួរថា តើក្រុមនោះជារបស់ប្រស៊ីល ? គាត់មិនអាចឆ្លើយបានទេ ។

គួរបញ្ជាក់ផងដែរថា គ្រូទាយវ័យ ៥៣ ឆ្នាំ រូបនេះ ដែលមានឈ្មោះពិត José Ferreira dos Santos Carlinhos បានចាប់ផ្តើមល្បីល្បាញនៅក្នុងឆ្នាំ ២០១៤ បន្ទាប់ពីធ្វើការទស្សន៍ទាយលទ្ធផលនៃការប្រកួតបាល់ទាត់ពិភពលោក ៕