រង្វាន់ជ័យលាភី Rising Star Award ត្រូវបានប្រគល់ជូន កញ្ញា ខែក ខេមរ៉ាត នាយិកា និងជាស្ថាបនិកក្រុមហ៊ុន ប្ល៊ូ មេឌា ហ្វីម ខេមបូឌា ក្នុងវេទិកាអ្នកដឹកនាំស្ត្រីវ័យក្មេងនៃកិច្ចប្រជុំកំពូល Caixin លើកទី៧ ក្នុងទីក្រុងប៉េកាំង ប្រទេសចិនកាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០១៦។

ការងារជាអ្នកកាសែត និងការចូលរួមក្នុងក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ រួមទាំងការបង្កើតជំនួញដែលមានការទទួលខុសត្រូវផ្នែកសង្គម គឺជាលក្ខណៈវិនិច្ឆ័យនៃការផ្តល់ពានរង្វាន់ដល់កញ្ញា ខែក ខេមរ៉ាត។

ឆ្លើយតបទៅនឹងសំនួរនៅក្នុងកិច្ចប្រជុំកំពូល Caixin កញ្ញា ខេមរ៉ាត បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាមានការបើកទូលាយ និងមានការអភិវឌ្ឍជាលំដាប់។ ជ័យលាភីដដែលបបញ្ជាក់ថា ទោះយ៉ាងណាក៏ដោយ វិស័យប្រព័ន្ធផ្សព្វផ្សាយកម្ពុជាត្រូវការជាចាំបាច់ត្រូវការការវិនិយោគបន្ថែមទៅលើផ្នែកធនធានមនុស្ស ក៏ដូចជាថវិកា ព្រមទាំងការសហការពីអ្នកវិនិយោគនៅក្រៅប្រទេសផងដែរ។

លោកស្រីបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងវេទិការអ្នកដឹកនាំស្ត្រីវ័យក្មេងយ៉ាងដូច្នេះ៖«ការទទួលបានពានរង្វាន់នេះ គឺជាកិត្តិយសមួយសម្រាប់ខ្ញុំ ប៉ុន្តែវាក៏ជាកិត្តិយសរបស់កម្ពុជាដែរ។ ពានរង្វាន់នេះ នឹងលើកទឹកចិត្តលោកស្រី ក៏ដូចជានារីខ្មែរទាំងអស់ដូចគ្នាដែរ»។ កញ្ញា ខេមរ៉ាត បាននិយាយលើកទឹកចិត្តស្ត្រីគ្រប់រូប ឲ្យខិតខំប្រឹងប្រែងដើម្បី សម្រេចគោលដៅដែលខ្លួនចង់បាន។

ពានរង្វាន់នានាដែលត្រូវបានប្រគល់ក្នុងវេទិកាអ្នកដឹកនាំស្ត្រីវ័យក្មេង នៃកិច្ចប្រជុំកំពូល Caixin លើកទី៧នេះ រួមមានពានរង្វាន់ស្ត្រីលេចធ្លោ (Outstanding Women Award) និងពានរង្វាន់ជ័យលាភី Rising Star Award។ សម្រាប់ថ្នាក់ពានរង្វាន់ Rising Star Awardនេះ កញ្ញា ខេមរ៉ាត គឺជាជ័យលាភីមួយរូប ក្នុងចំណោមស្ត្រី៦រូបផ្សេងទៀតដែលពួកគេជាអ្នកជំនួញស្ត្រី និងជាបុគ្គលឆ្នើមមកពីស្ថាប័នល្បីៗនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន ក៏ដូចជាវត្តមានរបស់អតីតតារាភាពយន្តល្បីរបស់ចិនផងដែរ។

គួរបញ្ជាក់ផងដែរថាCaixin គឺជាប្រព័ន្ឋផ្សព្វផ្សាយធំមួយរបស់ប្រទេសចិនដែលផ្តោតសំខាន់លើមុខជំនួញនិងនយោបាយ។ វេទិកានេះ គឺជាព្រឹត្តិការណ៍ទីមួយដែលផ្តល់ពានរង្វាន់ជ័យលាភីដល់ស្ត្រីឆ្នើម និងលេចធ្លោក្នុងវិស័យនានា ដែលពួកគេបានចូលរួមចំណែកក្នុងការអភិវឌ្ឍលើកិច្ចការងារសង្គម ការងារមនុស្សធម៌ យេនឌ័រ និងប្រព័ន្ធផ្សព្វផ្សាយជាដើម៕

ប្រភព៖ ថ្មីៗ