ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នឹងបំពេញទស្សនកិច្ចផ្លូវការលើកដំបូងមកកាន់កម្ពុជារយៈពេលពីរថ្ងៃនាសប្តាហ៍ក្រោយនេះ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី ក៏នឹងជួបសំណេះសំណាលជាមួយនឹងសហគមន៍ហ្វីលីពីននៅកម្ពុជាផងដែរ។

បើមិនមានការប្រែប្រួលនោះទេ នៅថ្ងៃទី១៣-១៤ ខែធ្នូខាងមុខដ៏ខ្លីនេះ លោកប្រធានាធិបតីថ្មីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌើទើតេ (Rodrigo Duterte) នឹងបំពេញទស្សនកិច្ចផ្លូវការមកកាន់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់មន្ត្រីស្ថានទូតហ្វីលីពីនប្រចាំកម្ពុជាជាមួយនឹងសារព័ត៌មានថ្មីៗនៅថ្ងៃទី៧ ខែធ្នូនេះ។

តាមការអះអាងរបស់មន្ត្រីស្ថានទូតដដែលនោះ លោកប្រធានាធិបតី ឌើទើតេ ដែលមានរហ័សនាមថាជា«អ្នកដាក់ទណ្ឌកម្មហ្វីលីពីន»រូបនេះ នឹងជួបសំណេះសំណាលជាមួយនឹងសហគមន៍ហ្វីលីពីននៅកម្ពុជានៅថ្ងៃទី១៣ ខែធ្នូ នៅសណ្ឋាគារ Sofitel។

តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ដែលបានដឹងពីដំណឹងនេះ បានអះអាងថា កម្ពុជាកំពុងរៀបចំដំណើរទស្សនកិច្ចជូនប្រធានាធិបតីហ្វីលីពីនហើយ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ពីថ្ងៃបរិច្ឆេទឲ្យបានច្បាស់នោះទេ ដោយរង់ចាំការប្រមូលព័ត៌មានលម្អិតបន្ថែមពីភាគីហ្វីលីពីនសិន។

ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ជុំ សុន្ទរី បានបញ្ជាក់ដូច្នេះថា៖«យើងកំពុងរៀបចំដំណើរទស្សនកិច្ចនេះ។ តែរង់ចាំព័ត៌មានបញ្ជាក់បន្ថែមពីខាងហ្វីលីពីនសិនថា តើដំណើរទស្សនកិច្ចនេះនឹងត្រូវរៀបចំជួបជាមួយថ្នាក់ដឹកនាំណាខ្លះ ព្រោះនេះជាដំណើរទស្សនកិច្ចប្រមុខរដ្ឋ ដែលជាប្រទេសជាមិត្តយើង។ ហើយយើងរង់ចាំប្រមូលព័ត៌មានឲ្យបានច្បាស់សិន ទើបចេញផ្សាយដំណឹងនេះតាមក្រោយ»។

សូមជម្រាបផងដែរ លោក រ៉ូឌ្រីហ្គូ ឌើទើតេ បានឡើងកាន់អំណាចជាប្រធានាធិបតីហ្វីលីពីនថ្មីនៅថ្ងៃទី៣០ ខែមិថុនា កន្លងទៅ។ គិតចាប់ពីការឡើងអំណាចមក លោកបានបំពេញទស្សនកិច្ចទៅកាន់បណ្តាប្រទេសមិត្តអាស៊ានដូចជា ឡាវ ឥណ្ឌូនេស៊ី ព្រុយណេ វៀតណាម និង ម៉ាឡេស៊ី ហើយកម្ពុជា គឺជាប្រទេសទីប្រាំមួយហើយ ដែលលោក នឹងត្រូវបំពេញទស្សនកិច្ចនៅក្នុងតំបន់អាស៊ាននោះ។

ទោះបីជា លោកប្រធានាធិបតីហ្វីលីពីន រូបនេះ មិនធ្លាប់បំពេញទស្សនកិច្ចផ្លូវការមកកាន់កម្ពុជាក៏ដោយ លោក ក៏ធា្លប់បានជួបជាមួយនឹងប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន ក្នុងពេលកិច្ចប្រជុំកំពូលអាស៊ានដែលប្រព្រឹត្តឡើងក្នុងក្រុងវៀងចន្ទន៍នៃប្រទេសឡាវកន្លងទៅផងដែរ។

ជាងនេះទៅទៀតនោះ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ក៏ធា្លប់ប្រៀបធៀបភាពស្រដៀងគ្នារបស់សម្តេចជាមួយនឹងលោកប្រធានាធិបតីហ្វីលីពីនរូបនេះ។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យបញ្ញាជាតិនៅវិទ្យាស្ថានជាតិអប់រំនៅថ្ងៃទី១៩ ខែកញ្ញាកន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានបញ្ជាក់អំពីអត្តចរិតរបស់សម្តេចដូចលោកប្រធានាធិបតីហ្វីលីពីនយ៉ាងនេះថា៖« ខ្ញុំមិនធ្វើដល់ថ្នាក់ប្រធានាធិបតីហ្វីលីពីននោះទេ។ តែខ្ញុំជាមួយប្រធានាធិបតីហ្វីលីពីនត្រូវគ្នាណាស់។ ខ្ញុំថា យើងចរិតដូចគ្នា»៕

ប្រភព៖ ថ្មីៗ