តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ កាលពីសប្តាហ៍មុន បានអញ្ជើញរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង មកឆ្លើយបំភ្លឺផ្ទាល់មាត់នៅ វិមានរដ្ឋសភា ថ្ងៃព្រហស្បតិ៍ (សប្តាហ៍ណាក៏បាន)។ បើតាមលិខិតរដ្ឋសភា ចុះថ្ងៃទី០១ ធ្នូ ផ្ញើជូន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ ប្រធានរដ្ឋសភា លោក ហេង សំរិន បក្សសង្គ្រោះជាតិ បានស្នើឲ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បំភ្លឺនូវសំណួរគោលមួយចំនួន រាប់បញ្ចូល ការលក់មន្ទីរពេទ្យ និងមន្ទីរពេទ្យបង្អែកមួយចំនួន នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ផែនការធានាបន្តនិរន្តរភាពនៃមន្ទីរពេទ្យកុមារគន្ធបុប្ផា និងការបាត់ប្រាក់ជំនួយរបស់ Global Fund ទិញមុងការពារជំងឺគ្រុនចាញ់ជាដើម។ មន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ បញ្ជាក់ថា ការជជីករឿងពុករលួយរបស់មន្ត្រីសុខាភិបាល លើមូលនិធិ Global Fund តាំងពីឆ្នាំ២០១៣ របស់ បក្សប្រឆាំង គឺដោយសារបីឆ្នាំហើយ រដ្ឋាភិបាលនៅតែ គ្មានវិធានការណ៍ដាក់ទណ្ឌកម្ម ពិន័យ លើអ្នកទទួលខុសត្រូវ។

ជាងបីឆ្នាំមុន ពោលគឺថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ មូលនិធិពិភពលោក (Global Fund) បានចេញរបាយការណ៍ស៊ើបអង្កេតមួយ ដែលបង្ហាញពី អំពើពុករលួយរបស់ មន្ត្រីសុខាភិបាលកម្ពុជា ក្នុងការប្រើប្រាស់មូលនិធិ ដើម្បីប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ជំងឺអេដស៍និងជំងឺឆ្លងផ្សេងៗទៀត។ របាយការណ៍ជា ភាសាអង់គ្លេស មានកម្រាស់ ៨៣ ទំព័រ បានរកឃើញថា មន្ត្រីសុខាភិបាលកម្ពុជា បានទទួលប្រាក់សំណូក និងអំណោយជាង ៤០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ពីក្រុមហ៊ុនផ្គត់ផ្គង់មុង ឈ្មោះ វេសតើហ្គាត ហ្វ្រេនសិន (Vestergaard Frandsen) ដែលមានទីតាំងនៅ ប្រទេសស្វីស និងក្រុមហ៊ុនសាំមិតូមូ ឆឺមីខល (Sumitomo Chemical) ដែលមានទីតាំងនៅប្រទេសសិង្ហបុរី។ កាលនោះ អតីតប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ បាណកសាស្ត្រ លោក ឌួង សុជាតិ រងការចោទថា បានទទួលប្រាក់សគុណជិត ៤១ ម៉ឺនដុល្លារ ពីក្រុមហ៊ុនផ្គត់ផ្គង់មុង ជាថ្នូរនឹងកិច្ចសន្យាជាមួយក្រសួងសុខាភិបាលកម្ពុជា ឬប្រព្រឹត្តអំពើពុករលួយក្នុងដំណើរការដេញថ្លៃ ក្រោមមូលនិធិជំនួយរបស់អង្គការមូលនិធិសកល (Global Fund) ដើម្បីប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់។

Loading...

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ធ្លាប់បានបកស្រាយថា ក្រសួងរបស់លោក មិនពាក់ព័ន្ធនឹងបញ្ហានេះទេ ដោយសារតែ មូលនិធិពិភពលោក មិនមែនស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ពី ក្រសួងសុខាភិបាលកម្ពុជា។ ចំណែក ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ក៏បានចាត់វិធានការលើ សំណុំរឿងពុករលួយកឹបកេងប្រាក់របស់ Global Fund នៅក្នុងវិស័យសុខាភិបាល ហើយបញ្ជាក់ថា មន្ត្រីដែលពាក់ព័ន្ធ កំពុងសងប្រាក់ជាបណ្តើរៗទៅម្ចាស់ជំនួយវិញ។ ប៉ុន្តែ គ្មានមន្ត្រីសុខាភិបាលណាម្នាក់ ត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយ ចោទប្រកាន់តាមផ្លូវច្បាប់នោះទេ។ នៅដើមខែមករា ឆ្នាំ២០១៥ មន្ត្រី មូលនិធិសកល បញ្ជាក់ថា ខ្លួនបានទទួលចំណែកបង់ប្រាក់ពី មជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) និងអង្គការ MEDiCAM ប៉ុន្តែរង់ចាំការសហការពី មជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ (CNM)បន្ថែមទៀត។

បីឆ្នាំក្រោយមក គណបក្សសង្គ្រោះជាតិ នៅតែមិនអស់ចិត្ត បានគាស់កកាយយករឿងពុករលួយដ៏ធំក្នុងវិស័យសុខាភិបាលកម្ពុជា និងមូលនិធិពិភពលោក ( Global Fund ) នេះ មកចោទសួរ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឡើងវិញ។ មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ លោក សុន ឆៃ បានបញ្ជាក់ប្រាប់វិទ្យុបារាំងថា មកទល់នឹងថ្ងៃពុធនេះ លោកមិនទាន់បានទទួលដំណឹងពីការចូលឆ្លើយបំភ្លឺរបស់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅឡើយទេ ខណៈលិខិតរដ្ឋសភា បានទៅដល់ទីស្តីការគណៈរដ្ឋមន្ត្រីរួចរាល់ហើយ។ លោកបន្ថែមថា បក្សសង្គ្រោះជាតិ មិនបានកំណត់ថ្ងៃចូលបំភ្លឺជាក់លាក់ឡើយ តែបម្រុងទុកថ្ងៃព្រហស្បតិ៍ណាមួយ ដើម្បីរងចាំការបំភ្លឺ។ បក្សសង្គ្រោះជាតិ មិនសុខចិត្ត ចំពោះចម្លើយរបស់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលធ្លាប់ឆ្លើយបំភ្លឺម្តងហើយកាលពីឆ្នាំ២០១៥ថា មិនមែនជាការទទួលខុសត្រូវ ក្រសួងសុខាភិបាល ហើយក៏គ្មានទណ្ឌកម្ម ឬវិធានការណ៍ទៅលើមន្ត្រី សុខាភិបាល ដែលលួចបំបាត់ប្រាក់មូលនិធិ Global Fund នៅឡើយ។

គួរជម្រាបថា តាមលិខិតរដ្ឋសភា ចុះថ្ងៃទី០១ ធ្នូ ឆ្នាំ២០១៦ ផ្ញើជូន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ ប្រធានរដ្ឋសភា លោក ហេង សំរិន តំណាងរាស្ត្របក្សសង្គ្រោះជាតិ បានស្នើឲ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ត្រូវពន្យល់ផ្ទាល់ម៉ាត់ ទៅកាន់សមាជិក រដ្ឋសភា នៅថ្ងៃព្រហស្បតិ៍ណាមួយ ពាក់ព័ន្ធនឹង ការបាត់ប្រាក់ជំនួយរបស់ Global Fund ទិញមុងការពារជំងឺគ្រុនចាញ់ ការគ្រប់គ្រងមន្ទីរពេទ្យឯកជន និងរថយន្តសង្គ្រោះបន្ទាន់ កិច្ចការពារជនរងគ្រោះពីកំហុសគ្រូពេទ្យ និងការកេងប្រវ័ញ្ច ការលក់មន្ទីរពេទ្យ និងមន្ទីរពេទ្យបង្អែកមួយចំនួន នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ព្រមទាំង ផែនការធានាបន្តនិរន្តរភាពនៃមន្ទីរពេទ្យកុមារគន្ធបុប្ផា ជាដើម៕

ប្រភព៖ RFI