ខេត្តកណ្តាល ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀន៥នាក់ត្រូវបាននគរបាលស្រុកកោះធំធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ក្រោយធ្វើការស្រាវជ្រាវអស់ពេល១២ថ្ងៃ និងធ្វើការដកហូតថ្នាំញៀន១០៦ កញ្ចប់ផងដែរ ហេតុការឃាត់ខ្លួននេះកើតឡើងកាលពីថ្ងៃទី៨ខែធ្នូ ឆ្នាំ២០១៦ ក្នុងបរិវេណវត្តពោធិ៍រាម្មា ភូមិប្រធាតុ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនសង្ស័យទី ១/-ឈ្មោះ ថូ ភារម្យ (ហៅ ព្រំ) ភេទ ប្រុស អាយុ ២៩ ឆ្នាំ មានមុខរបរមិនពិតប្រាកដទីលំនៅ ភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ធ្លាប់ជាប់ពន្ធនាគារ២ដង។ ទី២/-ឈ្មោះ ឡេង ឡឹង ភេទ ប្រុស អាយុ ២៩ ឆ្នាំ មានមុខរបរជាកម្មកររស់នៅនៅ ភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ទី៣/-ឈ្មោះ អ៊ុំ សំណាង ភេទ ប្រុស អាយុ ២៦ ឆ្នាំមានមុខរបរជាកម្មករមានទីលំនៅ ភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ទី៤/-ឈ្មោះ លាភ សុផល ភេទ ប្រុស អាយុ ២០ ឆ្នាំ រស់នៅ ភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ទី៥/-ឈ្មោះ ផាន ភ័ណ្ឌ ភេទ ប្រុស អាយុ ២១ ឆ្នាំមានមុខរបរជាកម្មករទីលំនៅ ភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

លោក ឈឿន ឆន អធិការនគរបាលស្រុកកោះធំបានឲ្យដឹងថា ក្រោយពីទទួលបានពត៌មានមុខសញ្ញាជួញដូរគ្រឿងញៀនបំរុងធ្វើសកម្មភាពនោះ កម្លាំងរបស់លោកបានចុះស្រាវជ្រាវអង្កេតអស់រយៈពេលប្រមាណ ១២ ថ្ងៃទើបដឹងថា មុខសញ្ញាជាជនទើបចេញពីពន្ធនាគារអំឡុងខែតុលា ឆ្នាំ ២០១៦ ទើបនៅវេលាម៉ោង ១៤ៈ៣០នាទី កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកោះធំចុះបង្ក្រាបបានម្នាក់ឈ្មោះ ឡេង ឡឹង រួមជាមួយគ្រឿងញៀនជាប់ខ្លួនចំនួន ១៩ កញ្ចប់តូច (ប្រភេទម៉ាទឹកកក) នៅជាប់នឹងខ្លួនជនសង្ស័យ ។

តាមការសាកសួរបឋម ជនសង្ស័យ ឡេង ឡឹង សារភាពថា: គ្រឿងញៀនទាំងអស់នេះគឺខ្លួនជាអ្នកកាន់លក់អោយមេធំឈ្មោះ ថូ ភារម្យ (ហៅព្រំ) ។ បន្ទាប់ពីបានចម្លើយសារភាពនេះ សមត្ថកិច្ចនគរបាលស្រុកកោះធំសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកស្ដី និងប៉ុស្ដិ៍រដ្ឋបាលសំពៅពូន ធ្វើការស្រាវជ្រាវរហូតចាប់បានឈ្មោះ ថូ ភារម្យ នៅវេលាមោ៉ង ១៦ៈ២០ នាទីនឹងបក្ខពួកម្នាក់ទៀតឈ្មោះ អ៊ុំ សំណាង (ជាអ្នករក្សាទុកថ្នាំញៀនលក់ និងជាប្អូនថ្លៃ) ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ថូ ភារម្យ ក្នុងភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល រួមជាមួយគ្រឿងញៀនចំនួន ៨៧ កញ្ចប់ (០៩ កញ្ចប់ធំ) និងសម្ភារៈវេចខ្ចប់គ្រឿងញៀនសំរាប់លក់មួយចំនួនទៀតនៅក្នុងផ្ទះជនសង្ស័យតែម្តង ។ រួចបន្តទៅឃាត់ខ្លួនបានជនសង្ស័យ ០២ នាក់ទៀតដែលជាអ្នកទិញគ្រឿងញៀនជក់ និងលក់បន្តអោយឈ្មោះ ថូ ភារម្យ គឺឈ្មោះ លាភ សុផល និង ផាន ភ័ណ្ឌ ។ តាមចម្លើយសារភាពរបស់ជនសង្ស័យ ថូ ភារម្យៈ ថ្នាំញៀនចំនួនទាំង ១០៦ កញ្ចប់ខាងលើនេះគឺពិតជារបស់រូបគេប្រាកដមែន ហើយឈ្មោះ អ៊ុំ សំណាង និង ឡេង ឡឹង គឺជាអ្នកកាន់ថ្នាំញៀនលក់បន្តអោយខ្លួន ។ ចំពោះជនសង្ស័យ ថូ ភារម្យ (ហៅ ព្រំ) គឺជាមុខសញ្ញាទើបតែដោះលែងចេញពីពន្ធនាគារ កាលពីថ្ងៃ ២១ ខែ តុលា ឆ្នាំ ២០១៦ ដោយជាប់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

គួរបញ្ជាក់ថា ឈ្មោះ ថូ ភារម្យ (ហៅពុំ ហៅព្រំ ហៅរ៉ុម) ធ្លាប់ជាប់ពន្ធនាគារពីរដងរួចមកហើយគឺលើកទី១ ខែមិនា ឆ្នាំ ២០១២ ជាប់ពីបទ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មានទោស ០២ ឆ្នាំ ជាប់បាន ០៨ ខែ និងភ្ជួរ ១៤ ខែ ។ លើកទី២ ខែ តុលា ២០១៣ ជាប់ពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានទោស ០៣ ឆ្នាំ ដោយជាប់បាន ១ ឆ្នាំកន្លះនៅពន្ធនាគារតាខ្មៅ រួចក៏ត្រូវផ្ទេរទៅត្រពាំងថ្លុង១ឆ្នាំកន្លះទៀតព្រោះឆ្មាំគុករកឃើញលក់ថ្នាំញៀនក្នុងពន្ធនាគារតាខ្មៅ ។ ករណីថ្ងៃទី ០៨.១២.២០១៦ នេះ បើចៅក្រមសម្រេចចោទមានទោស នោះគឺជាលើកទី៣សំរាប់ ថូ ភារម្យ ដែលត្រូវជាប់ពន្ធនាគារ ៕ ដកស្រង់ពី page: Heng Bun Leng