រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា លោក ស ខេង បានព្រមានដល់មន្រ្តីរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យប្រញ៉ាប់ប្រញ៉ាល់ដកខ្លួនឲ្យឆ្ងាយចេញពីបទល្មើសជួញដូរមនុស្ស ទោះក្នុងរូបភាពចេតនា ឬអចេតនាក្តី។ ការព្រមានរបស់លោកឧបនាយករដ្ឋមន្រ្តី ស ខេង ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សរបស់រដ្ឋាភិបាលកម្ពុជានេះ បានធ្វើឡើងកាលពីរសៀលម្សិលមិញ ចំពេលដែលរដ្ឋាភិបាលកម្ពុជាប្រារព្ធទិវា «ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្ងៃ ១២ធ្នូឆ្នាំ២០១៦»។

ដោយមិនបានលើកឡើងឲ្យចំឈ្មោះ និងពីករណីជាក់ស្តែងណាមួយ តែរដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា លោក ស ខេង បានដាស់តឿនចំពោះមន្រ្តីរដ្ឋាភិបាលកម្ពុជាទាំងឡាយណា ដែលបាននឹងកំពុងតែខុបខិត ឬសហការជាមួយជនល្មើសក្នុងការជួញដូរមនុស្ស ឬជាប់ពាក់ព័ន្ធក្នុងសកម្មភាពណាមួយ ទោះដោយចេតនាក្ដី ឬអចេតនាក្ដី ត្រូវតែដកខ្លួនចេញជាបន្ទាន់។

ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានធ្វើឡើងក្នុងពិធីអបអរសាទរទិវា «ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្ងៃ ១២ធ្នូ» កាលពីរសៀលម្សិលមិញនៅមជ្ឈមណ្ឌលកោះពេជ្រ ដែលមានការចូលរូមពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ រួមទាំងកងកម្លាំងប្រដាប់អាវុធ និងសិស្សនិស្សិតរាប់ពាន់នាក់។ ថ្លែងក្នុងនាមជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សរបស់រដ្ឋាភិបាលកម្ពុជានេះ លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានព្រមានថា ពួកគេនឹងមិនអាចសំងំលាក់លៀមពីសកម្មភាពល្មើសច្បាប់របស់ពួកគេបានយូរនោះទេ។ ការព្រមានឲ្យដកខ្លួននៅពេលនេះ គឺមុនពេល ដែលកងកម្លាំងមានសមត្ថកិច្ច នឹងត្រូវចាប់ខ្លួនពួកគេមកផ្ដន្ទាទោសតាមច្បាប់។

គួរជម្រាបជូនថា ស្ថានភាពនៃការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ ២០១៦ ត្រូវបានក្រសួងការបរទេសអាមេរិកទទួលស្គាល់ថា មានភាពល្អប្រសើរជាងមុន។ យោងតាមរបាយការណ៍លើកទី ១៦ របស់ក្រសួងការបរទេសអាមេរិក ដែលចេញផ្សាយនៅពាក់កណ្តាលឆ្នាំ ២០១៦នេះ បានចាត់ថ្នាក់ប្រទេសកម្ពុជាស្ថិតក្នុងក្រុមប្រទេស ទី២ (Tier 2) ក្នុងចំណោមប្រទេស ១៨៨ ដែលជាចំណាត់ថ្នាក់រួចផុតពីការឃ្លាំមើល (Tier 2 Watch List) របស់ក្រសួងការបរទេសអាមេរិក។ ការប្រែប្រួលចំណាត់ថ្នាក់កាលនោះ គឺដោយសារតែក្រសួងការបរទេសអាមេរិកបានកត់សម្គាល់នូវការរីកចម្រើនមួយចំនួនរបស់កម្ពុជា ក្នុងការឆ្លើយតបទៅនឹងសកម្មភាពការជួញដូរមនុស្សនៅកម្ពុជាក្នុងឆ្នាំ ២០១៦ ក្នុងនោះ រួមមានការផ្តន្ទាទោសជនល្មើស ការផ្តល់ថិវកាប្រចាំឆ្នាំ និងការជួយសង្រ្គោះជនរងគ្រោះពីការជួញដូរ ដែលបានកើនឡើងពី ៣២៦នាក់ នៅឆ្នាំ២០១៥ ដល់ ៥៨៩នាក់ នៅឆ្នាំ២០១៦។

សូមបញ្ជាក់ថា ជាយូរមកហើយ ដែលកម្ពុជាត្រូវបានគេចាត់ទុកថា គឺជាប្រភព និងជាទីកន្លែងឆ្លងកាត់នៃការជួញដូរមនុស្សទាំងកម្លាំងពលកម្ម និងផ្លូវភេទ រាប់ទាំងបុរស-ស្ត្រី និងកុមារផង។ យុវជនកម្ពុជាដែលពេញកម្លាំងភាគច្រើនបានរងគ្រោះដោយការជួញដូរនៅពេលដែលពួកគេបានចំណាកស្រុក ដើម្បីស្វែងរកការងារធ្វើនៅក្រៅប្រទេស ឬចំណាកស្រុកពីជនបទមកកាន់ទីក្រុងជាដើម៕

ប្រភព៖ rfi