(អេហ្ស៊ីប)៖ ស្រ្តីឈ្មោះ Eman Ahhmed ដែលកំពុងរស់នៅក្នុងប្រទេសអេហ្ស៊ីប ត្រូវបានគេជឿជាក់ថាជាស្រ្តីដែលមានទម្ងន់ធ្ងន់ជាងគេបំផុតលើពិភពលោកគឺដល់ទៅ ៥០០គីឡូក្រាមនឹងត្រូវបញ្ជូនទៅកាន់ប្រទេសឥណ្ឌាដើម្បីទទួលបានការវះកាត់ដែលនឹងអាចជួយរូបនាង ឲ្យសម្រកទម្ងន់មកនៅត្រឹមក្រោម ១០០គីឡូក្រាមវិញ។ នេះបើតាមការចេញផ្សាយដោយស្ថានីយទូរទស្សន៍ CNN នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦។

បើយោងតាមសមាជិកគ្រួសាររបស់នាង នៅក្នុងរយៈពេល ២០ឆ្នាំកន្លងទៅនេះ Eman សឹងតែមិនបានចាកចេញពីបន្ទប់របស់នាងឡើយ ដោយសារតែមិនអាចធ្វើចលនា ឬនិយាយទាក់ទងជាមួយគេបានព្រោះតែការដាច់សរសៃឈាមកាលពីពីរឆ្នាំមុន នាងតែងតែចំណាយពេលសម្រាកនៅក្នុងផ្ទះ និងសម្លឹងមើលពិដានផ្ទះដូចជាជាប់ឃុំអ៉ីចឹង។

នាង Shaimaa Ahmed ជាប្អូនស្រីបង្កើត និងក៏ជាអ្នកមើលថែ Eman បានប្រាប់ទៅកាន់ CNN ថា «Eman មិនបានរស់នៅតាមលក្ខណៈសាមញ្ញដូចមនុស្សដទៃទៀតនោះឡើយ ហើយជីវិតពីកុមារភាពរួមនិងយុវវ័យរបស់នាងពុំមានការសប្បាយរីករាយដូចគេដូចឯងទេ ខណៈបងស្រីរបស់ខ្ញុំមួយនេះបាននិងកំពុងប្រយុទ្ធតស៊ូជាមួយនឹងជំងឺនេះអស់រយៈពេល ៣៦ឆ្នាំមកហើយនោះ»។

ទន្ទឹមគ្នានេះយុទ្ធនាការតាមបណ្តាញទំនាក់ទំនងសង្គម ដែលចាប់ផ្តើមឡើងដោយ Shaimaa បានទាក់ទាញចំណាប់អារម្មណ៍របស់វេជ្ជបណ្ឌិតឯកទេសខាងវះកាត់ដ៏ល្បីមួយរូប នៅក្នុងទីក្រុង Mumbai គឺលោក Muffazal Lakdawala ដែលជាអ្នកបង្កើតមូលនិធិរៃអង្គាសប្រាក់ដើម្បីបញ្ជូននាង Eman ទៅកាន់ប្រទេសឥណ្ឌាក្នុងគោលបំណងទទួលបានការវះកាត់ព្យាបាល។ លោក Lakdawala បានរៀបចំគំរោងនៃការវះកាត់ជាច្រើនដំណាក់កាលសំដៅជួយបញ្ចុះទម្ងន់របស់ Eman ឲ្យមាននៅក្រោម ១០០គីឡូក្រាមវិញព្រោះថានាងអាចនឹងបាត់បង់ជីវិតបានគ្រប់ពេលវេលា បើនៅតែបន្តស្ថិតនៅក្នុងសភាពបែបនេះ។

គួរបញ្ជាក់ដែរថា នាង Eman Ahmed បានចាប់ផ្តើមឡើងទម្ងន់តាំងពីអាយុ ១១ឆ្នាំមកដោយសារបញ្ហាក្រពេញទីរ៉ូអ៉ីត។ ចាប់ពីពេលនោះមកទោះបីជា Eman តែងតែមានក្តីសង្ឃឹមថាទម្ងន់របស់នាងអាចនឹងស្រកហើយវិលទៅរកភាពល្អប្រសើរវិញក្តី ក៏អ្វីបានប្រែក្លាយទៅជាអាក្រក់នៅពេលដែលប៉ុន្មានឆ្នាំមុននេះទម្ងន់របស់ Eman បានឡើងដល់ទៅ ៣០០គីឡូក្រាមហើយនាងបានដាច់សរសៃឈាមថែមទៀត។ ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត Lakdawala បានឲ្យដឹងដែរថា ដើម្បីអាចឲ្យ Eman ស្រកទម្ងន់នៅត្រឹមក្រោម ១០០គីឡូក្រាមវិញ វាទាមទារឲ្យមានការវះកាត់ចំនួនពីរលើកជាមួយនិងរយៈពេលយ៉ាងហោចបីឆ្នាំ៕

ប្រភព៖ freshnewsasia