បេក្ខនារីម្នាក់ទៀតហើយត្រូវបានចាកចេញពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ២ ដែលបេក្ខនារីរូបនោះមានឈ្មោះ ម៉ង ចាន់កញ្ញា មកពីខេត្តកំពង់ឆ្នាំង បន្ទាប់ពីនាងបានបញ្ចេញសមត្ថភាពកាលពីយប់មិញរួចរាល់ ។

បើគិតមកដល់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៦ នេះគឺជាសប្តាហ៍ទី ៧ ហើយនៃកម្មវិធី ហើយការដាក់វិញ្ញាសាប្រឡងក៏កាន់តែពិបាកទៅៗ ដែលតម្រូវឱ្យបេក្ខជនប្រឡងទាំងអស់ខិតខំអស់ពីលទ្ធភាពធ្វើយ៉ាងណាដណ្តើមយកប្រជាប្រិយភាពពីមហាជនឱ្យបានច្រើនដើម្បីឆ្ពោះទៅកាន់វគ្គបន្តបន្ទាប់ តែយ៉ាងណាសម្រាប់យប់មិញនេះបន្ទាប់ពីបញ្ចេញសមត្ថភាពរួចរាល់ទាំងពីរវគ្គរបស់បេក្ខជន ៦ រូបរួចមក ពីកម្មវិធីបានជម្រុះបេក្ខជនម្នាក់ទៀតហើយចេញពីកម្មវិធី នោះគឺបេក្ខនារី ម៉ង់ ចាន់កញ្ញា មកពីខេត្តកំពង់ឆ្នាំង ។

សម្រាប់ការចាកចេញរបស់បេក្ខនារី ម៉ង់ ចាន់កញ្ញា នេះក៏បានបង្កភាពរំជើបរំជួល និង ក្តុកក្តួលមិនធម្មតាឡើយក្នុងស្ទូឌីយោ ព្រោះមានការសម្តែងចេញនូវភាពសោកស្តាយពីមហាជន អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺគណៈកម្មការទាំងបួន ក៏ហាក់បានបង្ហាញពីភាពស្រងាកចិត្ត និង មានលាយឡំជាមួយទឹកភ្នែកផងដែរ ចំពោះការចាកចេញរបស់បេក្ខនារី ម៉ង់ ចាន់កញ្ញា ជាបេក្ខនារីម្នាក់ដែលពោរពេញដោយសមត្ថភាពខ្ពស់ ។

គួរបញ្ជាក់ថា បេក្ខនារី ម៉ង់ ចាន់កញ្ញា ដែលមកពីខេត្តកំពង់ឆ្នាំង ហើយដែលប្រិយមិត្តអ្នកគាំទ្រស្គាល់ច្បាស់ថាជាអតីតម្ចាស់ពាន The Best Star 2014 នោះ បានអស់ឱកាសដណ្តើមពានពីកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ២ ត្រឹមវគ្គផ្សាយផ្ទាល់សប្តាហ៍ទី ៧ ដោយសារបេក្ខនារីទទួលបានសំឡេងបោះឆ្នោតគាំទ្រតិចជាងបេក្ខជនដទៃទៀត ៕ សាកល

ប្រភព៖ pmhotnews