លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានអះអាងថាមិនទាន់មានគម្រោងជាក់លាក់ណាមួយសម្រាប់ដំណើរទស្សនកិច្ចកម្ពុជារយៈពីរថ្ងៃរបស់ស្តេចប្រដាល់សកលជនជាតិហ្វីលីពីន Manny Pacquiao នៅឡើយទេ។ កីឡាករ Pacquiao និងលោកប្រធានធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌើទើតេ (Rodrigo Duterte) នឹងមកដល់កម្ពុជានាវេលាម៉ោង៦ល្ងាចថ្ងៃទី១៣ ខែធ្នូ នេះ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជារួមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មិនទាន់មានគម្រោងជាក់លាក់ណាមួយក្នុងការចុះកិច្ចព្រមព្រៀងផ្លូវការជាមួយស្តេចប្រដាល់សកល Manny Pacquiao នៅឡើយទេ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា ទោះបីមានគម្រោងជួបសំណេះសំណាលនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅថ្ងៃនេះក៏ដោយ។

សម្រាប់ដំណើរទស្សនកិច្ចនៅកម្ពុជារបស់ស្តេចប្រដាល់រូបនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក៏ដូចជាប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាមិនបានផ្តោតសំខាន់ទៅលើការចុះកិច្ចព្រមណាមួយនោះឡើយ ដោយផ្តោតសំខាន់ទៅលើការចែករំលែកបទពិសោធន៍ និងការជួបសំណេះសំណាលឲ្យស្គាល់គ្នាប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលជាក្តីរំពឹងរបស់ថ្នាក់ដឹកនាំកីឡាទាំងពីរ គឺការរៀបរាប់ពីសកម្មភាពកីឡាកម្ពុជាឲ្យស្តេចរូបនេះបានដឹង ហើយលោកសង្ឃឹមថា Pacquiao នឹងនិយាយពីប្រវត្តិរបស់ខ្លួនឲ្យកីឡាករកម្ពុជាបានដឹងផងដែរ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាបានរៀបរាប់យ៉ាងដូច្នេះថា៖«ជំហានដំបូង ធ្វើយ៉ាងណាយើងត្រូវសំណេះសំណាលឲ្យស្គាល់គ្នាសិន បន្ទាប់មកយើងនឹងរៀបរាប់ពីសកម្មភាពប្រដាល់របស់យើងឲ្យគេស្តាប់ ដើម្បីទទួលការចែករំលែកបទពិសោធពីគេ ព្រោះគេជាស្តេចប្រដាល់។ ចំណែកការសំណើសុំអ្វីទៅដល់គេនោះ គឺជាជំហានទី២»។

គួរបញ្ជាក់ថា ស្តេចប្រដាល់សាកលសញ្ជាតិហ្វីលីពីន Manny Pacquiao និងលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte មកទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែធ្នូ។ ដំណើរទស្សនកិច្ចនេះ លោក ឌើទើតេ(Duterte)នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង នឹងបន្តចូលគោរពរូបសំណាកព្រះបរមរតនកោដ្ឋនៅព្រឹកថ្ងៃទី១៤ ធ្នូ។

ចំណែកនៅល្ងាចថ្ងៃទី១៤ ខែធ្នូ លោក ឌើទើតេ នឹងជួបពិភាក្សាទ្វេភាគីជាមួយនឹងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មុននឹងចាកចេញពីកម្ពុជាទៅកាន់ប្រទេសសិង្ហបុរីនាវេលាម៉ោង៩និង២៥នាទីយប់ថ្ងៃទី១៤ ខែធ្នូ៕

ប្រភព៖ ថ្មីៗ