ម្សិលមិញ ស្ត្រីម្នាក់ក្នុងខេត្តសៀមរាម បានស្លាប់ ដោយសារពុលផ្អក់ត្រីប្រៃ ហើយសមាជិកគ្រួសារផ្សេងទៀតត្រូវជួយសង្គ្រោះទាន់។ ប៉ុន្មានថ្ងៃមុននេះ នៅខេត្តសៀមរាមដដែល ព្រះសង្ឃនិងពលរដ្ឋ ជិត៤០នាក់ ក៏បានពុលផ្អកកំពឹសផងដែរ។ ហើយនៅខេត្តកំពង់ឆ្នាំថ្មីៗនេះទៀត ក៏មានករណីពុលស្រា ស បណ្តាលឲ្យ ពលរដ្ឋខ្មែរ១៥នាក់ស្លាប់ និងជាង៧០នាក់ផ្សេងទៀត រងរបួស។ ប្រឈមនឹងករណីពុលផ្ទួនៗដូច្នេះ ធ្វើឲ្យពលរដ្ឋខ្មែរជាទូទៅ កាន់តែព្រួយបារម្ភនិងខ្លាចញញើតខ្លាំងឡើងចំពោះសុវត្ថិភាពចំណីអាហារ ដែលពួកគេបរិភោគសព្វថ្ងៃ។

មួយរយៈនេះ មានករណីពុលបានកើតឡើងជាបន្តបន្ទាប់។ ការពុលផ្អកត្រីប្រៃ ពុលផ្អកកំពឹស នៅសៀមរាម ពុលក្តាមប្រៃនៅកំពង់ចាម និងពុលស្រា ស នៅកំពង់ឆ្នាំង ជាដើម បានបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់។ ការពុលនេះពុលនោះជាញឹកញយ បានលងបន្លាចអារម្មណ៍របស់ប្រជាពលរដ្ឋជាទូទៅ ធ្វើឲ្យកាន់តែមានភ័យខ្លាចនិងកាន់តែបង្កើតការប្រុងប្រយ័ត្ន ចំពោះរាល់នំចំណីបន្លែត្រីសាច់ ដែលទិញពីទីផ្សារ។ ការព្រួយបារម្ភ និងប្រុងប្រយ័ត្នដូច្នេះហើយ ទើបអ្នកមានលទ្ធភាពខ្លះ បានងាកទៅរកទំនិញធម្មជាតិ ឬ ផលិត Organic ដែលមិនប្រើជាតិគីមី មានចំនួនកាន់តែកើតឡើង។

សួរថាតើហេតុអ្វីបានគេភ័យខ្លាច និងព្រួយបារម្ភយ៉ាងដូច្នេះ?

ទី១ គឺមកពីពួកគេទាំងនោះ មិនដឹងប្រភពទំនិញច្បាស់លាស់ថាហូរចូលមកពីណា ហើយគេទទួលបានដំណឹកតិចតួចបំផុតពីដំណើរការផលិត ហើយមានពេលខ្លះ ពួកគេអាចនឹងទទួលដំណឹងមិនល្អ ឬដំណឹងចចាមអារ៉ាមពីទំនិញទាំងនោះផងដែរ។

តាមរបាយការណ៍របស់មជ្ឈមណ្ឌលសិក្សាគោលនយោបាយ CPS គ្រាន់តែនិយាយពីបន្លែក្នុងក្រុងភ្នំពេញ ក្នុងមួយថ្ងៃៗ គឺ បាននាំចូលបន្លែពីបរទេសប្រមាណពី២០០ទៅ៤០០តោន លក់និងចែកចាយបន្ត។ បើជាមធ្យម កម្ពុជាចំណាយថវិកាប្រមាណជា ៣០ម៉ឺនដុល្លារក្នុងមួយថ្ងៃសម្រាប់នាំចូលបន្លែពីបរទេស។ មួយឆ្នាំគឺប្រហាក់ប្រហែលនឹង ២០០លានដុល្លារ។

គួរជម្រាបថា បន្លែដែលកម្ពុជាកំពុងតែដាក់លក់ គឺមានមួយផ្នែកផលិតនៅក្នុងស្រុក មួយផ្នែកនាំចូលមកពីប្រទេស វៀតណាម ប្រទេសចិន និងមួយផ្នែកតូចទៀតមានដូចជាថៃ និងឡាវជាដើម។ កាលពីអំឡុងពេលដើមឆ្នាំ២០១៦នេះ សហភាពអឺរ៉ុប បានចេញសេចក្តីព្រមានមួយ គឺហាមមិនឲ្យមានការនាំចូលបន្លែ ពីប្រទេសវៀតណាមចូលទៅកាន់សហភាពអឺរ៉ុបនោះទេ។ ដោយសារតែសហភាពអឺរ៉ុប បានពិនិត្យ និងរកឃើញថា បន្លែនោះ ដាំដុះ និងផលិតឡើងដោយប្រើសារធាតុគីមីប៉ះពាល់សុខភាពខ្លាំង។ តែចំពោះកម្ពុជា គឺមិនទាន់អើពើខ្លាំងនៅឡើយទេ។

មូលហេតុទី២ ដែលធ្វើឲ្យពលរដ្ឋខ្លះ ភ័យខ្លាចនិងព្រួយបារម្ភចំណីអាហារ គឺទំនងពីមកពីអ្នកលក់ដូរមួយចំនួន គិតតែចង់បានចំណេញ ហ៊ានធ្វើអ្វីៗដោយមិនខ្វល់ពីសុខភាពរបស់អ្នកទិញ។ គេបានដឹងតាមរយៈសមត្ថកិច្ច ដែលបានចុះចាប់និងបង្ក្រាបផលិតផលគ្មានគុណភាពនាពេលកន្លងមក គឺឃើញថា អ្នកលក់ចំណីអាហារនិងភេសជ្ជៈខ្លះ ចង់ចំណេញជ្រុល បានប្រើប្រាស់ជាតិគីមី ហើយថែមទាំងមិនយល់ដឹងជ្រៅជ្រះ ពីធាតុផ្សំដើម្បីរក្សាគុណភាពទំនិញ ឬបង្កើតបរិមាណនៃទំនិញរបស់ខ្លួននោះឡើយ។

ឧទាហរណ៍ជាក់ស្តែង សូម្បីតែកម្ពុជាគឺជាអាណាចក្រត្នោតទៅហើយ ក៏ស្ករត្នោត ក៏មានលាយជាតិគីមីទៅវិញ។ កាលពីដើមឆ្នាំ២០១៦នេះ គឺមានករណី ស្ករអំពៅផលិតឡើងដោយលាយជាតិគីមី ឈ្មោះថា Sodium Hydrocilfeet ដើម្បីបំលែងទៅជា ស្ករត្នោត។ សារធាតុគីមីនេះ គឺជាសារធាតុដែលគ្រោះថ្នាក់ខ្លាំងដល់សុខភាពមនុស្ស និងដែលត្រូវហាមឃាត់។

ទី៣ ធំដុំជាងនេះទៅទៀត ពលរដ្ឋខ្មែរខ្លះ ហាក់មានការសង្ស័យពីភាពអសកម្មរបស់មន្ត្រីត្រួតពិនិត្យតាមច្រកព្រំដែន ដែលបិទភ្នែកម្ខាងបើកភ្នែកម្ខាង អនុញ្ញាតឲ្យទំនិញភេសជ្ជៈចំណីខ្លះ ហូរចូលមក។ ត្រង់ចំណុចនេះ ទំនងជាអាជ្ញាធរមានជំនាញ អាចធ្វើការមិនដិតដល់ ឬអាចនឹងធ្វើការខ្លះដែរ តែខ្វះប្រសិទ្ធភាព ដោយសារតែហេតុផ្សេងៗ។

ម្យ៉ាងវិញទៀត ការចុះត្រួតពិនិត្យតាមទីផ្សារ និងរោងចក្រផលិតនំចំណីអាហារនានា មានពេលខ្លះ ពលរដ្ឋបានកត់សម្គាល់ថា មានភាពមិនប្រក្រតី។ ជាហេតុ ធ្វើឲ្យពលរដ្ឋមួយចំនួន ដែលទៅទិញទំនិញបន្លែត្រីសាច់ខ្លះនៅលើទីផ្សារសព្វថ្ងៃ ហាក់កាន់តែខ្លាចញញើតនឹងបរិភោគ។

ទោះយ៉ាងណាក្តី ក្រសួងពាណិជ្ជកម្ម ក្នុងខែវិច្ឆិកាកន្លង បានប្រកាសដាក់ឲ្យដំណើរការរថយន្តទំនើប FORTD Transit ឆ្នាំ២០១៦ មួយគ្រឿង ដែលបំពាក់ទៅដោយសម្ភារៈ ពិសោធន៍រកសារធាតុគីមី នៅក្នុងចំណីអាហារ បន្លែ ផ្លែឈើ និងផលិតផលគ្រឿងបរិភោគដទៃទៀត។ មន្ទីរពិសោធន៍ចល័ត ឬ Mobile Lab នេះ ធ្វើការឆ្លើយតបតាមតម្រូវការរបស់សាធារណៈជន ឬតាមកន្លែងនានា ដែលបានកើតមានបញ្ហាចំណីអាហារ ឬការពុលផ្សេងៗ។ ក៏ប៉ុន្តែមន្ទីរពិសោធន៍ចល័តនេះ មានតែមួយគ្រឿង គឺនៅតិចមែនទែន បើធៀបនឹងតម្រូវការ។

ជារួម ក្នុងកាលៈទេសៈបែបនេះ អាជ្ញាធរជំនាញ និងផ្នែកឯកជន គួរជួយជំរុញឲ្យមានការផលិតទំនិញផលិតផលចំណីអាហារនៅក្នុងស្រុក ដែលមិនប្រើសារជាតិគីមីប៉ះពាល់ខុសភាព ដើម្បីជៀសវៀងនិងទប់លំហូរទំនិញពីខាងក្រៅ ដែលគេមិនដឹងពីដំណើរការផលិតច្បាស់លាស់។

លើសពីនេះ ចំពោះអាជ្ញាធរពាក់ព័ន្ធ គឺទំនងជាដល់ពេលហើយ ដែលត្រូវគាសកកាយសំណុំរឿងសុវត្ថិភាពចំណីអាហារនេះ ធ្វើឲ្យមានតម្លាភាព និងសម្អាតលាងជម្រះរឿងអាស្រូវជុំវិញការចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនេះ ឲ្យបានស្អាតល្អផងដែរ៕

ប្រភព៖ RFI