ភ្នំពេញៈ ស្រាប់តែលេចចេញយ៉ាងច្បាស់ក្រឡែតដំណឹងបែកបាក់ស្នេហាពីមាត់តារាចម្រៀងស្រីម៉ៅដាច់វិស័យទេសចរណ៍កញ្ញា ស៊ុន ស្រីពេជ្រ បានប្រកាសថាចែកផ្លូវគ្នាពីគូដណ្តឹងឈ្មោះលោក ទៀវ វិសាល ដែលជាមន្ត្រីបម្រើការងារនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខណៈពួកគេបានភ្ជាប់ពាក្យបំពេញមុខចាស់ទុំបានមួយឆ្នាំទៅហើយ។

សាររៀបរាប់ពីអារម្មណ៍ផ្ទាល់ខ្លួន ដែលកញ្ញា ស៊ុន ស្រីពេជ្រ ខំលាក់ទុកក្នុងជម្រៅចិត្តខ្លួនជាយូរណាស់មកហើយនោះក៏ត្រូវបានទម្លាយឲ្យដឹងនាពេលថ្មីៗនេះតាមទំព័រហ្វេសប៊ុកថា៖ «គឺពិត ១០០ ភាគរយ មានហេតុទើបមានផល មានភ្លើងទើបមានផ្សែង មិនមែននៅសុខៗ ក៏បែកគ្នានោះទេ!អរគុណណាស់ទេវតា ដែលមិនបំផ្លាញអនាគតខ្ញុំ និងអរគុណដែលឲ្យខ្ញុំដឹងរឿងទាន់ពេល»។

ភ្នំពេញប៉ុស្តិ៍ បានធ្វើទំនាក់ទំនងទៅកញ្ញា ស៊ុន ស្រីពេជ្រ ដើម្បីសាកសួរមូលហេតុឲ្យច្បាស់នាំឲ្យចំណងស្នេហ៍របស់កញ្ញា និងគូដណ្តឹងភ្ជាប់ពាក្យបានមួយឆ្នាំទៅហើយ និងធ្លាប់បានបង្ហើបដែរថានឹងត្រូវកំណត់ថ្ងៃចូលរោងការនៅឆ្នាំ ២០១៧ ខាងមុខនេះ តែប្រព័ន្ធលេខទូរស័ព្ទរបស់នាងគ្មានអ្នកលើក។

ទោះជាយ៉ាងណាគឺពិតជាគួរឲ្យអាណិតដល់កញ្ញា ស៊ុន ស្រីពេជ្រ ណាស់ ខណៈនៅមុននេះឪពុកបង្កើតខ្លួនគឺតារាកំប្លែងជើងចាស់ នាយ សង់ ស៊ីស ឈឺធ្ងន់ដោយមានជំងឺប្រចាំកាយរហូតនិយាយស្តីលែងកើត គឺធ្វើឲ្យនាងពិបាកមួយរឿងរួចទៅហើយ សម្រាប់សង្គមគ្រួសារ ឥឡូវក៏កើតរឿងបែកបាក់ស្នេហាផ្ទាល់ខ្លួន ខណៈគូដណ្តឹងនាងគឺជាបុរសដែលឪពុកបានរើសផ្គូផ្គងដោយការពេញចិត្តពេញថ្លើមកន្លងមក តែបែរជាមានរឿងរកាំរកូសរហូតប្រេះឆាគ្នា។

កញ្ញា ស៊ុន ស្រីពេជ្រ ក៏បានបង្ហាញពីអារម្មណ៍អាណិតអាសូរ និងខ្វល់ខ្វាយចិត្តជំនួសឪពុកនាងដែលឈឺនិយាយមិនបានថា៖ «អាណិតតែពុកទេ តែបើពុកដឹង ពុកនឹងឱបកូនស្រីយ៉ាងណែន ហើយនិយាយប្រាប់កូនស្រីថា មិនអីទេកូន!អ្វីៗនឹងប្រសើរឡើង តែនេះពុកនិយាយមិនកើតទេ តើពុកនឹងឈឺចាប់ណែនក្នុងទ្រូងយ៉ាងណា មនុស្សដែលដែលពុកស្រឡាញ់បំផុត តែឲ្យពុកឈឺចាប់បំផុត។ តែកូនឈឺណាស់ពុក កូននឹងត្រូវទៅណាមកណាប្រឈមមុខ ហត់នឹងឆ្លើយសំណួរគេគ្រប់គ្នាពីរឿងនេះ»។

ទោះបីយ៉ាងណា តារាចម្រៀងស្រីល្បីខាងបង្ហើរសំនៀងរៀបរាប់អំពីតំបន់ទេសចរណ៍នានានៅប្រទេសកម្ពុជា និងតារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស កញ្ញា ស៊ុន ស្រីពេជ្រ ក៏បានសំណូមពរទុកជាមុនទៅដល់មហាជន និងប្រិយមិត្តទាំងឡាយដែលតែងនិយមចូលចិត្ត និងស្រឡាញ់នាងដែរ ដោយការអភ័យទោសចំពោះរឿងរ៉ាវបញ្ហាស្នេហារបស់នាងបានកើតឡើងនាពេលនេះថា៖ «សូមបងប្អូនកុំទម្លាក់កំហុសទៅលើអ្នកសិល្បៈទាំងមិនបានដឹងរឿងច្បាស់។ អ្នកសិល្បៈក៏ចង់មានគ្រួសារមួយ ដែលប្រកបដោយសុភមង្គល ដូចគេឯងគ្រប់គ្នាដែរ ខ្ញុំមិនស្អប់អ្នកណាម្នាក់ទេព្រោះថាមិនមែនជាគូ។ ចុងក្រោយសូមអរគុណបងប្អូនទាំងអស់ ដែលនៅតែគាំទ្រ និងលើកទឹកចិត្តខ្ញុំ»។

គេក៏សង្កេតឃើញថា សារជាចុងក្រោយរបស់កញ្ញា ស៊ុន ស្រីពេជ្រហាក់ដូចជាចង់សំដៅទៅលើគូដណ្តឹងនាង និងបែបព្រមានទៀតផងថា៖ «សូមជួបតែក្តីសុខ តែសូមអ្នកឯងប្រយ័ត្នផង ព្រោះអ្នកសាងអីទទួលផលនោះដូចគ្នា។ កម្មគឺមានពិតមែន និងមិនចាំបាច់ជាតិក្រោយទេ»។

រីឯខាងសាច់ញាតិរបស់កញ្ញា ស៊ុន ស្រីពេជ្រ ដូចជាមិនបានដឹងរឿងរ៉ាវ ឬមូលហេតុនាំឲ្យបង្ហោះសារទម្លាយនូវអាថ៌កំបាំងតាមហ្វេសប៊ុកទៅវិញ ខណៈអ្នកម្តាយរបស់នាងឆ្លើយយ៉ាងខ្លីថា៖ «មីងមិនបានដឹងរឿងរបស់កូនៗយ៉ាងម៉េចយ៉ាងម៉ានោះទេក្មួយ!»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍