ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសសិង្ហបុរី ថ្នាក់អនុបណ្ឌិតពីសាលា The Lee Kuan Yew School of Public Policy, National University of Singapore។ អាហារូបករណ៍ថ្នាក់អុនបណ្ឌិតរួមមាន អនុបណ្ឌិតកិច្ចការបរទេស, នយោបាយសាធារណៈ, រដ្ឋបាលសាធារណៈ និងគ្រប់គ្រងសាធារណៈ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ។

ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងស្ដីពីអាហារូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសសិង្ហបុរី សម្រាប់និស្សិតកម្ពុជា។ អាហារូបករណ៍ពីសាលា The Lee Kuan Yew School of Public Policy, National University of Singapore ដែលផ្ដល់ឲ្យនិស្សិតកម្ពុជាទាក់ទងនឹងកម្មសិក្សាថ្នាក់អនុបណ្ឌិតរួមមាន៖ អនុបណ្ឌិតកិច្ចការបរទេស, អនុបណ្ឌិតនយោបាយសាធារណៈ, អនុបណ្ឌិតរដ្ឋបាលសាធារណៈ និងអនុបណ្ឌិតគ្រប់គ្រងសាធារណៈ។

សាកលវិទ្យាល័យ National University of Singapore (NUS) មានចំណាត់ថ្នាក់លេខ១ប្រចាំទ្វីបអាស៊ី និងលេខ១២នៅលើពិភពលោក។ នេះបើតាមការចាត់ថ្នាក់ (World University Ranking) របស់ស្ថាប័នជំនាញផ្នែកអប់រំ។

សម្រាប់លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនទាំងអស់ ត្រូវដាក់ពាក្យដោយខ្លួនឯងតាម website www.lkyspp.nus.edu.sg/admissions រួចត្រូវបញ្ជូនទៅសាលា The Lee Kuan Yew School of Public Policy, National University of Singapore នៅប្រទេសសិង្ហបុរី ដើម្បីពិនិត្យ និងសម្រេច។

គួររម្លឹកថា បេក្ខជន-បេក្ខនារី ដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។ ចំពោះព័ត៌មានបន្ថែមសូមទាក់ទងតាម website www.lkyspp.nus.edu.sg/admissions

ប្រភព៖ ថ្មីៗ