ដូចការគ្រោងទុកគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី១៧ធ្នូនេះបានបើកសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤០ក្រោមវត្តមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្ស និង លោក ហេង សំរិន ប្រធានកិត្តិយសបក្ស។ ជាសន្និបាតដើម្បីត្រៀមខ្លួនសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧និងការបោះឆ្នោតជ្រើសតំណាងរាស្ត្រឆ្នាំ២០១៨ខាងមុខ។

សន្និបាតគណៈកម្មាធិការកណ្តាលប្រចាំឆ្នាំលើកទី៤០របស់គណបក្សប្រជាជនកម្ពុជាបានចាប់ផ្ដើមហើយនៅថ្ងៃទី១៧ធ្នូនេះ នៅមជ្ឈមណ្ឌលកោះពេជ្រហើយនឹងបញ្ចប់ទៅវិញនៅថ្ងៃទី១៨ធ្នូស្អែក។ តាមរយៈសន្ទរកថា បើកសន្និបាតលោក ហេង សំរិន ប្រធានកិត្តិយសបក្សសង្ឃឹមថា ពលរដ្ឋកម្ពុជានឹងផ្ដល់សច្ចធម៌មកគណបក្សប្រជាជនដើម្បីបន្តដឹកនាំប្រទេសទាំងថ្នាក់ជាតិនិងក្រោមជាតិ។

ក្រៅពីលើកសសើរការដឹកនាំប្រទេសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនហើយលោក ហេង សំរិន បានរំលេចឡើងថា ពេញមួយឆ្នាំ២០១៦ កម្ពុជាបានទទួលរងនូវសភាការណ៍ជាច្រើនមានទាំងអំណោយផលនិងការលំបាកស្មុគស្មាញ។ សម្រាប់លោកហេង សំរិន មោទនភាពដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានក្នុងឆ្នាំ២០១៦ មានដូចជា ការពង្រឹងបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម។

លោក ហេង សំរិន មានជំនឿថាតាមរយៈសមិទ្ធផលកើតចេញពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាប្រជាពលរដ្ឋនឹងនៅតែបន្តគាំទ្រការដឹកនាំបក្សប្រជាជន។ ទន្ទឹមនឹងសមិទ្ធផលដែលខ្លួនសម្រេចបានគណបក្សប្រជាជនកម្ពុជា បានត្រៀមលក្ខណៈសម្បត្តិសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាឆ្នាំ២០១៨។

លោក មាន នី អ្នកស្រាវជ្រាវបញ្ហាសង្គមនយោបាយចាត់ទុកក្ដីសង្ឃឹមរបស់គណបក្សប្រជាជនកម្ពុជាថា នឹងទទួលបានការគាំទ្រពីពលរដ្ឋសម្រាប់ការបោះឆ្នោតនៅឆ្នាំខាងមុខគឺជារឿងធម្មតា។ ប៉ុន្តែការប្ដេជ្ញាចិត្តដែលលោកយល់ថា ជារឿងសំខាន់នោះគឺកំណែទម្រង់ប្រព័ន្ធតុលាការទៅវិញទេ។

លោក មាស នី ព្រមានថា សន្លឹកឆ្នោតគណបក្សប្រជាជនអាចនឹងរឹតតែបាក់ស្រុតមួយកម្រិតទៀតប្រសិនបើប្រព័ន្ធតុលាការគ្មានភាពល្អប្រសើរចាប់ពីពេលនេះដល់ថ្ងៃបោះឆ្នោត។ សម្រាប់លោកមាស នី ដំណោះស្រាយជាអាទិភាពមួយចំនួនទៀតដែលគណបក្សកាន់អំណាចត្រូវដោះស្រាយគឺវិស័យសុខាភិបាលនិងបញ្ហាដីធ្លីជាដើម។

សូមបញ្ជាក់ថា របៀបវារៈនៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលប្រចាំឆ្នាំលើកទី៤០ របស់គណបក្សប្រជាជនរួមមានៈ ការទប់ស្កាត់ការរំលោភបំពានពីអ្នកមានអំណាចក្នុងសង្គម ការទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ ការដាក់បញ្ចូលក្រុមយុវជនចូលក្នុងជួរមន្ត្រីរាជការពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាសង្គមជាដើម៕

ប្រភព៖ RFI