សាលាដំបូងរាជធានីភ្នំពេញ បានបន្តសាកសួរសកម្មជនការពារដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី ទេព វន្នី ក្នុងសំណុំរឿងហិង្សា ដែលបានកើតឡើង ក្នុងអំឡុងឆ្នាំ ២០១០ និង២០១១។ ក្រុមអ្នករងគ្រោះដោយការរំលោភបំពានដីធ្លី បានចោទតុលាការថា កំពុងព្យាយាមធ្វើបាប អ្នកស្រី ទេព វន្នីបន្ថែមទៀត តាមការសើរើសំណុំរឿងនេះឡើងវិញ។

ភ្នំពេញ —ក្រុមប្រជាពលរដ្ឋនៅសហគមន៍បឹងកក់ និងសហគមន៍ដែលកំពុងមានទំនាស់ដីធ្លីប្រមាណជា៣០ នាក់ បានមកប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រនេះ ដើម្បីទាមទារឲ្យតុលាការដោះលែង អ្នកស្រី ទេព វន្នី សកម្មជនការពារដីធ្លី និងសិទ្ធិលំនៅដ្ឋានដែលត្រូវបានតុលាការកាត់ទោស និងកំពុងរងការចោទប្រកាន់របស់តុលាការជាច្រើនករណីផ្សេងទៀត។

អាជ្ញាធររាជធានីភ្នំពេញ បានចាប់ខ្លួនអ្នកស្រី ទេព វន្នី ដែលជាជ័យលាភីរង្វាន់ស្ត្រីជាអ្នកដឹកនាំរបស់អង្គការ Vital Voices កាលពីខែសីហា ឆ្នាំ ២០១៦ កន្លងទៅនេះ ក្រោយពីអ្នកស្រី បានចូលរួម និងដឹកនាំធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅយ៉ាងសកម្មដើម្បីទាមទារឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់៥រូបរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងអគ្គលេខាធិការរងគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

បន្ទាប់ពីអ្នកស្រីត្រូវបានចាប់ខ្លួន តុលាការបានកាត់ទោសអ្នកស្រីឲ្យជាប់ពន្ធនាគាររយៈពេល៦ថ្ងៃ ក្នុងសំណុំរឿងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ហើយក្រោយមកទៀត នៅខែកញ្ញា តុលាការបានកាត់ទោសអ្នកស្រីឲ្យជាប់ក្នុងពន្ធនាគារប្រាំមួយខែពីបទ «ជេរប្រមាថអ្នករាជការសាធារណៈ និងប្រឆាំងនឹងអ្នករាជការសាធារណៈ» ដែលផ្តើមចេញពីការតវ៉ាប្រឆាំងការវាយបំផ្លាញផ្ទះប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ដ៏ចម្រូងចម្រាសដែលបានកើតឡើងកាលពីឆ្នាំ២០១១។

បន្ថែមលើការកាត់ទោសនេះ តុលាការបានចោទប្រកាន់លោកស្រីទេព វន្នី ក្នុងករណីផ្សេងៗ ពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សា ដែលក្រុមអ្នកភូមិនៅតំបន់បឹងកក់អះអាងថា ជាការចោទប្រកាន់គ្មានហេតុផល និងគ្មានភស្តុតាងត្រឹមត្រូវ។

កញ្ញា សុង ស្រីលាភ វ័យ ៣១ ឆ្នាំដែលជាសកម្មជនដីធ្លីដែលនោះ បានប្រាប់ VOA នៅមុខសាលាដំបូងរាជធានីភ្នំពេញ ពីការធ្វើទុក្ខបុកម្នេញខាងច្បាប់ ប្រឆាំងអ្នកស្រី ទេព វន្នី យ៉ាងដូច្នេះថា៖

«ច្រើនករណីមែនទែនបង តាំងពី ២០១២ ២០១៤ ហើយរហូតដល់ឥឡូវ ហ្នឹងបីបណ្តឹងទៀត អញ្ចឹងវាច្រើនមែនទែន យើងមិនដឹងថា បណ្តឹងប៉ុន្មានខ្លះទេ ហើយគ្រាន់ការចាប់ឃុំខ្លួនជាង១០ដងហើយ ហើយនិងដាក់ពន្ធនាគារបីដង»។

កញ្ញា ស្រី លាប ពន្យល់ថា ការបង្ហាញខ្លួនរបស់អ្នកស្រី ទេព វន្នី នៅតុលាការក្រុងភ្នំពេញ នាព្រឹកថ្ងៃសុក្រនេះ គឺដើម្បីឲ្យតុលាការសាកសួរទាក់ទងនឹងបណ្តឹងរបស់ អ្នកស្រី លី មុំ អតីតមេដឹកនាំតវ៉ាការរំលោភដីធ្លីនៅតំបន់បឹងកក់ ដែលបានប្តឹង អ្នកស្រី ទេព វន្នី ក្នុងអំឡុងឆ្នាំ២០១០ និង២០១១ ពីបទ «ហិង្សា និងប៉ុនប៉ងមនុស្សឃាត»។

កញ្ញាស្រីលាប ឲ្យដឹងបន្ថែមថា អ្នកស្រី លី មុំ បានដកពាក្យបណ្តឹងប្រឆាំងអ្នកស្រី ទេព វន្នី រួចទៅហើយ ក៏ប៉ុន្តែកញ្ញាមិនដឹងថា តើហេតុអ្វីបានជាតុលាការបន្តនីតិវិធីលើបណ្តឹងនេះនៅពេលនេះ។

អ្នកស្រី ស៊ី ហ៊ាប វ័យ ៦៧ឆ្នាំ ជាម្តាយបង្កើតអ្នកស្រីទេព វន្នី ប្រាប់ក្រុមអ្នកយកព័ត៌មានថា កូនស្រីអ្នកស្រីមិនបានប្រព្រឹត្តអំពើហិង្សាណាមួយនោះទេ។

«អត់មានទេ នេះជាពាក្យគេចោទប្រកាន់កូនខ្ញុំទេ កូនខ្ញុំជាស្ត្រី មិនអាចធ្វើអញ្ចឹងបានទេ គ្នាជាស្រ្តីទន់ខ្សោយ មិនដែលធ្វើបាបអ្នកណាទេ នេះជាការគេចោទប្រកាន់ ចោទប្រកាន់កូនខ្ញុំ»។

នៅក្នុងការតវ៉ានៅមុខតុលាការ នៅថ្ងៃសុក្រនេះ ក្រុមអ្នកតវ៉ា បានស្តីបន្ទោសដល់តុលាការថា តុលាការជាស្ថាប័នពុករលួយ និងមានភាពលំអៀងទៅរកអ្នកមានលុយ និងមានអំណាច។ ក្រុមអ្នកតវ៉ាខ្លះ បានកាន់បដាបង្ហាញរូបថតអ្នកស្រី ទេព វន្នី ចំណែកអ្នកខ្លះទៀត បានពាក់រូបថតអ្នកស្រី ទេព វន្នី ផងដែរ។

កំណត់ត្រាករណីសិក្សាមួយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានចេញផ្សាយនៅក្នុងទិវាគោរពសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃទី១០ ធ្នូ បានឲ្យដឹងថា អ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា កំពុងតែប្រឈមនឹងការយាយីកាន់តែខ្លាំងឡើងតាមរូបភាពផ្សេងៗ ដូចជាការចាប់ខ្លួនតាមអំពើចិត្ត និងការប្រើអំពើហិង្សាលើរូបរាងកាយរបស់ពួកគេជាដើម។

លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មិនបានឆ្លើយតបទៅនឹងសំណួររបស់ VOA តាមរយៈសារអេឡិចត្រូនិកតេឡេក្រាម ពាក់ព័ន្ធនឹងការសួរនាំ អ្នកស្រីទេព វន្នី នៅថ្ងៃសុក្រនេះឡើយ។

f1058bcd-ff93-414f-914b-7c22418321bc_w610_r1_s

កាលពីខែវិច្ឆិកា សាលាឧទ្ធរណ៍បានបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំរបស់អ្នកស្រី ទេព វន្នី ពាក់ព័ន្ធនឹងបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ឬត្រូវមានទោសក្នុងកម្រិតធ្ងន់ ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ ខាងមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០១៣។

ក្រោយពីការជំនុំជម្រះ សភាស៊ើបសួរនៃសាលាឧទ្ធរណ៍ បានសម្រេចបដិសេធសំណើសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់អ្នកស្រី ទេព វន្នី ដោយលើកមូលហេតុថា តុលាការបារម្ភពីអសន្តិសុខនិងសណ្ដាប់ធ្នាប់សង្គម។

នេះជាសំណុំរឿងមួយក្នុងរឿងជាច្រើនរបស់អ្នកស្រី ទេព វន្នី ដែលជាអ្នកដឹកនាំការតវ៉ាប្រឆាំងការរំលោភដីធ្លីក្នុងតំបន់បឹងកក់ ដែលបានក្លាយជាតំបន់ពាណិជ្ជកម្មនៅកណ្តាលរាជធានីភ្នំពេញ៕

ប្រភព៖ VOA