គម្រោងបោះឆ្នោតនៅក្រុមប្រឹក្សាសន្តិសុខអ.ស.ប ទៅលើសេចក្តីសម្រេចទាក់ទងនឹងអាណានិគមអ៊ីស្រាអែលនៅលើទឹកដីប៉ាឡេស្ទីន ដែលគេគ្រោងធ្វើកាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ ត្រូវបានគេផ្អាកទៅវិញ នៅក្រោយពីមានការជជែកតាមទូរស័ព្ទ រវាងលោកដូណាល់ត្រាំ និងប្រធានាធិបតីអេហ្ស៊ីប ដែលជាប្រទេសរៀបចំសេចក្តីព្រាង។ ក៏ប៉ុន្តែ ប្រទេស ៤ផ្សេងទៀត បានព្រមានថា ប្រសិនបើអេហ្ស៊ីបមិនដាក់សេចក្តីព្រាងនេះឲ្យក្រុមប្រឹក្សាសន្តិសុខអនុម័តទេ ពួកគេនឹងធ្វើសំណើដោយខ្លួនឯង។

សេចក្តីព្រាងសេចក្តីសម្រេចដែលគេគ្រោងដាក់ឲ្យក្រុមប្រឹក្សាសន្តិសុខអ.ស.បអនុម័ត នៅល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ចែងទាមទារឲ្យអ៊ីស្រាអែល “បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពតាំងលំនៅឋានជនជាតិជ្វីហ្វនៅលើទឹកដីប៉ាឡេស្ទីន” ដោយបានសង្កត់ធ្ងន់ថា សកម្មភាពអស់ទាំងនេះគឺជា “ការរំលោភទៅលើច្បាប់អន្តរជាតិ និងជាឧបសគ្គចម្បងដែលរារាំងដំណោះស្រាយសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន”។

ក៏ប៉ុន្តែ នៅនាទីចុងក្រោយ អេហ្ស៊ីបដែលជាអ្នកព្រាងសេចក្តីសម្រេចនេះបានប្រកាសផ្អាកគម្រោងបោះឆ្នោតនេះទៅវិញ ហើយការផ្អាកនេះត្រូវបានធ្វើឡើង នៅក្រោយពីមានការជជែកតាមទូរស័ព្ទ រវាងប្រធានាធិបតីអេហ្ស៊ីប និងលោកដូណាល់ត្រាំ។ លោកដូណាល់ត្រាំ ដែលជាប្រធានាធិបតីទើបនឹងជាប់ឆ្នោត តែនៅមិនទាន់ចូលកាន់តំណែងនៅឡើយ បានទាមទារឲ្យអាមេរិកប្រើសិទ្ធិវ៉េតូរបស់ខ្លួនដើម្បីរារាំងសេចក្តីសម្រេចនេះ នៅក្នុងពេលដែលគេឃើញមានតម្រ៉ុយជាច្រើនបង្ហាញថា រដ្ឋាភិបាលរបស់លោកអូបាម៉ាអាចនឹងបោះឆ្នោតអនុប្បវាទ ពោលគឺ មិនប្រើសិទ្ធិវ៉េតូ។

គិតមកទល់នឹងពេលនេះ អេហ្ស៊ីបនៅមិនទាន់បានបញ្ជាក់ច្បាស់លាស់នៅឡើយទេថា តើសេចក្តីព្រាងសេចក្តីសម្រេចនេះនឹងត្រូវដាក់ជូនក្រុមប្រឹក្សាសន្តិសុខអនុម័តនៅថ្ងៃណា។ ក៏ប៉ុន្តែ មន្រ្តីទូតអ.ស.បបានបង្ហើបឲ្យដឹងថា ការបោះឆ្នោតអាចនឹងរៀបចំធ្វើនៅថ្ងៃសុក្រនេះ ចំណែកឯតំណាងរដ្ឋាភិបាលប៉ាឡេស្ទីនវិញបានឲ្យដឹង ក្រោយការប្រជុំបន្ទាន់នៃសម្ព័ន្ធអារ៉ាប់កាលពីល្ងាចម្សិលមិញថា គេប្រហែលជាត្រូវរង់ចាំពីរថ្ងៃទើបអាចសម្រេចពីកាលបរិច្ឆេទថ្មី។

ទោះជាយ៉ាងណាក៏ដោយ ប្រទេសចំនួន ៤ផ្សេងទៀត ដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខដែរ គឺរួមមាន ម៉ាឡេស៊ី នូវែលសេឡង់ វេណេស៊ុយអេឡា និងសេណេហ្កាល់ បានទាមទារឲ្យអេហ្ស៊ីបបញ្ជាក់ជំហររបស់ខ្លួនឲ្យបានច្បាស់លាស់នៅត្រឹមថ្ងៃសុក្រនេះ បើមិនដូច្នោះទេ ពួកគេនឹងរៀបចំសេចក្តីព្រាងដោយខ្លួនឯង ដើម្បីដាក់ឲ្យក្រុមប្រឹក្សាសន្តិសុខអនុម័ត៕

ប្រភព៖ RFI