ខេត្តកំពង់ចាម៖ កាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី២៣ធ្នូ២០១៦នេះ នៅភូមិទី៨ ឃុំ ព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ដោយមានហេតុការណ៍ភ្ញាក់ផ្អើលព្រោះតែស្ត្រីអភ័ព្វម្នាក់បានចាកចេញពី ស្រុកកំណើតមកតាមប្តីហេងស៊យ(មិនបានរៀបការ)ដែលមករស់នៅស្រុកកំណើតខាងប្តី ហើយត្រូវបុរសជាប្តីបានប្រើអំពើហិង្សាក្នុងគ្រួសារ វាយនាងរហូតដល់ស្លាប់។
បើយោងតាមលោកប្រេងហ៊ីម អធិការនគរបាលស្រុកកោះសូទិន បានឲ្យដឹងថា សពស្ត្រីរងគ្រោះឈ្មោះ អ៊ាងសាន អាយុ៤៨ឆ្នាំ មានស្រុកកំណើត នៅខេត្តបន្ទាយមានជ័យ មាន ស្លាកស្នាមជាំប៉ោងលើផ្ទៃមុខនិងខ្លួនប្រាណជាច្រើនកន្លែងពិសេសត្រង់ប្រដាប់ភេទ មានស្នាមបុក ដោយវត្ថុរឹង(ដងពូថៅ)បណ្ដាលឲ្យស្លាប់នៅលើផ្ទះកើតហេតុ។

Loading...

នៅវេលាម៉ោង៦ថ្ងៃដដែល ទើបសមត្ថកិច្ចទទួលដំណឹងពីប្រជាពលរដ្ឋជាម្ចាស់ផ្ទះ ហើយសមត្ថកិច្ច បាននាំខ្លួនជនបង្កជាប្តីឈ្មោះ ស៊ឹម កែវ អាយុ៥០ឆ្នាំ មានស្រុកកំណើតនៅភូមិ-ឃុំកើតហេតុ។

ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា កន្លងមកជាច្រើនឆ្នាំឈ្មោះ ស៊ីម កែវ បានចេញពីស្រុកកំណើតទៅរកស៊ីនៅឯស្រុកក្រៅមិនដឹងទិសដៅពិតប្រាកដ ក្រោយមកឈ្មោះ ស៊ីម កែវ បានយកនារីម្នាក់ឈ្មោះ អ៊ាង សាន (ជនរងគ្រោះ) ធ្វើជាប្រពន្ធដោយមិនបានរៀបការ។

យូរៗគេឃើញឈ្មោះ ស៊ីម កែវ នាំប្រពន្ធមកលេងស្រុកកំណើតរបស់ខ្លួនម្ដង ហើយក៏ចេញទៅបាត់។ ថ្មីៗនេះឈ្មោះ ស៊ីម កែវ បាននាំប្រពន្ធ(ស្ត្រីរងគ្រោះ)មកសុំផ្ទះបងប្អូនស្នាក់នៅ(ផ្ទះកើតហេតុ)ហើយម្ចាស់ផ្ទះក៏យល់ព្រម ដោយម្ចាស់ផ្ទះជាជាងជួសជុលកង់ម៉ូតូទៅស្នាក់នៅតៀមកន្លែងប៉ះកង់នៅចម្ងាយប្រហែល២០ម៉ែត្រខាងមុខផ្ទះរបស់ខ្លួន។

ប្តីប្រពន្ធនេះ ស្រវឹងស្រារៀងៗខ្លួន ហើយក៏ចូលដេកនៅផ្ទះកើតហេតុ។ នៅវេលាម៉ោង៤ទាបភ្លឺថ្ងៃកើតហេតុគេឮអ្នកទាំង២ឈ្លោះប្រកែកគ្នាម្តងទៀត តែគេមិនចាប់អារម្មណ៍ ព្រោះអ្នកទាំង២តែងតែឈ្លោះគ្នាជាប្រចាំ។ នៅវេលាម៉ោង៦ភ្លឺថ្ងៃដដែល(២៣ធ្នូ២០១៦)គេដឹងថា បុរសជាប្តីបានវាយប្រពន្ធរហូតដល់ស្លាប់ទើបម្ចាស់ផ្ទះរាយការណ៍ប្រាប់សមត្ថកិច្ច។
ករណីហិង្សាក្នុងគ្រួសាររហូតដល់ស្លាប់នេះ បុរសជាប្តី បានសារភាពថា គឺមកពីខ្លួនស្រវឹងហើយខឹងប្រពន្ធមិនឲ្យរួមរ័កគួបផ្សំ និងភ្លើងប្រច័ណ្ឌផង ក៏ជ្រុលដៃវាយប្រពន្ធស្លាប់ទៅ៕

ប្រភព៖ sensoknews