សៀមរាប៖ តាមរយៈសហគមន៍ ដាអ៊ីល (DAIL) កាកបាទក្រហមកូរ៉េ បានផ្តល់ការសាងសង់ផ្ទះថ្មី និងជួសជុលចំនួន៥០ខ្នង ដល់ប្រជាពលរដ្ឋក្រីក្រក្នុងភូមិអូរម្នាស់ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ប្រជាពលរដ្ឋដែលទទួលបានផ្ទះទាំងនោះ សុទ្ធសឹងជាជនក្រីក្រ និងជនរងគ្រោះដោយសារគ្រាប់មីន។

ដោយមើលឃើញពីភាពខ្វះខាតរបស់ប្រជាពលរដ្ឋក្រីក្រខាងលើ កាកបាទក្រហមកូរ៉េតាមរយៈសហគមន៍ ដាអ៊ីល ដែលធ្វើសកម្មភាពជួយជនក្រីក្រនៅខេត្តសៀមរាប បានផ្តល់ថវិកាជួយសង់ផ្ទះដល់ពួកគេ។ ពួកគេទាំងនោះភាគច្រើនជាជនរងគ្រោះដោយសារគ្រាប់មីនដែលសេសសល់ពីសម័យសង្គ្រាម និងខ្លះទៀតមានជីវភាពខ្វះខាត និងមានសមាជិកគ្រួសារច្រើន។

កាកបាទក្រហមកូរ៉េតាមរយៈសកម្មភាពមនុស្សធម៌របស់ខ្លួន ក្រៅពីការជួយសាងសង់ផ្ទះ និងជួសជុលដល់ពលរដ្ឋកម្ពុជាហើយនោះ ក្នុងនោះក៏មានការផ្តល់ជូនដូចជាការចិញ្ចឹមសត្វមាន់ ទា ដើម្បីឲ្យប្រជាពលរដ្ឋមានលទ្ធភាពរកចំណូលបន្ថែម ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងសង្គមផងដែរ។

សហគមន៍ដាអ៊ីល មានស្នាក់ការស្ថិតនៅភូមិភ្នំក្រោម ឃុំចុងឃ្នៀស សង្កាត់សៀមរាប ក្រុងសៀមរាប។ ជាង១០ឆ្នាំមកហើយដែលសហគម៍របស់កូរ៉េមួយនេះបានជួយដល់សហគមន៍ក្នុងខេត្តសៀមរាប ទៅលើស្រុក-ក្រុងចំនួន៣ មានក្រុងសៀមរាប ស្រុកពួក និងស្រុកបន្ទាយស្រី។ ក្រៅពីខេត្តសៀមរាប សហគមន៍នេះក៏មានស្នាក់ការមួយទៀតនៅរាជធានីភ្នំពេញ ដោយបានជួយដល់កុមារក្រីក្រ ដូចជាការផ្តល់អាហារូបត្ថម្ភ អាហារូបករណ៍ដល់សិស្សក្រីក្រ និងការសាងសង់ផ្ទះ ក៏ដូចជាផ្តល់មុខរបរចិញ្ចឹមមាន់ ទា ។ល៕

ប្រភព៖ ថ្មីៗ