អ្នកប្រាជ្ញបានពោលថា «មនុស្សល្ងង់ កាលបើមានពេល ក៏រីករាយភ្លើតភ្លើនទៅក្នុងការរកអាហារឆ្ងាញ់ៗ មកដាក់មាត់ ដាក់ពោះ។ ចំណែកមនុស្សឆ្លាត កាលបើមានពេលហើយ ក៏រីករាយក្នុងការរកអាហារមកដាក់ខួរក្បាលនាំឲ្យមានបញ្ញា ដូច្នេះ កូនម៉ែត្រូវរៀនច្រើន អានច្រើន ស្តាប់ច្រើន ហើយសំខាន់បំផុតត្រូវមានមិត្តល្អ»។

ម៉ែសូមឲ្យកូនតាំងចិត្តរៀនដោយល្អ គ្រប់វិជ្ជាទាំងអស់ដែលជាវិជ្ជាមានប្រយោជន៍។ ម៉ែសូមឲ្យកូនអស់ប្រាក់ក្នុងការដូរយកនូវចំណេះវិជ្ជា។ ប្រាក់នោះឯង បើមិនអស់ទៅដើម្បីបាននូវចំណេះវិជ្ជាទេ ក៏ត្រូវអស់នៅក្នុងផ្លូវដទៃដែរ ដូចជា ការប្រើប្រាស់សម្លៀកបំពាក់ ការបរិភោគចំណីអាហារជាដើម តែរបស់នោះមិនមានតម្លៃដូចវិជ្ជាទេ ថែមទាំងមិនឋិតថេរយឹនយូរទៀតផង។ ឯចំណែកវិជ្ជាវិញ ជារបស់ឋិតថេរជាប់តាមខ្លួនកូនរហូតមួយជីវិត ប្រើប៉ុនណាក៏មិនចេះអស់ រឹតតែជីករឹតតែជួប រឹតតែស្រាវជ្រាវរឹតតែចេះ រឹតតែប្រើរឹតតែជំនាញ ដូច្នេះការចាយវាយប្រាក់ដូរយកនូវចំណេះដឹង ទើបបណ្ឌិតពោលសរសើរ។

Loading...

ម៉ែសូមឲ្យកូននឹករលឹកជានិច្ចថា ប្រាក់មួយរយៗនេះគឺជាតំណក់ញើសឈាមរបស់ម៉ែឪដែលខំប្រឹងធ្វើការ។ ម៉ែសូមឲ្យកូនយល់ដឹងក្នុងការចាយប្រាក់ គឺត្រូវចាយឲ្យមានប្រយោជន៍ជាទីបំផុត។ ព្យាយាមយកឈ្នះចិត្តអាក្រក់របស់ខ្លួនឯង កុំខ្ជះខ្ជាយខ្ជោកខ្ជាកឲ្យសោះ។

សូមកូនម៉ែខំប្រឹងរៀនឲ្យបានឡើងថ្នាក់រាល់ឆ្នាំ ព្រោះការរៀនធ្លាក់ត្រូវត្រួតថ្នាក់នោះ គឺជាការខូចពេលវេលា ខូចកម្លាំងចិត្ត និងអស់ប្រាក់ថែមផ្ទួនទៅទៀតផង៕

ប្រភព៖ សៀវភៅម៉ែ របស់អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស

ដកស្រង់ពី៖ ថ្មីៗ