ស្ថាប័នរដ្ឋរបស់ប្រទេសចិនបានព្រមានកាលពីចុងខែវិច្ឆិកានេះថា រដ្ឋាភិបាលក្រុងប៉េកាំងត្រៀមខ្លួន រួចរាល់ហើយក្នុងការដាក់តំបន់កំណត់ការពារដែនអាកាស (ADIZ) ចូលក្នុងតំបន់សមុទ្រចិនខាងត្បូងដែលមានជម្លោះ ក្នុងគោលដៅដើម្បីឲ្យពួកគេមានអំណាចតាមដានចរាចរណ៍យន្តហោះរបស់បរទេស។ ក៏ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា ការធ្វើបែបនេះនឹងបង្កើនការខឹងសម្បាពីប្រទេសនានា ដោយមិនមានការខ្លាចរអាចំពោះការធ្វើចរាចរនោះឡើយ។

តៃប៉ិ —ចំណាត់ការនេះនឹងធ្វើទៅតាមវិធាននានាក្នុងការត្រួតពិនិត្យចរាចរកប៉ាល់បរទេសនៅក្នុងដែនសមុទ្រដែលមានជម្លោះនោះ ហើយនឹងបញ្ជាក់ពីចេតនារបស់ចិនក្នុងការទាមទារកាន់កាប់ដែនសមុទ្រដ៏ធំធេងរបស់ខ្លួន បន្ទាប់ពីតុលាការអាជ្ញាកណ្ដាលអន្តរជាតិបានចេញសាលក្រមកាលពីខែកក្កដាដែលបានបញ្ជាក់ថា ប្រទេសចិនមិនមានអំណះអំណាងតាមផ្លូវច្បាប់គ្រប់គ្រាន់ឡើយ។

ប្រទេសចិនចាត់ទុកដែនទឹក៩៥ភាគរយនៃដែនសមុទ្រនោះថាជារបស់ខ្លួន ហើយការពង្រាយកម្លាំងយោធានៅលើកូនកោះតូចៗចាប់តាំងពីឆ្នាំ២០១០មក បានបង្កឲ្យមានកំហឹងរាប់ចាប់ពីមន្រ្តីរដ្ឋាភិបាលទីក្រុងហ្សាការតា រហូតដល់វ៉ាស៊ីនតោន។ រដ្ឋាភិបាលទីក្រុងប៉េកាំង ត្រូវបានគេរាយការណ៍ថា បានលេងសើចចំពោះគំនិតក្នុងការដាក់តំបន់កំណត់ការពារដែនអាកាស (ADIZ) នេះ បន្ទាប់ពីសាលដីការបស់តុលាការ។

លោក Euan Graham នាយកផ្នែកសន្តិសុខអន្តរជាតិនៃវិទ្យាស្ថាន Lowy សម្រាប់គោលនយោបាយអន្តរជាតិ ក្នុងទីក្រុងស៊ីដនី បាននិយាយថា៖ «ប្រសិនបើប្រទេសចិនពិតជាធ្វើបែបនេះមែននោះ ចិនទំនងជានឹងរៀបចំតាមវិធីសាស្រ្តចម្រុះ ដូចជាការធ្វើសមយុទ្ធយោធានៅតំបន់ហាមឃាត់ ហើយវានឹងជាចំណុចសាកល្បងមួយក្នុងការពង្រីកដែនភូមិសាស្ត្រ ឬការពង្រីករយៈកាលនៃការធ្វើសមយុទ្ធនៅតំបន់ទាំងនោះ ជាជាងជ្រើសរើសយកតំបន់កំណត់ការពារដែនអាកាស (ADIZ)ទាំងស្រុង»។

ក្រុមអ្នកជំនាញរបស់រដ្ឋាភិបាលចិននៅវិទ្យាស្ថានជាតិសម្រាប់ការសិក្សាសមុទ្រចិនខាងត្បូង បាននិយាយថា ដោយសារតែមានការល្បាតស៊ើបការណ៍ដោយសហរដ្ឋអាមេរិកប្រមាណ៧០០ដងនៅលើដែនសមុទ្រកាលពីឆ្នាំមុន រដ្ឋាភិបាលក្រុងប៉េកាំងបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការបង្កើតតំបន់ដែនអាកាសខ្លួន ដរាបណារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនព្រមបញ្ឈប់សកម្មភាពនោះ។

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចាត់ទុកប្រទេសជិតខាងចិននានាជាសម្ព័ន្ធមិត្តរបស់ខ្លួន និងចាត់ទុកផ្នែកភាគច្រើននៃសមុទ្រនោះជាផ្លូវទឹកអន្តរជាតិ។ ប្រទេសចិនបាននិយាយថា ប្រទេសមហាអំណាចដៃគូប្រជែងមួយនេះ កំពុងតែទប់ស្កាត់ការពង្រីកអំណាចរបស់ខ្លួន។

ប្រទេសព្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់ វៀតណាម និងហ្វីលីពីន ក៏បានអះអាងរៀងៗខ្លួនលើភាពជាម្ចាស់នៃផ្នែកទាំងអស់ឬ ភាគខ្លះនៃដែនសមុទ្រដែលសម្បូរទៅដោយមច្ឆជាតិ និងអាចមានធនធានប្រេងដ៏មានតម្លៃនៅក្រោមសមុទ្រ។ តំបន់សមុទ្រចិនខាងត្បូង មានទំហំ៣,៥ លានគីឡូម៉ែត្រការ៉េ (ស្មើនឹង ១,៤ លានម៉ាលការ៉េ) លាតសន្ធឹងពីកោះតៃវ៉ាន់រហូតដល់ប្រទេសសិង្ហបុរី។

ប្រទេសចិនទំនងជាអាចនឹងបង្កើតតំបន់ដែនអាកាសដែលឈ្មោះហៅកាត់ថា ADIZ តាមរយៈការប្រើប្រាស់ប្រព័ន្ធរ៉ាដា ប្រសិនបើការបង្កើតនោះនៅក្នុងតំបន់ Scarborough Shoal ភាគខាងលិចប្រទេសហ្វីលីពីន នេះបើយោងតាមលោក Carl Thayer សាស្រ្តាចារ្យចូលនិវត្តន៍ផ្នែកនយោបាយនៃសាកលវិទ្យាល័យ New South Wales ប្រទេសអូស្ត្រាលី។ ការដំឡើងនេះ អាចនឹងក្លាយជាមុំទីបីនៃមុំត្រីកោណសម្រាប់ភ្ជាប់ទៅនឹងកម្រងកោះ Paracel និងកម្រងកោះ Spratly។

ប៉ុន្តែបន្ទាប់ពីការចេញសាលដីការបស់តុលាការអាជ្ញាកណ្តាលកាលពីខែកក្កដាមក ប្រទេសដែលទាមទារទាំងអស់បានងាកទៅជជែកពិភាក្សាជាមួយប្រទេសចិន ជាជាងសាកល្បងអនុវត្តតាមសាលដីកាដែលប្រឆាំងប្រទេសចិន។ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលធ្វើការប្រកួតប្រជែងជាមួយចិនលើការគ្រប់គ្រងដែនសមុទ្រ បានងាកមករកការធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយចិនវិញ។

លោក Graham បាននិយាយថា៖ «ខ្ញុំគ្រាន់តែគិតថា ប្រទេសចិនមិនមានជំហររឹងមាំទេ ក្នុងការអនុវត្តសាលដីកា និងការដាក់តំបន់សមុទ្រជាតំបន់កំណត់ការពារដែនអាកាស (ADIZ)។ ខ្ញុំគិតថា នយោបាយនៃសមុទ្រចិនខាងត្បូងនៅពេលនេះ កំពុងដើរឆ្ពោះទៅមុខបែបវិជ្ជមាន ហើយខ្ញុំគិតថា ការណ៍នេះអាចនឹងបង្ហាញពីវិធីសាស្រ្តកាន់តែប្រុងប្រយ័ត្នរបស់ប្រទេសចិន»។

ផ្អែកតាមការធ្លាក់ជាតិវិទ្យុសកម្មចេញពីតំបន់ ADIZ របស់ចិនដែលបានប្រកាសឲ្យដឹងនៅសមុទ្រចិនខាងកើតជិតទីក្រុងសៀងហៃកាលពី៣ឆ្នាំមុន អង្គភាពយោធា និងក្រុមហ៊ុនអាកាសចរអន្តរជាតិនានាទំនងជានឹងប្រឆាំងនឹងបទបញ្ជាថ្មីៗពីរដ្ឋាភិបាលក្រុងប៉េកាំងដែលតម្រូវឲ្យមានការត្រួតពិនិត្យជើងហោះហើរ នោះបើតាមសំដីរបស់ក្រុមអ្នកជំនាញ។

យន្តហោះយោធាហោះចេញពីប្រទេសជប៉ុនដែលមានតំបន់សមុទ្រចិនខាងកើតត្រួតស៊ីគ្នាជាមួយតំបន់សមុទ្ររបស់ចិន ក៏ដូចជាយន្តហោះរបស់សហរដ្ឋអាមេរិក បានហោះឆ្លងកាត់ជាធម្មតាលើតំបន់ដែលប្រទេសចិនបានចាត់ទុកជាតំបន់កំណត់ការពារដែនអាកាស (ADIZ)របស់ខ្លួន។ ចិនធ្លាប់បានបញ្ជាឲ្យយន្តហោះហោះត្រឡប់ទៅវិញតែមួយគត់ គឺយន្តហោះដឹកអ្នកដំណើរចេញពីប្រទេសឡាវ ដោយយោងលើហេតុផលថាមិនមានផែនការហោះហើរសមស្រប។

ប្រទេសចិនថែមទាំងបានបង្កើតច្បាប់ និងចាត់តាំងនាវាជាច្រើនដើម្បីត្រួតពិនិត្យកប៉ាល់បរទេស តាមរយៈបទបញ្ជាថ្មីមួយនៅខែកក្កដាឆ្នាំនេះ។ វិធានការទាំងនោះ ត្រូវបានគេរំពឹងថាអាចមានឥទ្ធិពលតិចតួចលើចរាចរជាក់ស្តែង។

នាវានិងទូកនានា ត្រូវមានការយល់ព្រមពីអាជ្ញាធរថ្នាក់តំបន់របស់ចិនជាមុនសិន មុនពេលចូលនេសាទ ឬធ្វើការសិក្សាស្រាវជ្រាវនានា នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលបានផ្សាយកាលពីខែធ្នូ ឆ្នាំ២០១៤។ បទបញ្ជារបស់អាជ្ញាធរខេត្ត Hainan នៅភាគខាងត្បូងរបស់ចិន បានចូលជាធរមាននៅខែមករា ឆ្នាំ២០១៥ និងមានអំណាចគ្របដណ្តប់២ភាគ៣នៃដែនសមុទ្រ។

នាវាធំៗរបស់ប្រទេសវៀតណាម និងហ្វីលីពីន នៅតែបន្តប្រើប្រាស់ផ្លូវទឹកនៅតំបន់នោះដូចពេលមុនដដែល។ ចរាចររបស់នាវាដឹកទំនិញផ្លូវសមុទ្ររបស់ពិភពលោកជិតពាក់កណ្តាល ក៏កំពុងប្រើប្រាស់ផ្ទៃទឹកសមុទ្រចិនខាងត្បូងដែរ ហើយបទបញ្ជារបស់រដ្ឋាភិបាលក្រុងប៉េកាំងមិនបានបង្អាក់ចរាចរអ្វីនោះឡើយ។

ប៉ុន្តែក្នុងឆ្នាំនេះ រដ្ឋបាលសុវត្ថិភាពផ្លូវសមុទ្ររបស់ចិន បានចេញបទបញ្ជាហាមឃាត់កប៉ាល់បរទេសមិនឲ្យធ្វើចរាចរឆ្ងាយពីខ្សែទឹកចម្ងាយ៦៣.០០០គីឡូម៉ែត្រការ៉េក្បែរប្រទេសវៀតណាម និងតំបន់ ប្រជុំកោះ Paracels ដើម្បីឲ្យពួកគេធ្វើសមយុទ្ធជើងទឹករយៈពេល៦ថ្ងៃ។ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកបាននិយាយថា ពួកគេនឹងមិនគាំទ្រការហាមឃាត់នេះទេ នេះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថានជើងទឹកសហរដ្ឋអាមេរិក។

សេចក្តីប្រកាសដ៏គ្រោះថ្នាក់បំផុតមួយបានបញ្ជាក់ថា ប្រទេសចិនបានបញ្ជូននាវាចម្បាំងឲ្យតាមដាននាវាពិឃាតកងទ័ពជើងទឹកអាមេរិកឈ្មោះ USS Lassen ខណៈពេលដែលនាវានេះបានឆ្លងចូលចម្ងាយប្រមាណ ២២គីឡូម៉ែត្រក្នុងតំបន់កោះសិប្បនិម្មិតនៃកម្រងកោះ Spratly។ នាវាសហរដ្ឋអាមេរិកបានចូលទៅក្នុងដែនទឹកសមុទ្រនោះដើម្បីបង្ហាញថា ទីនោះគឺសម្រាប់ការប្រើប្រាស់អន្តរជាតិដោយសេរី។

ក៏ប៉ុន្តែលោក Thayer បាននិយាយថា ដើម្បីបញ្ចៀសប្រតិកម្មប្រឆាំងពីប្រទេសនានាក្នុងតំបន់ ប្រទេសចិននឹងមិនបញ្ឈប់ការដឹកទំនិញតាមផ្លូវទឹកដែលផ្ដល់ប្រយោជន៍ដល់សេដ្ឋកិច្ចនៅតំបន់អាស៊ីខាងកើតនោះឡើយ។

លោក Thayer បាននិយាយថា៖ «ខ្ញុំគិតថា គ្មានប្រទេសណាមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ជឿថាប្រទេសចិននឹងលូកដៃចូលក្នុងដែននាវាចរពាណិជ្ជកម្មទេ។ ទាំងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ សុទ្ធតែពឹងផ្អែកគា្នទៅវិញទៅមកយ៉ាងខ្លាំង។ ប្រសិនបើប្រទេសចិនពិតជាចង់ធ្វើបែបនោះមែន វានឹងប៉ះពាល់ដល់សេដ្ឋកិច្ចសាកល។ វានឹងធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំង។ ប្រទេសចិនពិតមានការអាក់អន់ចិត្តយ៉ាងខ្លាំងលើការប្រើប្រាស់យន្តហោះ និងនាវាយោធានានាក្នុងតំបន់នោះ ពីព្រោះវាជាដែនទឹកដែលខ្លួនកំពុងទាមទារ»។

ក្នុងឆ្នាំនេះ ប្រទេសចិនក៏បានកសាងនាវាល្បាតឆ្នេរសមុទ្រទី២ចំណុះមួយម៉ឺនតោនរបស់ខ្លួន ដើម្បី «ការពារសិទ្ធិក្នុងការធ្វើនាវាចររបស់ចិន» នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Global Times ដែលគាំទ្របក្សកុម្មុយនិស្ត មានមូលដ្ឋាននៅទីក្រុងប៉េកាំង។ នាវាល្បាតឆ្នេរសមុទ្រទី១ បានចេញល្បាតក្នុងសមុទ្រចិនខាងកើតកាលពីឆ្នាំមុន។ នាវាល្បាតឆ្នេរសមុទ្ររបស់ចិន បានចេញដំណើរជាប្រចាំដើម្បីអមការពារទូកនេសាទចិនក្នុងដែនទឹកសមុទ្រចិនខាងត្បូង។

ប្រទេសចិនអាចចង់យកគោលការណ៍ នាវា និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនដែលមានរួចជាស្រេចនៅទីនោះ សម្រាប់ប្រើប្រាស់ក្នុងរយៈពេលយូរអង្វែងជាក់លាក់ណាមួយ ជាជាងការបង្វែររាល់ទូកទាំងអស់ឲ្យត្រឡប់ថយក្រោយវិញ នេះបើតាមសំដីលោក Andrew Yang អគ្គលេខាធិការនៃក្រុមអ្នកជំនាញក្រុមប្រឹក្សាសិក្សាគោលនយោបាយជាន់ខ្ពស់របស់ចិនមានមូលដ្ឋាននៅកោះតៃវ៉ាន់។

លោក Yang បានបញ្ជាក់ថា៖ «ខ្ញុំគិតថា ពួកគេនឹងមិនធ្វើអ្វីបែបនេះក្នុងលក្ខណៈខឹងច្រឡោតណាមួយទេ។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជុំវិញតំបន់ Paracels និងនៅលើកោះនានាក្នុងសមុទ្រចិនខាងត្បូងមានរួចជាស្រេចទៅហើយ ដូច្នេះពួកគេគ្រាន់តែរង់ចាំមើល និងបន្តធ្វើសកម្មភាពទាំងនោះបន្តទៅទៀតតែប៉ុណ្ណោះ»៕

ប្រភព៖ VOA