ប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍រួមមានប្រទេសហ្វីលីពីន ឥណ្ឌូណេស៊ីនិងប្រទេសថៃ កំពុងរឹតបន្តឹងសន្តិសុខបន្ទាប់ពីមានការព្រមានពីការវាយប្រហារភេរវកម្មដោយពួកអ្នកគាំទ្រក្រុមរដ្ឋឥស្លាមនៅថ្ងៃឈប់សម្រាកបុណ្យណូអែល និងចូលឆ្នាំសាកល។

ប្រទេសឥណ្ឌូណេស៊ីបានប្រាប់ឲ្យដឹងថា ខ្លួនកំពុងដាក់ពង្រាយប៉ូលិសជាង១សែន៥ ម៉ឺននាក់បន្ទាប់ពីប៉ូលិសបានរកឃើញផែនការរបស់ក្រុមដែលជាប់ទាក់ទិនជាមួយក្រុមរដ្ឋឥស្លាមដើម្បីធ្វើការវាយប្រហារដោយមានយុទ្ធនាការបំផ្ទុះគ្រាប់បែកនៅថ្ងៃបុណ្យណូអែល។

មានអ្នកកាន់សាសនាគ្រិស្តប្រហែល២៤លាននាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានប្រហែល១០ភាគរយនៃប្រជាពលរដ្ឋទាំងមូលរបស់ប្រទេសនេះ។ ក្នុងពេលនេះដែរនិងមានការកើនឡើងយ៉ាងខ្លាំងនូវភ្ញៀវទេសចរណ៍ដែលមកសម្រាកលំហែកាយនៅកោះបាលី។

លោកស្រី Sidney Jones នាយកវិទ្យាស្ថានសម្រាប់ការវិភាគគោលនយោបាយជម្លោះដែលមានទីតាំងនៅក្នុងរដ្ឋធានីហ្សារកាតានិយាយថា ការបង្កើនសន្តិសុខនឹងជួយបន្ថយការព្រួយកង្វល់។

លោកស្រីនិយាយថា៖ «ពលរដ្ឋនៅក្នុងប្រទេសឥណ្ឌូណេស៊ីមានការភ័យខ្លាចក៏ប៉ុន្តែ មានភាពធូរស្រាលដោយការតាមពិតជារៀងរាល់ឆ្នាំមានការព្រមានប្រហាក់ប្រហែលគ្នាអំពីលទ្ធភាពនៃការវាយប្រហារភេរវកម្ម ហើយប៉ូលិសចេញការពារយ៉ាងច្រើន ជាពិសេសនៅបុណ្យណូអែលនិងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំសាកល។ វិធីរារាំងរបស់សមត្ថកិច្ចមានប្រសិទ្ធិភាព‍»។

ការព្រួយកង្វល់កើតមានឡើងបន្ទាប់ពីការព្រមាននៅសប្តាហ៍នេះដោយក្រសួងការបរទេសអូស្រ្តាលីថា ជនជាតិអូស្រ្តាលីនៅក្នុងប្រទេសហ្វីលីពីន ឥណ្ឌូណេស៊ី និងប្រទេសថៃចាំបាច់ស្ថិតក្នុងការប្រុងប្រយ័តខ្ពស់នៅពេលដែលមានការគំរាមកំហែងវាយប្រហារភេរវកម្ម រួមមានទីក្រុងបាងកក និងកន្លែងលំហែកាយកោះភូកេត៕

ប្រភព៖ VOA