(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាកឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ និងសមត្ថកិច្ចប្រចាំនៅច្រកអន្តរជាតិប៉ោយប៉ែត ធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់ចំពោះករណីចោទប្រកាន់រថយន្តលុច្សស៊ីស បុកមន្រ្តីអន្តោប្រវេសន៍ នៅច្រកអន្តរជាតិប៉ោយប៉ែត នៅសប្តាហ៍មុន។

ការដាក់បញ្ជាឱ្យមានការស៊ើបអង្កេតករណីនេះ ឱ្យបានច្បាស់លាស់ បានធ្វើឡើងបន្ទាប់ពី មានសេចក្តីរាយការណ៍ផ្សេងៗគ្នាអំពីករណីនេះដោយអ្នកខ្លះថា ជាការធ្វើពុតរបស់ជនរងគ្រោះ ព្រោះរថយន្តមិនបានបើកបុកទេ។ ចំណែកព័ត៌មានខ្លះទៀតថា ករណីនេះភាគីខាងរថយន្តពិតជាបើកបំបុក ជនរងគ្រោះមែន។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯរដ្ឋសភា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំអនុម័តលើសេចក្តីព្រាងវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នោះ សម្តេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «បញ្ហានេះវាជារឿងថ្មីពេក បើកាលណាយើងហ៊ានសន្និដ្ឋានថ្មីៗ។ ខ្ញុំក៏បានដឹងខ្លះដែរ។ ខ្ញុំបានបញ្ជាឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏ដូចជាអាជ្ញាធរខេត្តបន្ទាយមានជ័យឱ្យពិនិត្យមើលបញ្ហានេះ ដើម្បីឈានទៅសន្និដ្ឋានពិតប្រាកដ»។

សូមបញ្ជាក់ថា កាលពីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅត្រង់ក្បាលស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ គ្រោះថ្នាក់ចរាចរណ៍នេះ មានការអះអាងថាបង្ករថយន្តម៉ាក LEXUS RX300 ពាក់ស្លាក់លេខ ប-ជ 2A 5484 ពណ៌ស្ករ បើកបរដោយ លោក ឌិន ពុទ្ធី ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បើករថយន្តបុក លោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍អន្តោប្រវេសន៍ប៉ោយប៉ែត ដែលចុះរៀបចំសណ្ដាប់ធ្នាប់នៅ លើស្ពានមិត្តភាពកម្ពុជា-ថៃ បណ្តាលឱ្យសន្លប់បាត់ស្មារតី។ ប៉ុន្តែនៅលើបណ្តាញសង្គម Facebook បានអះអាងថា ករណីនេះ គឺជាការធ្វើពុត ដោយសារតែរថយន្តបើកយឺតៗនៅទីប្រជុំជន ហើយជនរងគ្រោះទៅពាំងមុខរថយន្តហើយធ្វើជាសន្លប់។

ទោះជាយ៉ាងណាករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរបញ្ជូនទៅតុលាការ និងសម្រេចឃុំខ្លួនអ្នកបើកបរផងដែរ៕

fn-2016-12-26-11-44-32-0 fn-2016-12-26-11-50-10-0

ប្រភព៖ freshnewsasia