ភ្នំពេញៈ កីឡាករជើងខ្លាំងរបស់កម្ពុជា អ៊ុង វិរៈ បានក្លាយជាម្ចាស់ខ្សែក្រវាត់គោជល់ ទម្ងន់ ៧៥ គីឡូក្រាម ដូចការរំពឹងទុក បន្ទាប់ពីរូបគេបានយកឈ្នះជើងខ្លាំងរបស់ថៃ Kamlai Phet ក្នុងការប្រកួតផ្តាច់ព្រ័ត្រ កាលពីថ្ងៃសៅរ៍ ហើយការឈ្នះខ្សែក្រវាត់ទម្ងន់យក្សនេះ វាមិនត្រឹមតែធ្វើឲ្យ អ៊ុង វិរៈ កាន់តែមានភាពល្បីល្បាញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាពេលដែលកំលោះរូបនេះ បានទទួលប្រាក់រង្វាន់ចំនួន ២០ លានរៀល យកទៅព្យាបាលជំងឺដ៏រ៉ាំរ៉ៃរបស់ម្តាយ ដែលកំពុងសម្រាកនៅតែលើគ្រែផងដែរ។

អ៊ុង វិរៈ បានប្រាប់កាលពីម្សិលមិញថា៖ «ការឈ្នះខ្សែក្រវាត់លើកនេះ វាមានតម្លៃជាងខ្សែក្រវាត់មួយទៀត ដែលខ្ញុំដណ្តើមបាន កាលឆ្នាំ ២០១២ នៅសង្វៀនបាយ័ន ព្រោះខ្សែក្រវាត់ក្រោយនេះ វាកើតចេញពីការដាក់ចិត្តខិតខំរបស់ខ្ញុំ ដើម្បីប្រជែងជាមួយកីឡាករថៃ ហើយការប្រឹងប្រែងទាំងនេះ គឺខ្ញុំត្រូវការប្រាក់រង្វាន់ពីការឈ្នះខ្សែក្រវាត់មួយនេះ ដើម្បីទៅព្យាបាលជំងឺម្តាយរបស់ខ្ញុំ»។

សិស្សគណក្លិបកងពលតូចឆត្រយោង ៩១១ អ៊ុង វិរៈ បានបញ្ជាក់ថា៖ «ម្តាយខ្ញុំ ឈឺតែរហូតមក គឺគាត់ឈឺគ្រប់តែមុខ ឈឺក្រពះផង និងជំងឺជាច្រើនទៀត ហើយជំងឺរបស់គាត់ មិនមែនចូលមើលពេទ្យល្មមៗនោះទេ គឺមានតែពេទ្យកាល់ម៉ែតអ៊ីនោះ។ ហេតុនេះនៅពេលខ្ញុំបានឈ្នះខ្សែក្រវាត់ និងបានប្រាក់រង្វាន់ច្រើនបែបនេះ ម្តាយខ្ញុំដែលឈឺសម្រាកនៅតែលើគ្រែនោះ គាត់សប្បាយចិត្ត ហើយខ្ញុំរឹតតែរំភើបរីករាយខ្លាំង ព្រោះបានប្រាក់រង្វាន់ច្រើន ពេលយើងកំពុងមានការខ្វះខាតបែបនេះ»។

សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រនេះ អ៊ុង វិរៈ បានយកឈ្នះ Kamlai Phet ដោយពិន្ទុជាឯកច្ឆន្ទ ដូចពេលដែលរូបគេបានយកឈ្នះកីឡាករថៃម្នាក់នេះ ក្នុងវគ្គជម្រុះវិលជុំកន្លងមកដែរ ប៉ុន្តែស្ថានភាពប្រកួត ហាក់មានភាពស្វិតស្វាញជាងមុន។ បើទោះបីជា វិរៈ បានយកប្រៀបខ្លាំងតាមរយៈការម៉ាត់ ពិសេសការរូសកែងរបស់គេ ក្នុងការប្រកួត ៣ ទឹកចុងក្រោយក៏ដោយ ប៉ុន្តែការទាត់ និងការព្យាយាមចូលប្តូរជង្គង់របស់ Kamlai Phet ក៏បានធ្វើឲ្យ អ៊ុង វិរៈ ជួបការលំបាកផងដែរ។

អ៊ុង វិរៈ បានសារភាពថា៖ «វាពិតមានការលំបាកជាងមុនមែន! ស្នៀតប្រកួតរបស់គេ គ្មានអ្វីប្លែកទេ គឺនៅតែដដែល តែគេបានចូលប្តូរជាមួយខ្ញុំច្រើន ព្រោះនេះជាការប្រកួតផ្តាច់ព្រ័ត្រ ហើយអ្វីដែលសំខាន់នោះ គឺមុនការប្រកួតផ្តាច់ព្រ័ត្រនេះ ខ្ញុំត្រូវសម្រកទម្ងន់រហូតដល់ ៤ គ.ក្រឲ្យមកសល់ត្រឹម ៧៥ គ.ក្រវិញ ដែលធ្វើឲ្យខ្ញុំបានធ្លាក់កម្លាំងច្រើនជាងមុន»។

ចំណែកកីឡាករថៃ Kamlai Phet ដែលទទួលបានចំណាត់ថ្នាក់លេខ ២ ក៏ទទួលបានពានមួយ និងប្រាក់រង្វាន់ចំនួន ១០ លានរៀលផងដែរ ហើយ Kamlai Phet បានបង្ហាញការស្វាគមន៍ចំពោះការសម្រេចឲ្យរូបគេចាញ់ អ៊ុង វិរៈ ជាលើកទី ២ នេះ។ លទ្ធផលនេះ បានជួយឲ្យ អ៊ុង វិរៈ ឈ្នះបានខ្សែក្រវាត់ជាលើកទី ២ ក្នុងអាជីពជាអ្នកប្រដាល់របស់ខ្លួន ខណៈលើកទី ១ គេបានយកឈ្នះអតីតកីឡាករជើងខ្លាំង អូត ភូថង ក្នុងការប្រកួត ដណ្តើម នៅសង្វៀនបាយ័ន កាលពីឆ្នាំ ២០១២៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍