ក្រុមមន្ត្រីបានដកការព្រមានថាអាចមានគ្រោះមហន្តរាយរលកយក្សស៊ូណាមិ ដែលបានចេញកាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏មានឥទ្ធិពលមួយបានកើតឡើងនៅប៉ែកខាងត្បូងប្រទេសឈីលី។ នៅមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីការបំផ្លិចបំផ្លាញឬគ្រោះថ្នាក់ដល់ជីវិតមនុស្សនៅឡើយទេ។ ក៏ប៉ុន្តែគេនៅតែឃ្លាំមើលគ្រោះរលកយក្សស៊ូណាមិដដែល។

ទីភ្នាក់ងារវាស់វែងភូមិសាស្រ្តរបស់អាមេរិកបានឲ្យដឹងថា គ្រោះរញ្ជួយដីនេះមានកម្រិត៧,៦ និងបានកើតឡើងក្នុងចម្ងាយ៤០គីឡូម៉ែត្រនៃតំបន់ Puerto Quellon ប៉ែកនិរតីនៃប្រទេសឈីលី ដែលមិនសូវមានប្រជាពលរដ្ឋរស់នៅច្រើនកុះករនោះទេ។ គ្រោះរញ្ជួយដីនេះបានកើតឡើងកាលពីវេលាម៉ោង១១:២២នាទីព្រឹកម៉ោងក្នុងស្រុក។

លោក Ricardo Toro ប្រធានស្ថាប័នសេវាគ្រោះអាសន្នជាតិប្រចាំប្រទេសឈីលីនៅតែជំរុញឲ្យប្រជាពលរដ្ឋនៅតំបន់ Los Lagos ចាកចេញពីតំបន់នោះទៅកាន់តំបន់ផ្សេងដែលខ្ពស់ជាងនេះ។

លោក Toro បានមានប្រសាសន៍ថា ប្រជាពលរដ្ឋប្រហែល៤.០០០នាក់បានចាកចេញពីតំបន់ Los Lagos ហើយ។

អាជ្ញាធរអាមេរិកនិងឈីលីកាលពីមុននេះ បានចេញសេចក្តីប្រកាសព្រមានអំពីគ្រោះរលកយក្សស៊ូណាមិដល់តំបន់ដែលស្ថិតក្នុងចម្ងាយ១.០០០គីឡូម៉ែត្រពីតំបន់ដែលកើតមានគ្រោះរញ្ជួយដី។

នេះគឺជាគ្រោះរញ្ជួយដីក្នុងកម្រិត៧,៧ឬខ្ពស់ជាងនេះទី៣ហើយដែលបានកើតឡើងក្នុងខែនេះ នៅក្នុងប្រទេសដែលស្ថិតនៅតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិកដែលងាយរងគ្រោះពីការរញ្ជួយដី ដែលពេលខ្លះគេហៅថាជា «រង្វង់ភ្លើង»។
គ្រោះរញ្ជួយដីក្នុងកម្រិត៧,៨បានកើតឡើងនៅកោះ Solomon កាលពីថ្ងៃទី៨ ខែធ្នូ ហើយគ្រោះរញ្ជួយដីក្នុងកម្រិត ៧,៩ បានកើតឡើងនៅប៉ាពួអាស៊ីនូវែលហ្គីណេ (Papua New Guinea) កាលពីថ្ងៃទី១៧ខែធ្នូកន្លងទៅនេះ៕

ប្រភព៖ VOA