សារព័ត៌មាន Reuters បានផ្សព្វផ្សាយឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅថ្មីៗ ចិនបានបញ្ជូននាវាចម្បាំងផ្ទុកយន្ដហោះរបស់ខ្លួនឈ្មោះ Liaoning ធ្វើសមយុទ្ធយោធាជាលើកដំបូងនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិចក្រោមការដឹកនាំរបស់លោកឧត្តមនាវី Wu Shengli មេបញ្ជាការកងទ័ពជើងទឹកចិន ដែលការធ្វើសមយុទ្ធនេះកើតឡើងក្រោយពីមានការព្រមានរបស់សហរដ្ឋអាមេរិករឿងមិនចង់ទទួលស្គាល់ «នយោបាយចិនតែមួយ» បង្កឲ្យមានស្ថានការណ៍តានតឹងរវាងមហាអំណាចចិនជាមួយមហាអំណាចអាមេរិកផង និងជាមួយកោះតៃវ៉ាន់ផង ។

Image may contain: airplane and outdoor

មន្ដ្រីយោធាតៃវ៉ាន់បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅថា នាវាចម្បាំងផ្ទុកយន្ដហោះ Liaoning របស់ចិនបានចរាចរណ៍ឆ្លងកាត់ដែនទឹក Miyako Strait ឋិតក្នុងចន្លោះរវាងកោះ Miyako និងកោះ Okinawa របស់ប្រទេសជប៉ុន ។

ក្រៅពីនាវាចម្បាំងផ្ទុកយន្ដហោះ Liaoning ដែលបានចូលរួមធ្វើសមយុទ្ធយោធាជាលើកដំបូងនេះ គឺនៅមាននាវាចម្បាំងបំពាក់កាំជ្រួចមីស៊ីលចំនួន៣គ្រឿង និងនាវាចម្បាំងធុនតូចចំនួន២គ្រឿងទៀតជាមួយនឹងការប្រើប្រាស់យន្ដហោះចម្បាំងធុន Shenyang J-15 និងឧទ្ធម្ភាគចក្រប្រយុទ្ធធុន Harbin Z-9 ច្រើនគ្រឿង ។

Image may contain: sky and outdoor

នាវាផ្ទុកយន្ដហោះ Liaoning របស់ចិន មានប្រវែង៣០៤,៥ម៉ែត្រ ចរាចរណ៍ក្នុងល្បឿន៥៩គីឡូម៉ែត្រក្នុង១ម៉ោង និងអាចផ្ទុកយន្ដហោះបានចំនួន៣៦គ្រឿង ។

Image may contain: outdoor

កាលពីពេលកន្លងទៅថ្មីៗនេះដែរ លោកឧត្តមនាវី Harry B.Harris មេបញ្ជាការយោធាសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកធ្លាប់បានបញ្ជាក់អះអាងពីទីក្រុងស៊ីដនី ប្រទេសអូស្ដ្រាលីឲ្យដឹងថា អាមេរិកនឹងមិនអនុញ្ញាតឲ្យដែនតំបន់បែងចែកមួយត្រូវបានបិទជាឯកតោភាគីនោះទេ ទោះបីចិនមានមូលដ្ឋានទ័ពច្រើនប៉ុណ្ណាដែលសាងសង់នៅលើកោះសិប្បនិមិត្តក្នុងដែនសមុទ្រចិនខាងត្បូងក៏ដោយ ។ លោកមេបញ្ជាការយោធាអាមេរិករូបនេះបានព្រមានទៀតថា អាមេរិកនឹងប្រតិបត្តិការយន្ដហោះចម្បាំងជំនាន់ទី៥ដ៏ទំនើបធុន F-22 Raptor ពីប្រទេសអូស្ដ្រាលីភាគខាងជើងនៅឆ្នាំ២០១៧ខាងមុខ ដើម្បីអន្តរាគមន៍ក្នុងរឿងជម្លោះតំបន់សមុទ្រចិនខាងត្បូង ៕

ប្រភព៖ DTN7