ប្រភពព័ត៌មានពីខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញនេះ លោកស្រី ណាត ស៊ីវឡាយ នាយិកាវិទ្យាល័យសិរីសោភ័ណ ឋិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានរឿងអាស្រូវពុករលួយនោះ ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យសម្រេចផ្អាកពីតួនាទីហើយ បន្ទាប់ពីគណៈកម្មការស៊ើបអង្កេតរកឃើញថា ពិតជាមានកំហុសមែន ដូចបានលើកឡើងនៅក្នុងពាក្យបណ្តឹងរបស់បុគ្គលិកសិក្សាវិទ្យាល័យជិត៥០នាក់ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ ។

Image may contain: 15 people, people standing

Loading...

លោក ស្តើង តុងហ៊ឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ប្រាប់បណ្តាញសារព័ត៌មានឲ្យដឹងថា គណៈកម្មការត្រួតពិនិត្យលើភាពមិនប្រក្រតីដែលអាជ្ញាធរខេត្ត រួមជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តបង្កើតឡើង បានស៊ើបអង្កេតរកឃើញថា លោកស្រី ណាត ស៊ីវឡាយ នាយិកាវិទ្យាល័យសិរីសោភ័ណពិតជាមានកំហុសមែន ហើយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានសម្រេចផ្អាកភារកិច្ចលោកស្រីនាយិកាវិទ្យាល័យរូបនេះ រង់ចាំប្រកាសនាយិកាថ្មីនៅពេលក្រោយ ។

Image may contain: 4 people, people sitting and indoor

លោកស្រី ណាត ស៊ីវឡាយ ដែលបានកាន់តំណែងជានាយិកាវិទ្យាល័យសិរីសោភ័ណអស់រយៈពេលមិនតិចជាង១០ឆ្នាំនោះ ត្រូវបានបុគ្គលិកសិក្សាវិទ្យាល័យចំនួន៤៦នាក់ដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ទៅឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ ដោយចោទប្រកាន់ថា លោកស្រីនាយិកាវិទ្យាល័យរូបនេះប្រព្រឹត្តនូវអំពើពុករលួយ និងអសកម្មក្នុងការងាររហូតដល់ចំនួន២២ចំណុច ។ លើសពីនេះ បុគ្គលិកសិក្សានៃវិទ្យាល័យសិរីសោភ័ណដែលជាម្ចាស់បណ្តឹង បានសំណូមពរចំពោះឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មេត្តាពិនិត្យស្រាវជ្រាវ និងដោះស្រាយឲ្យមានការផ្លាស់ប្តូរលោកស្រី ណាត ស៊ីវឡាយ ចេញពីនាយិកាវិទ្យាល័យ ដើម្បីផ្តល់យុត្តិធម៌ដល់ពួកគាត់ទាំងអស់គ្នា ៕

ប្រភព៖ DTN7