ភ្នំពេញ៖ តុលាការដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសឯកឧត្តម សម រង្ស៊ី និងជំនួយការពីរនាក់ ជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ពាក់ព័ន្ធករណីឯកសារព្រំដែន ។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក លាង សំណាត់ បានប្រកាសសាលក្រមដោយសម្រេចផ្តន្ទាទោស ជនជាប់ចោទ ឯកឧត្តម សម រង្ស៊ី ដាក់ពន្ធនាគាររយៈពេល ៥ឆ្នាំ និងឈ្មោះ អ៊ឹង ជុងលាង ហៅម៉ាប់ និងឈ្មោះ សត្យា សម្បត្តិ ដាក់ពន្ធនាគារ ៥ឆ្នាំ តែអនុវត្តទោស ៣ឆ្នាំ សល់ពីនោះត្រូវព្យួរ តាមមាត្រា ១០៧ ១០៨ ៤២៩ ៤៣០ ៤៩៥ និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។ តុលាការសម្រេចចេញដីកាបង្គាប់ឲ្យកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនជនជាប់ចោទទាំង៣នាក់ ដើម្បីយកមកអនុវត្តទោស។ ការប្រកាសសាលក្រមនេះ ដោយពុំមានវត្តមានមេធាវី និងជនជាប់ចោទទាំង៣រូបឡើយ។

ឯកឧត្តម សម រង្ស៊ី ដែលកំពុងតែរស់នៅឯបរទេស និងជំនួយការលោកពីររូបគឺលោក អ៊ឹង ជុងលាង និង សត្យា សម្បត្តិ ត្រូវបានចោទពីបទ «សមគំនិតក្នុងអំពើ ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ តុលាការ ពឹងផ្អែកលើឯកសារពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ក្នុងការចោទប្រកាន់បទល្មើសខាងលើ។

ឯកសារទាំងនោះ ត្រូវបានលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា យកទៅបង្ហោះលើទំព័រហ្វេសប៊ុករបស់ឯកឧត្តម សម រង្ស៊ី។ ដោយសារតែការបង្ហោះឯកសារនោះឯង តុលាការ ក៏បានកាត់ទោសលោក ហុង សុខហួរ ឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ពីបទ «ក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ»៕

ប្រភព៖ ថ្មីៗ