ជារឿយៗមានការត្អូញត្អែរពីអ្នកថតរូបវិជ្ជាជីវៈ និងអ្នកយកព័ត៌មានពីបួនស្ថាប័នគឺកាសែតភ្នំពេញប៉ុស្តិ៍ កាសែតឌឺខាំបូឌាដេលី វិទ្យុ វីអូអេ និងវិទ្យុ អាស៊ីសេរី ត្រូវបានស្ថាប័នរដ្ឋមួយចំនួនមិនអនុញ្ញាតឲ្យចូល ឬក៏បិទប្រកាសនៅខាងច្រកទ្វារចូល ឬក៏ដេញចេញមិនឲ្យសម្ភាស ឬយកព័ត៌មានតែម្តង។

ថ្មីៗនេះ ស្ថាប័នទាំង ៤ នេះត្រូវបានហាមចូលថតយករូបភាពនៅអំឡុងពេលចុះហត្ថលេខាអនុស្សរណៈយោគយល់ (MoU) រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហ្វីលីពីននៅឯវិមានសន្តិភាពក្នុងដំណើរទស្សនកិច្ចរបស់លោក រ៉ូ ឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីលីពីនកាលពីថ្ងៃទី ១៣-១៤ ខែធ្នូកន្លងទៅខណៈស្ថាប័នសារព័ត៌មានផ្សេងទៀតត្រូវបានអនុញ្ញាតឲ្យចូលថត និងយកព័ត៌មាន។

បើទោះបីជា ស្ថាប័នឯករាជ្យទាំង ៤ នេះម្តងម្កាលត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់ក៏ដោយ តែមិនប្រាកដថា លោកនាយករដ្ឋមន្ត្រីហាមចូលថតយករូបភាពសកម្មភាពរបស់រាជរដ្ឋាភិបាលនោះទេ? ឬក៏មន្ត្រីខុទ្ទកាល័យរបស់លោកជាអ្នកអនុវត្តលើសពីអ្វីដែលលោកនាយករដ្ឋមន្ត្រីមានប្រសាសន៍? ហេតុអ្វីបានស្ថាប័នសារព័ត៌មានផ្សេងត្រូវបានអនុញ្ញាតឲ្យចូលថត និងយកព័ត៌មានបាន?

រាជរដ្ឋាភិបាលមិនពេញចិត្តទេនៅពេលដែលគេរិះគន់ថាបានអនុវត្តស្តង់ដារពីរ (Double Standards) តែជាក់ស្តែងសិទ្ធិក្នុងការទទួលបានព័ត៌មានត្រូវបានគេមើលឃើញថាបែងចែកចេញជាពីរ ស្ថាប័នសារព័ត៌មានដែលមាននិន្នាការលម្អៀងទៅខាងរដ្ឋាភិបាលគឺត្រូវបានអនុញ្ញាតឲ្យចូលយកព័ត៌មាន និងថតយករូបភាពបានតែសម្រាប់សារព័ត៌មានឯករាជ្យបែរជាមិនអនុញ្ញាតឲ្យចូល។

តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជ្រាបពីបញ្ហានេះដែរឬទេ? តើមានអ្វីខុសបើគ្រាន់តែទៅយកព័ត៌មាន និងថតយកទិដ្ឋភាពសកម្មភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលសោះនោះ? ឬមួយក៏ចាំរហូតដល់តែអនុម័តច្បាប់សិទ្ធិទទួលបានព័ត៌មានដ៏ចម្រូងចម្រាសទើបបាននាំគ្នាអនុញ្ញាតឲ្យទទួលព័ត៌មានស្មើៗគ្នា?

បើទោះបីជាលោកនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់មន្ត្រីរាជការក្នុងការតាមដាន និងទទួលយកព័ត៌មានតាមរយៈស្មាតហ្វូនកាលពីសប្តាហ៍មុននេះរហូតដល់ដាក់កម្រិតមន្ត្រីណាមិនទាន់ចេះប្រើស្មាតហ្វូនមិនត្រូវបានតែងតាំងដំឡើងតួនាទីហើយរាជរដ្ឋាភិបាលក៏បានបង្កើតឲ្យមានគ្រប់ស្ថាប័នឲ្យមានមន្ត្រីនាំពាក្យរួចហើយផងដែរសម្រាប់ឆ្លើយតបជាមួយអ្នកសារព័ត៌មាន។

ផលវិបាកនៃការដែលមិនអនុញ្ញាតឲ្យផ្តិតយករូបភាពពីសកម្មភាពរបស់រាជរដ្ឋាភិបាលហើយស្ថាប័ននោះយករូបភាពពីគេតាមរយៈហ្វេសប៊ុក ឬក៏ទិញពីគេមើលពីសម្បកក្រៅទៅហាក់បីដូចជាស្ថាប័នមួយនោះមិនមានវិជ្ជាជីវៈទាល់តែសោះ។

បើគ្រាន់តែ កាសែត ភ្នំពេញ ប៉ុស្តិ៍ មានអ្នកថតរូបវិជ្ជាជីវៈដល់ទៅ ៥ នាក់ហើយអ្នកថតវីដេអូ ១ រូបតែវាគួរឲ្យខ្មាសអៀនណាស់នៅពេលដែលអ្នកទាំងនោះមិនត្រូវបានគេអនុញ្ញាតឲ្យចូលថតរូបភាពសកម្មភាព និង ស្នាដៃ របស់រាជរដ្ឋាភិបាលសោះនោះ ហើយដើររករូបដែលគេផ្សាយហើយ ឬក៏ដើរទិញពីគេនោះ បើទោះបីជា ស្ថាប័នឯកជនឯករាជ្យមួយនេះបានចុះបញ្ជិកា និងបង់ប៉ាតង់ និងពន្ធលើប្រាក់ចំណូល និង ពន្ធលើប្រាក់ខែ លើបុគ្គលិកជូនរដ្ឋត្រឹមត្រូវស្របតាមច្បាប់ជាពិសេសគឺបុគ្គលិកអ្នកសារព័ត៌មានអង្គភាពនេះបានធ្វើបច្ចុប្បន្នភាពនូវប័ណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានអាជីពរៀងរាល់ ៣ ខែម្តងនៅក្រសួងព័ត៌មានទៀតផងដើម្បីចៀសវាងភាពមិនប្រក្រតីខុសច្បាប់កើតឡើងដូចជាការគោះគេយកលុយ ឬក៏ដាក់កុងត្រូលជជុះជំរិតទារប្រាក់ពីគេខុសច្បាប់។

តែយើងមិនតូចចិត្តទេប្រសិនបើស្ថាប័នសារព័ត៌មានទាំងអស់គ្នាមិនអនុញ្ញាតឲ្យចូលយកព័ត៌មានដូចគ្នាដូចក្នុងករណីកិច្ចប្រជុំសម្ងាត់បិទទ្វារជិត ឬក៏កិច្ចព្រមព្រៀងសម្ងាត់ដែលអាចប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិក៏យើងគោរពទៅតាមបម្រាមនេះព្រោះករណីនេះនៅប្រទេសជឿនលឿនផ្នែកខាងសារព័ត៌មានក៏រដ្ឋាភិបាលគេមិនអនុញ្ញាតឲ្យដូចគ្នាដែរ។

តែបើការប្រជុំ ឬក៏កិច្ចព្រមព្រៀងបើកទ្វារចំហឲ្យសារព័ត៌មានគេចូលយកបានតែស្ថាប័ន ៤ នេះត្រូវគេហាមឃាត់នោះគឺមានលក្ខណៈរើសអើង ឬក៏លម្អៀងក្នុងសិទ្ធិ ទទួលបានព័ត៌មានហើយបើទោះបីជារាជរដ្ឋាភិបាលខំបង្ហាញពីតម្លាភាពនៃការទទួលបាននូវសារព័ត៌មានតាមបែបលទ្ធិប្រជាធិបតេយ្យក៏ដោយ។

ចំណុចនេះក៏ធ្វើឲ្យប៉ះពាល់ដល់សូចនាកររបស់សេរីភាពសារព័ត៌មាននៅលើពិភពលោកផងដែរ ដែលកម្ពុជា នៅមានចំណាត់ថ្នាក់ទាបដដែលគឺ ១២៨ ក្នុងចំណោម ១៨០ ប្រទេស (Reporters Without Borders, 2016)។

ការប្រឈមក្នុងការទទួលបានព័ត៌មានដើម្បីឲ្យមានតុល្យភាពគ្នានៅក្នុងអត្ថបទនីមួយៗមិនមែនតែស្ថាប័នរាជរដ្ឋាភិបាលនោះទេតែគណបក្សប្រឆាំង (CNRP) ក៏មានការលំបាករកមន្ត្រីឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានដែលទទួលយកបានជាផ្លូវការនោះដែរ។

ពេលខ្លះអ្នកសារព័ត៌មានទៅរកសម្ភាសមន្ត្រីអ្នកនាំពាក្យមិនបាន ឬក៏មិនផ្តល់យោបល់ អ្នកសារព័ត៌មានក៏ស្វែងរកមន្ត្រីជាន់ខ្ពស់ផ្តល់ព័ត៌មានជំនួសខណៈបក្សកំពុងរកាំរកូសនឹងគ្នារបស់ដៃគូក្នុងបក្សបង្រួបបង្រួមគ្នា ឬក៏លក្ខខណ្ឌកំពុងចរចាគ្នាស្វែងរកដំណោះស្រាយជាមួយគណបក្សកាន់អំណាចនោះ។ តែជួនកាលយោបល់របស់មន្ត្រីនោះយកជាការណ៍មិនបានព្រោះត្រូវបានមន្ត្រីនាំពាក្យឆ្លើយមកវិញថានេះគ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនរបស់គាត់ទេមិនតំណាងគោលជំហររបស់គណបក្សនោះទេ។

ជាមួយគ្នានេះដែរការហាមប្រាមមិនឲ្យស្ថាប័នឯករាជ្យបួននេះចូលរួមទទួលយកព័ត៌មាននៅវិមានសន្តិភាពរបស់ថ្នាក់ដឹកនាំហើយគឺអាចជាជំងឺរីករាលដាលទៅស្ថាប័នរដ្ឋដទៃទៀតក្នុងពេលឆាប់ៗនេះ។

ឧទាហរណ៍ កាលពីឆ្នាំទៅតំណាងរាស្ត្រ និងជាអ្នកនាំពាក្យរដ្ឋសភាលោក ឈាង វុន មកពីគណបក្សប្រជាជនបានដេញអ្នកសារព័ត៌មាននៅពេលអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងកំពុងផ្តល់បទសម្ភាសហើយបានគំរាមទះកំផ្លៀងអ្នកតំណាងរាស្ត្រណាដែលផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មាននៅក្នុងបរិវេណរដ្ឋសភាទៀតផង។

ហេតុដូចនេះហើយរាជរដ្ឋាភិបាលគួរតែធ្វើអន្តរាគមន៍លើបញ្ហាសមភាពសិទ្ធិទទួលបាននូវព័ត៌មាន និងជំរុញឲ្យមានការអនុម័តច្បាប់នេះឲ្យបានកាន់តែឆាប់កាន់តែល្អដើម្បីចៀសវាងការបែងចែកអ្នកសារព័ត៌មានឯករាជ្យ និងអ្នកកាសែតគេនោះ។

ជាងនេះទៅទៀត អ្នកនាំពាក្យទាំងស្ថាប័នរដ្ឋាភិបាល និងគណបក្សប្រឆាំងដែលបានតែងតាំងរួចហើយគួរតែផ្តល់ឱកាសស្មើៗគ្នាក្នុងការទទួលព័ត៌មានតែប្រសិនបើមន្ត្រីអ្នកនាំពាក្យនោះអវត្តមានគឺត្រូវរកអ្នកមកជំនួសដើម្បីផ្តល់ព័ត៌មានទៅអ្នកសារព័ត៌មានជាជាងឆ្លើយដាក់គ្នាយករួចខ្លួននោះ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍