សហព័ន្ធនៃសមាគមបាល់ទាត់របស់ប្រទេសអ៊ូហ្គាន់ដា បានជួបទុក្ខជាទម្ងន់ក្រោយពេលកីឡាករ និងប្រិយមិត្តក្រុមបាល់ទាត់មកពីស្រុក Buliisa បានបាត់បង់ជីវិត។ ហេតុការណ៍ដ៏អកុសលនេះ បានកើតឡើងកាលពីថ្ងៃអាទិត្យសប្ដាហ៍មុននេះ នៅពេលទូកចម្លងមួយដែលមានផ្ទុកអ្នកគាំទ្រ និងកីឡាករនេះ បានក្រឡាប់ក្នុងពេលកំពុងធ្វើដំណើរនៅលើបឹង Albert ភាគខាងលិចប្រទេសអ៊ូហ្គាន់ដា។

ប្រធានរបស់ FUFA លោក  Eng. Moses Magogo បានធ្វើសេចក្ដីថ្លែងការណ៍ទាក់ទងនឹងរឿងនេះថា “ការរំលែកទុក្ខរបស់ពួកយើងសូមធ្វើទៅកាន់ប្រជាជននៅតំបន់ Kitara តាមរយៈការបាត់បង់កីឡាកររបស់ក្រុម Buliisa Football club និងអ្នកគាំទ្ររបស់ពួកគេនៅក្នុងបឹង Albert។ ពួកយើងនឹងនៅជាមួយអ្នកក្នុងអំឡុងពេលដ៏អាប់អួនេះ”

ក្នុងនោះលោកបានបន្ថែមឲ្យដឹងទៀតថា “យើងដឹងថាបាល់ទាត់ពិតជាបានផ្ដល់នូវភាពសប្បាយរីករាយទៅកាន់សហគមន៍ ជាពិសេសគឺក្នុងរដូវកាលបុណ្យទាននេះ។ វាគឺជាឧប្បត្តិហេតុដ៏អកុសលមួយសម្រាប់អ្នកគាំទ្រ និងកីឡាករបាល់ទាត់របស់យើង”។ យ៉ាងណាមិញសូមបញ្ជាក់ផងដែរថា យ៉ាងហោចណាស់មានកីឡាករ និងអ្នកគាំទ្រ៣០នាក់បានលង់ទឹកស្លាប់ក្នុងហេតុការណ៍នេះ៕

uganda-football-drowning_ru3ft0rr58g517n2520drmnoo

ប្រភព៖ kqube