ស្របពេលដែល ក្រសួងមហាផ្ទៃ បានប្រកាសបើកការស៊ើបអង្កេត លើករណីមន្ត្រីប៉ូលីស ដួលសន្លប់ នៅមុខរថយន្ត នៅក្រុងប៉ោយប៉ែត អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ក៏បានអះអាងថា នឹងកំពុងពិនិត្យលើផ្លូវច្បាប់ ក្នុងការប្តឹងលើប្រជាពលរដ្ឋ មួយចំនួន រួមនឹងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបានរិះគន់លើករណីនេះ។

បើតាម ការអះអាងពី មន្ត្រីជាន់ខ្ពស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ការលើកឡើងរបស់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺជាការញុះញង់ ដែលធ្វើឲ្យសាធារណជន មានការភ័ន្តច្រឡំ ខុសពីការពិត និងធ្វើឲ្យខូច ដល់កិត្តិយស របស់បុគ្គល ជាជនរងគ្រោះ និងប៉ះពាល់ដល់ កិត្កិយសស្ថាប័នទាំងមូល។

យ៉ាងណាមិញ សម្រាប់ចំណាត់ការ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នេះ ត្រូវបាន លោកអ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគត អះអាងប្រាប់ដល់វិទ្យុវាយោ នៅថ្ងៃទី២៧ ធ្នូនេះថា ជារឿងដែលរូបលោកសោកស្តាយបំផុត ដែលសមត្ថកិច្ចមិនស្រាវជ្រាវ ស៊ើបអង្កេត លើករណីដែលបានកើតឡើង ប៉ុន្តែបែរជាមកចង់ប្តឹងផ្តល់ ចំពោះការបញ្ចេញមតិរបស់ប្រជាពលរដ្ឋទៅវិញ។ ទង្វើបែបនេះ បង្ហាញថា សង្គមកម្ពុជា កាន់តែធ្លាក់ចុះ ហើយបុគ្គល ដែលខិលខូចគឺកាន់តែក្អេងក្អាង(បានដៃ)។

សំឡេង

លោកអ៊ូ វីរៈ បានបន្ថែមថា គេមិនដែលស៊ើបអង្កេត លើអ្នករិះគន់ ឬអ្នកឃ្លាំមើលនោះទេ គេស៊ើបអង្កេតទៅលើករណី ថាតើវាមានបទល្មើសព្រហ្មទណ្ឌឬក៏អត់? តើការពិតយ៉ាងមិច? មានភស្តុតាងអីខ្លះ? បន្ទាប់ពីការស៊ើបអង្កេត ឃើញមានភស្តុតាងផ្សេងៗ ត្រូវបង្ហាញនៅតុលាការ មិនមានមកស៊ើបអង្កេតលើអ្នកឃ្លាំមើល គឺជារឿងដែលខុសធ្ងន់ណាស់..។

គួររម្លឹកថា កាលពីថ្ងៃទី២២ ធ្នូ នៅត្រង់ចំណុចលើស្ពាន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើល មួយបានកើតឡើង ដោយមន្ត្រីប៉ូលីស ប្រចាំច្រកប៉ោយប៉ែតម្នាក់ បានដួលសន្លប់ ដោយសារត្រូវរថយន្តបើកបុក ដែលនេះ ជាការអះអាងពីមន្ត្រីប៉ូលីស ខណៈដែលប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ បាននិយាយថា រថយន្តមិនបានបុកទេ នេះជាល្បិចរបស់មន្ត្រីច្រកព្រំដែន ផ្តួលខ្លួន ដួលដោយខ្លួនឯង។

សូមបញ្ជាក់ថា ក្នុងករណីនេះ ជនរងគ្រោះឈ្មោះឈាន ពិសិដ្ឋ  ជាមន្ត្រីស័ក្តិ៤ ប្រចាំនៅច្រកប៉ោយប៉ែត។ ដោយឡែក ម្ចាស់រថយន្ត មានឈ្មោះ ឌិន ពុទ្ធី ជាមន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រចាំក្រុងប៉ោយប៉ែត៕ ដោយៈសៅ វិសាល

ប្រភព៖ វាយោ