កាលពីប៉ុន្មានម៉ោងមុននេះ មានឧបទ្ទវហេតុក្រឡាប់រថភ្លើងដ៏គួរឲ្យរន្ធត់មួយបានកើតឡើងនៅប្រទេសឥណ្ឌា បង្កឲ្យស្លាប់អ្នកដំណើរយ៉ាងហោចណាស់២នាក់ និង២៨នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យ នេះបើយោងតាមមន្ត្រីផ្លូវដែកប្រទេសឥណ្ឌាបានឲ្យដឹង។

រថភ្លើងដឹកជញ្ជូនអ្នកដំណើរឥណ្ឌារបស់ក្រុមហ៊ុន Sealdah-Ajmer Express បានបើបរធ្លាក់ពីលើផ្លូវដែក ក្រឡាប់ចេញពីផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យសង្កិនអ្នកដំណើររាប់សិបនាក់នៅជិតទីក្រុង Kanpur ដោយក្នុងនោះ លោកមន្ត្រីផ្លូវដែកមួយរូបបានឲ្យដឹងថា មានមនុស្សយ៉ាងតិច២នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសជាទម្ងន់ដែលកំពុងព្យាបាលជាបន្ទាន់។

លោក Suresh Prabhu មន្ត្រីគ្រប់គ្រងផ្លូវដែកឥណ្ឌាបានបញ្ជាក់ឲ្យដឹងថា ប៉ុន្មានខែកន្លងមកនេះ គ្រោះថ្នាក់នៅលើផ្លូវដែកក្នុងប្រទេសរបស់ខ្លួនបានកើតឡើងជាបន្តបន្ទាប់ ដោយកាលពីខែវិច្ឆិកាកន្លងមក រថភ្លើងដឹកអ្នកដំណើរខ្នាតធំមួយរបស់ឥណ្ឌាបានក្រឡាប់ចូលព្រៃយ៉ាងរន្ធត់ ដែលបណ្ដាលឲ្យមនុស្សស្លាប់ចំនួន១២៧នាក់ និង១៥០នាក់រងរបួស ហើយ៨៧ភាគរយនៃជនរងគ្រោះគឺជាប្រជាជនឥណ្ឌាទៀតផង។

គួរបញ្ជាក់ផងដែរថា រដ្ឋមន្ត្រីខាងលើកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងលើឧបទ្ទវហេតុដែលបានកើតឡើងជាញឹកញាប់នេះ ហើយរូបលោកកំពុងចុះធ្វើអន្តរាគមន៍ត្រួតពិនិត្យលើស្ថានភាពផ្លូវដែក  និងមានគម្រោងធ្វើការសាងសង់ឡើងវិញ ដើម្បីធានាសុវត្ថិភាពជូនអ្នកដំណើរនៅឆ្នាំក្រោយនេះផងដែរ៕

Image may contain: one or more people and outdoor

Image may contain: 2 people, sky and outdoor

Image may contain: 1 person, outdoor

ប្រភព៖ kqube