តុលាការក្រុងភ្នំពេញ បានសម្រេចផ្ដន្ទាទោសលោក គង់ រ៉ៃយ៉ា ដោយដាក់ឲ្យលោកស្ថិតនៅក្នុងពន្ធនាគារចំនួន១៨ខែ កាលពីខែមិនា ឆ្នាំ ២០១៦ ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

ភ្នំពេញ —តុលាការកំពូលនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ លើអតីតនិស្សិតសាកលវិទ្យាល័យខេមរៈ លោក គង់ រ៉ៃយ៉ា ក្នុងសំណុំរឿងបដិវត្តន៍ពណ៌។ នេះបើយោងទៅតាមការបញ្ជាក់របស់មេធាវីការពារនិស្សិតរូបនេះ និងការប្រកាសរបស់អង្គជំនុំជម្រះនៃតុលាការកំពូល។

តុលាការក្រុងភ្នំពេញ បានសម្រេចផ្ដន្ទាទោសលោក គង់ រ៉ៃយ៉ា ដោយដាក់ឲ្យលោកស្ថិតនៅក្នុងពន្ធនាគារចំនួន១៨ខែ កាលពីខែមិនា ឆ្នាំ ២០១៦ ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

ការចោទប្រកាន់នេះ ត្រូវបានធ្វើឡើង កាលពីខែសីហា ឆ្នាំ២០១៥ ក្រោយពីនិស្សិតរូបនេះបានធ្វើការអធិប្បាយលើទំព័របណ្ដាញសង្គមFacebooK របស់ខ្លួន ពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌។

បន្ទាប់ពីការសម្រេចរបស់តុលាការក្រុងភ្នំពេញ និស្សិតរូបនេះ បានប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ តែសាលាឧទ្ធរណ៍បានបន្តរក្សាការសម្រេចចិត្តរបស់សាលាដំបូងរាជធានីភ្នំពេញឲ្យនៅដដែល។

លោក សំ សុគង់ មេធាវីការពារក្ដីឲ្យនិស្សិត គង់ រ៉ៃយ៉ា ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា អង្គជំនុំជម្រះនៅតុលាការកំពូល បានចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍ថា មានហេតុផលត្រឹមត្រូវ ហើយតុលាការកំពូលនឹងបិទផ្លូវតវ៉ារបស់កូនក្ដីលោក។

យ៉ាងណាក៏ដោយ លោកថា ក្រុមមេធាវីនឹងពិនិត្យសើរើអង្គច្បាប់ និងអង្គសេចក្ដីដើម្បីតស៊ូខាងច្បាប់បន្តទៀត។

លោកបន្ថែមថា ក្រុមមេធាវី ក៏នឹងពិចារណា ស្នើសុំការព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ ទៅដល់កូនក្ដីលោក តាមរយៈរដ្ឋាភិបាល។

លោកពន្យល់ថា យុវជន គង់ រ៉ៃយ៉ា នៅមានវ័យក្មេង និងត្រូវកសាងអនាគត។

«បើកាលណាកាត់ទោសហើយ យើងសុខចិត្តទទួលយកទោសហ្នឹង ដោយមិនមានការលើកលែងទោសពីព្រះមហាក្សត្រ មានន័យថា យុវជនហ្នឹងគាត់មានឈ្មោះនៅក្នុងលិខិតថ្កោលទោស ហើយក្នុងករណី បើសិនជាគាត់ចង់ធ្វើការងារអី ទៅថ្ងៃអនាគត ឬមួយក៏គាត់មានបំណងទៅរៀននៅក្រៅប្រទេស ឬមួយក៏ យុវជនហ្នឹង គាត់រៀនចប់ទៅ គាត់ចង់ប្រលងធ្វើការងារអីនៅក្នុងក្របខ័ណ្ឌរដ្ឋអីផ្សេងៗហ្នឹង គឺកាលណាគាត់មានទោសអញ្ចឹងគឺមិនអាចប្រលងបានទេ គឺបានន័យថាគេអត់ទទួលយកទេ»។

នៅក្នុងសវនាការ លោក សាលី ធារ៉ា ចៅក្រមនៃក្រុមប្រឹក្សាអង្គជំនុំជម្រះ បានប្រកាសច្រានចោលពាក្យបណ្ដឹង របស់ និស្សិត គង់ រ៉ៃយ៉ា។

លោកចៅក្រមក៏បានច្រានចោលសំណើដែលនិស្សិតរូបនេះ បានស្នើឲ្យតុលាការដោះលែងជាបន្ទាន់ ក្រោយពីអនុវត្តទោសបានចំនួន១៦ខែមកហើយនោះ។

លោក គង់ រ៉ៃយ៉ា និស្សិតឆ្នាំទីមួយផ្នែកវិទ្យាសាស្ត្រនយោបាយបានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅពេលដែលលោកដើរចាកចេញពីបន្ទប់សវនាការថា ការកាត់សេចក្ដីនេះ មានភាពអយុត្តិធម៌ខ្លាំងណាស់ចំពោះរូបលោក។

ប៉ុន្តែ លោកមិនមានការសោកស្ដាយចំពោះការសម្រេចនេះទេ ពីព្រោះរយៈពេលនៅក្នុងពន្ធនាគារ របស់លោកគឺនៅសល់មិនដល់២ខែទៀតនោះឡើយ។

យ៉ាងណាក៏ដោយ លោកបាននិយាយថា៖

«ប៉ុន្តែអ្វីដែលខ្ញុំសោកស្ដាយ និងឈឺចាប់បំផុតគឺ ឈ្មោះដ៏អសោចកំពុងតែស្អុយរលួយរបស់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលធ្វើឲ្យខ្ញុំមិនមានកិត្តិយសគ្រប់គ្រាន់ សម្រាប់ងើយមុខមើលលើឆាកអន្តរជាតិ មិនហ៊ានងើយមុខមើលជនបរទេស នៅពេលដែលគេសួរខ្ញុំអំពីប្រព័ន្ធនៅកម្ពុជា»។

នៅមុនពេលចាប់ឃុំខ្លួន លោក គង់ រ៉ៃយ៉ា បានសរសេរបង្ហោះលើហ្វេសប៊ុក (Facebook) របស់លោកកាលពីដើមខែសីហា ឆ្នាំ ២០១៥ថា «តើមាននរណាម្នាក់ហ៊ានធ្វើបដិវត្តន៍ពណ៌ជាមួយខ្ញុំទេ?»

លោកបានសរសេរបន្តថា៖

«ថ្ងៃណាមួយ នៅពេលអនាគត លោកនឹងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្លាស់ប្ដូររបបសម្រាប់សង្គមខ្មែរ ហើយបើទោះជាត្រូវជាប់ពន្ធនាគារ ឬស្លាប់ក៏នៅតែធ្វើដដែល»។

បដិវត្តន៍ពណ៌ ត្រូវគេដឹងថា ជាបញ្ហារសើបមួយនៅក្នុងប្រទេសកម្ពុជា ដោយសារនាយករដ្ឋមន្ត្រីនៃប្រទេសដ៏ក្រីក្រនេះ ជារឿយៗព្រមានបង្ក្រាបលើក្រុមណាមួយដែលចង់បង្កឲ្យមានចលនាបដិវត្តន៍។

លោក អំ សំអាត ប្រធានផ្នែកការិយាល័យស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូបានប្រាប់ VOA ថា ពាក្យពេចន៍ ដែលនិស្សិត គង់ រ៉ៃយ៉ា បានសរសេរលើទំព័រហ្វេសប៊ុកនោះ គ្រាន់តែជាការបញ្ចេញមតិប៉ុណ្ណោះ ហើយថា និស្សិតរូបនេះ ក៏មិនបានយល់ច្បាស់ថាអ្វីទៅ ជាបដិវត្តន៍ពណ៌នោះទេ។

«ជាទស្សនៈរបស់គាត់ ដូចជាមិនមែន ចេតនាចង់ធ្វើបដិវត្តន៍ពណ៌អីទេ ប៉ុន្តែគ្រាន់ថា ការចាប់ គង់ រ៉ៃយ៉ានេះ គឺជាចេតនា ដើម្បីបំបាក់ និងគំរាមកំហែង យុវជនដទៃទៀត ក្នុងការបញ្ចេញទស្សនៈទាក់ទងនឹងបញ្ហាបដិវត្តន៍ពណ៌នោះបាទ»។

កាលពីខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាងបីទសវត្សរ៍មកហើយនោះ បានប្រកាសខ្លាំងៗនៅក្នុងថ្ងៃប្រារព្ធខួបលើកទី៦៥ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ថា រដ្ឋាភិបាលនឹងបង្ក្រាបជាដាច់ខាតលើចលនាបដិវត្តន៍ពណ៌ ដែលគេដឹងថា បានផ្ដួលរំលំមេដឹកនាំជាច្រើនដែលស្ថិតក្នុងអំណាចយូរឆ្នាំនៅក្នុងតំបន់មួយចំនួនដូចជាមជ្ឈិមបូព៌ាប្រទេស នៅអាហ្វ្រិក និងនៅអឺរ៉ុបខាងកើត។

ការប្រកាសបង្ក្រាបចលនាបដិវត្តន៍ពណ៌នេះ ត្រូវក្រុមអ្នកវិភាគនយោបាយខ្មែរមើលឃើញថា ជាការព្រួយបារម្ភជ្រុលហួសហេតុរបស់រដ្ឋាភិបាលកម្ពុជា។

ក្រុមអ្នកវិភាគនិយាយថា រដ្ឋាភិបាលខ្មែរត្រូវផ្ដោតលើការដោះស្រាយបញ្ហាពុករលួយ ការចំណាកស្រុក និង គម្លាតទ្រព្យសម្បត្តិរវាងអ្នកមាននិងអ្នកក្រ ដែលអាចជាកត្តានាំទៅរកការផ្ទុះឡើងនៃបដិវត្តន៍ពណ៌នោះ៕

ប្រភព៖ VOA