ភ្ញៀវទេសចរប្រុសស្រី២នាក់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានចោទប្រកាន់លួចកង់គេ ត្រូវបានបង្ខំឲ្យដើរតាមដងផ្លូវសារធរណៈ ជាមួយ «បណ្តោងខ្សែក» ដ៏អាម៉ាស ។

ប្រធានកោះ Gili លោក Muhamad Taufik បានឲ្យដឹងថា ភ្ញៀវទេសចរប្រុសស្រីដែលរងការចោទប្រកាន់នេះ មានអាយុ ២០ ឆ្នាំ ជាជនជាតិអូស្ត្រាលី ត្រូវបានកាមេរ៉ាឃ្លាំមើលចាប់បានលួចកង់គេពីកន្លែងវិស្សមកាលដ៏ល្បីល្បាញមួយ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។

ប៉ូលីសបានទទួលខ្សែអាត់វីដេអូកាមេរ៉ាឃ្លាំមើល និងអាចកំណត់មុខសញ្ញាជនសង្ស័យបាន និងក្រោយមក ក៏ឈានចាប់ភ្ញៀវទេសចរទាំងពីរ ។

ក្រោយធ្វើការសួរនាំ, ជនសង្ស័យទាំងពីរត្រូវបានបង្ខំឲ្យសរសេរពាក្យ១ឃ្លាថាៈ «ខ្ញុំជាចោរ សូមកុំយកតម្រាបតាមខ្ញុំ» បិទនឹងប្រអប់ក្រដាសកាតុង រួចឲ្យពាក់.ករបស់ពួកគេ ។

ពួកគេបន្ទាប់មក ត្រូវបានបង្ខំឲ្យដើរតាមបណ្តាដងផ្លូវជាច្រើន អស់រយៈពេលជាច្រើនម៉ោង មុនពេលពួកគេត្រូវបានបញ្ជាឲ្យចាកចេញពីក្រុង ។

លោក Taufik និយាយថា គាត់ពុំដឹងថាតើប៉ូលីសធ្វើការចោទប្រកាន់ប្រឆាំងជនសង្ស័យទាំងពីរយ៉ាងណានោះទេ ។ រឿងដែលសំខាន់នោះ គឺថាពួកគេទាំងពីរពុំមានពេលវេលាយូរ ដែលត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងទីក្រុងនេះទៀតហើយ ៕

tourist_walk_of_shame_1_1