សកម្មភាពនៃការកាប់បំផ្លិចបំផ្លាញព្រៃឈើ និងជំនួញឈើខុសច្បាប់នៅកម្ពុជា បានកើតមានឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតភ្នំដែលមានព្រៃឈើភាគច្រើនក្លាយជា « ត្រងោល » និងអ្នករកស៊ីឈើជាច្រើននាក់បានក្លាយជា « ឧកញ៉ា » ព្រមទាំងក្រុមមន្ត្រីដែលសមគំនិតជាមួយឈ្មួញឈើគ្រប់ជាន់ថ្នាក់ និងគ្រាប់ផ្នែក បានកើបលុយដាក់ហោប៉ៅយ៉ាងក្រាស់ក្រែល ខណៈអំពើខុសច្បាប់ដែលជាបទល្មើសបង្កវិនាសកម្មព្រៃឈើកម្ពុជាទាំងនោះ គឺគ្មានឧកញ៉ាឈ្មួញឈើគ្រាក់ៗណាម្នាក់បានទទួលរងការផ្តន្ទាទោសអ្វីឡើយ ដ្បិតមានមន្ត្រីពោរពេញដោយអំណាចជួយការពារធ្វើជាខ្នងបង្អែក ។

Image may contain: sky and outdoor

ចាប់តាំងពីគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាប្រធានបានបង្កើតឡើងដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ០៩សសរ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦រួចមក កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ និងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានជីកកកាយរកឃើញឈើមូលជាច្រើនដើម និងឈើឡាំងរួចជាច្រើនដុំ ដែលជាឈើប្រភេទលេខ១ចំនួនច្រើនម៉ែត្រគូប ឈ្មួញកប់លាក់ទុកក្នុងដៃ ឋិតនៅក្រោមឃ្លាំងស្តុក និងរោងចក្រកែច្នៃឈើរបស់លោកឧកញ៉ា វន់ ប៊ុនថៃ ហៅ « ឧកញ៉ា ថៃ » ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (អតីតខេត្តកំពង់ចាម) ។

Image may contain: sky and outdoor

មជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅបាននិយាយពេញៗមាត់ថា ឈើជាច្រើនម៉ែត្រគូបដែលឈ្មួញកប់លាក់ទុកក្នុងដីនោះ ប្រាកដណាស់គឺជាឈើល្មើសច្បាប់ ពីព្រោះបើឈើស្របច្បាប់ ហេតុអ្វីចាំបាច់យកទៅកប់លាក់ទុកក្នុងដី ខណៈឈ្មួញទាំងនោះយល់យ៉ាងច្បាស់ណាស់ថា ឈើកប់ក្នុងដៃអាចធ្វើឲ្យខូចខាតឈើ ។

Image may contain: sky and outdoor

ប្រភពព័ត៌មានពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តក្រចេះ និងខេត្តត្បូងឃ្មុំកន្លងមក បានឲ្យដឹងថា យ៉ាងហោចណាស់មានឧកញ៉ាឈ្មួញឈើដ៏ល្បីឈ្មោះប្រចាំភូមិភាគឦសានចំនួន២នាក់ គឺលោកឧកញ៉ា វន់ ប៊ុនថៃ ហៅ «ឧកញ៉ាថៃ» និងលោកឧកញ៉ា លឹម ប៊ុនណា ហៅ «ឧកញ៉ាខ្នា» ត្រូវបានកោះឲ្យឡើងបំភ្លឺតុលាការ ក្រោមបណ្តឹងរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ។ ប៉ុន្តែទោះយ៉ាងណា រហូតមកទល់បច្ចុប្បន្ន គឺសំណុំរឿងនេះក្លាយជា «ស្ងាត់ឈឹងដូចចោរលួចសេះ» ។

Image may contain: one or more people, sky, outdoor and nature

លោកឧកញ៉ា វន់ ប៊ុនថៃ ហៅ «ឧកញ៉ាថៃ» គឺជាឈ្មួញឈើម្នាក់ដ៏ល្បីឈ្មោះប្រចាំភូមិភាគឦសាន និងជាមនុស្សស្និទ្ធជាមួយលោកឧត្តមសេនីយ៍ឯក ឧកញ៉ា ជឿន សុវណ្ណថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ២(លោកឧត្តមសេនីយ៍ ជឿន សុវណ្ណថា ទទួលបានការតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/០៧៩៩/១៤៩ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៩៩) ។ លោក វន់ ប៊ុនថៃ ទទួលបានការតែងតាំងជាឧកញ៉ាដំណាលគ្នាជាមួយលោកស្រី នីម គឹមវ៉ា ជឿន សុវណ្ណថា ត្រូវជាភរិយារបស់លោកឧត្តមសេនីយ៍ឯក ឧកញ៉ា ជឿន សុវណ្ណថា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១២/៤៩៨ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១២ ។

Image may contain: text

លោកឧកញ៉ា លឹម ប៊ុនណា ហៅ «ឧកញ៉ាខ្នា» គឺជាឈ្មួញឈើនាំចេញទៅស្រុកយួនប្រចាំភូមិភាគឦសានយ៉ាងសកម្ម និងជាមនុស្សស្និទ្ធជាមួយឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម (អតីតអភិបាលខេត្តកំពង់ចាម) និងត្រូវជាបងប្រុសបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ លោក លឹម ប៊ុនណា ទទួលបានការតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/០១១១/០៤៨ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១ ។

Image may contain: 5 people, people smiling, people standing

No automatic alt text available.

ក្រៅពីលោកឧកញ៉ា លឹម ប៊ុនណា និងលោកឧកញ៉ា វន់ ប៊ុនថៃ គឺនៅមានឧកញ៉ាជាច្រើននាក់ទៀតដែលមានការពាក់ព័ន្ធទៅនឹងជំនួញឈើដ៏ធំនៅកម្ពុជា ជាអាទិ៍ ៖ លោកឧកញ៉ា ទ្រី ភាព(តែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៤/២១៤ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០០៤) ជាឈ្មួញឈើមានទំនាក់ទំនងស្និទ្ធយ៉ាងខ្លាំងជាមួយក្រុមគ្រួសារបុរសខ្លាំង ឬអាចនិយាយបានថា ជាឈ្មួញឈើលំដាប់ «បងធំ» នៅកម្ពុជា , លោកឧកញ៉ា ស៊ឹង សំអុល (តែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/០៨១២/៧៤៥ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២) ជាឈ្មួញឈើមានសម្ព័ន្ធភាពជិតស្និទ្ធជាមួយលោកឧកញ៉ា លឹម ប៊ុនណា , លោកឧកញ៉ា អ៊ុក គឹមសាន (តែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១៣/២៣៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣) ជាឈ្មួញឈើដៃស្តាំរបស់លោកឧកញ៉ា ទ្រី ភាព ៕

ប្រភព៖ ដើមត្នោត