រឿងរ៉ាវមន្ដ្រីគយច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ដែលចោទថារថយន្ដរបស់ឈ្មោះ ឌិន ពុទ្ធី បើកបុកបណ្ដាលអោយដួលសន្លប់ រហូតបញ្ជូនទៅព្យាបាលនៅប្រទេសថៃ បានកំពុងធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើល និងតាមដានយ៉ាងយកចិត្តទុកដាក់តែម្តង ក្រោយប៉ុន្មានម៉ោងមុននេះ មានការបែកធ្លាយវីដេអូឃ្លីបមួយ ដែលបង្ហាញឲ្យឃើញវត្ដមានមន្ដ្រីគយរូបនេះ បែរជាដើរហើរបានដូចជាធម្មតាទៅវិញនោះ ។

គួររម្លឹកថា បើយោងតាមគេហទំព័រ«វាយោ» នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងបន្ទាប់ពីលោក ឌិន ពុទ្ធី បានប្រើពាក្យមិនសមរម្យ បញ្ចេញកាយវិការច្រង៉េងច្រង៉ាង មកលើលោក ឈាន ពិសិដ្ឋ ក្រោយពីបានឃាត់ម៉ូតូបុរសម្នាក់ជាអ្នករត់ម៉ូតូឌុប ឈ្មោះ អ៊ីង ឃាន ដែលបានចតធ្វើឲ្យកកស្ទះចរាចរណ៍។

បន្ទាប់មកលោក ឌិន ពុទ្ធី បានទាញដៃលោក អ៊ីង ឃាន ចូលរថយន្ត ប៉ុន្តែត្រូវបានរារាំងដោយលោក ឈាន ពិសិដ្ឋ ពេលនោះលោក ឌិន ពុទ្ធី ក៏បានរោទិ៍ម៉ាស៊ីនរថយន្ត រួចបើកបុកលោក ឈាន ពិសិដ្ឋ ធ្វើឲ្យដួលបោកក្បាលទៅនឹងថ្នល់សន្លប់បាត់ស្មារតី។ លោក ឈាន ពិសិដ្ឋ ត្រូវបានដឹកយកទៅជួយសង្គ្រោះ នៅគ្លីនិកសុខ វិសាល ប៉ុន្តេដោយមានសភាពធ្ងន់ធ្ងរ ទើបបញ្ជូនទៅសង្គ្រោះបន្ត នៅមន្ទីរពេទ្យខេត្តស្រះកែវ ប្រទេសថៃ។

ទោះជាយ៉ាងណា ឥឡូវនេះ ស្រាប់តែលេចធ្លាយវីដេអូឃ្លីបបង្ហាញឲ្យឃើញ លោក ឈាន ពិសិដ្ឋ អាចដើរបានធម្មតាទៅវិញ ។ បើដូចនេះមែន តើលោក ឈាន ពិសិដ្ឋ មន្ត្រីប៉ូលីសគយប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត គ្រាន់តែសម្តែងធ្វើពុតជាដួលសន្លាប់ស្តូកស្តឹង ដូចអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនចោទប្រកាន់ដែរឬទេ??? ៕