(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីតោន) បានសម្រេចចិត្តដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ តាមរយៈការបណ្ដេញមន្ត្រីទូតរុស្ស៊ី ៣៥នាក់ក៏ដូចជាបិទបេសកកម្មការទូតរុស្ស៊ីចំនួនពីរកន្លែងនៅក្នុងញូយ៉ក និងរដ្ឋម៉ារីលែនដើម្បីជាការឆ្លើយតបទៅនឹងការជ្រៀតជ្រែករបស់រុស្ស៊ី ចូលក្នុងកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី០៨ ខែវិច្ឆិកាកន្លងទៅ។ នេះបើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ដែលចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១៦។

មន្ត្រីរូបនេះដដែលក៏បានបញ្ជាក់ដែរថា ក្រសួងការបរទេសអាមេរិកទុករយៈពេល ៧២ម៉ោងឱ្យមន្ត្រីទូតរុស្ស៊ី ៣៥នាក់ប្រចំាទីក្រុងវ៉ាស៊ីនតាន និងស្ថានកុងស៊ុលនៃទីក្រុងសាន់ហ្រា្វន់ស៊ីស្កូ រៀបចំបង្វិចចាកចេញពីទឹកដីសហរដ្ឋអាមេរិក ខណៈមជ្ឈមណ្ឌលរុស្ស៊ីចំនួន០២ ក៏នឹងត្រូវបិទទ្វាផងដែរចាប់ពីថ្ងៃសុក្រនេះតទៅ។ ក៏ប៉ុន្តែ ខាងវិមានក្រឹមឡាំង តាមរយៈអ្នកនាំពាក្យលោក ឌីមីទ្រី ប៉េស្កូវ បានច្រានចោលការដាក់ទណ្ឌកម្មនេះ និងថែមទាំងបានចោទប្រកាន់ថា ទីក្រុងវ៉ាស៊ីនតោនមានបំណងបំផ្លាញទាំងស្រុងទំនាក់ទំនងអាមេរិក-រុស្ស៊ី ហើយថាទីក្រុងមូស្គូនឹងចាត់វិធានការឆ្លើយតបចំពោះការដាក់ទណ្ឌកម្មនេះ។

គួរបញ្ជាក់ថាកាលពីពេលថ្មីៗកន្លងទៅនេះ ទីភ្នាក់ងារចារកម្មអាមេរិក CIA បានចេញផ្សាយរបាយការណ៍មួយដោយអះអាងថារុស្ស៊ី បានជ្រៀតជ្រែតចូលក្នុងកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកដើម្បីជួយឱ្យលោក ដូណាល់ ត្រាំ អង្គុយកៅអីជាប្រធានាធិបតី ខណៈរុស្ស៊ីបានច្រានចោលការចោទប្រកាន់នេះ ជាច្រើនលើករួចមកហើយ។ ដោយឡែកផ្អែកលើទណ្ឌកម្មខាងលើ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ី FSB និងGRU ក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរ៕

ប្រភព៖ freshnewsasia