ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានបង្ហាញមោទនភាពរបស់លោក ជុំវិញការបង្ក្រាបអំពើពុករលួយក្នុងរយៈពេល៦ខែដំបូងនៃអាណត្តិរបស់លោក។ លោកក៏សារភាពដែរថា លោកធ្លាប់បន្ទោសមន្ត្រីខុសលើបញ្ហាអំពើពុករលួយនេះ ទាំងពួកគេគ្មានកំហុសអ្វីសោះ។ ប៉ុន្តែលោកសុខចិត្តបន្ទោសពួកគេខុស តែមិនឲ្យមន្ត្រីខិលខូចរួចខ្លួនឡើយ សូម្បីតែសាច់ញាតិរបស់លោកក៏ដោយ។

៦ខែនៃការកាន់តំណែងប្រធានាធិបតីរបស់លោក Rodrigo Duterte សមិទ្ធផលជាច្រើនបានលេចរូបរាងជាពិសេសយុទ្ធនាការប្រឆាំងគ្រឿងញៀន និងការបោសសម្អាតអំពើពុករលួយតែម្ដង។ មន្ត្រីជាច្រើននាក់ ត្រូវបានលោក Duterte បណ្ដេញចេញពីតំណែង និងខ្លះទៀតត្រូវបានស្ដីបន្ទោសជាសាធារណៈទៀត។ ប៉ុន្តែមន្ត្រីទាំងនោះ មិនមែនសុទ្ធតែមានកំហុសឡើយ ដ្បិតពេលខ្លះលោកទទួលព័ត៌មានមិនច្បាស់ផងដែរ។

Loading...

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Rappler នៅថ្ងៃទី២៩ ខែធ្នូ ប្រធានាធិបតីរូបនេះនិយាយថា លោកនឹងនិយាយសុំទោស ប្រសិនបើលោកមានកំហុសដោយបណ្ដេញមន្ត្រីសុច្ចរិត។ ហើយបន្ទាប់សុំទោសរួច អ្វីៗក៏ចប់ដែរ។ លោក Duterte បន្តថា លោកសុខចិត្តមានកំហុសក្នុងការចោទប្រកាន់ថាមន្ត្រីណាម្នាក់ប្រព្រឹត្តិអំពើពុករលួយ ជាជាងមិនខ្វល់ពីពាក្យចោទប្រកាន់ទាំងស្រុងនោះ។

ចាប់តាំងពីចូលកាន់តំណែងក្នុងខែឧសភាមកនោះ ប្រធានាធិបតីរូបនេះ តែងតែនិយាយចោទប្រកាន់ជាសាធារណៈលើមន្ត្រីរដ្ឋាភិបាលជុំវិញករណីពុករលួយរបស់ពួកគេ។ មិនត្រឹមតែមន្ត្រីធម្មតាឡើយ សូម្បីមន្ត្រីមានទំនាក់ទំនងសាច់ញាតិជាមួយលោក ក៏ត្រូវបានបណ្ដេញចេញពីតំណែងដែរ។ ថ្មីៗនេះ លោកបានបញ្ឈប់មន្ត្រីអន្តោប្រវេសន៍ពីរនាក់ ដែលជាបងប្អូនរបស់លោក និងមន្ត្រីរាប់បញ្ញត្តិករជាច្រើននាក់ទៀត។

«ខ្ញុំសន្យាថា ខ្ញុំនឹងគោពច្បាប់ឲ្យខ្ជាប់ខ្ជួន។ ខ្ញុំនឹងមិនប្ដូរជំហរដោយសារអ្នកណាឡើយ។ ប្រសិនបើសាច់ញាតិរបស់ខ្ញុំណាម្នាក់ ប្រព្រឹត្តិអំពើពុករលួយក្នុងរដ្ឋាភិបាល ខ្ញុំនឹងលាលែងពីតំណែងប្រធានាធិបតី»។ នេះជាការសន្យារបស់ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ជុំវិញការបោសសម្អាតអំពើពុករលួយនៅក្នុងអាណត្តិរបស់លោក។

យ៉ាងណាមិញ លោកបញ្ជាក់ដែរថា ការចោទប្រកាន់ណាមួយ ត្រូវធ្វើឡើងតាមរយៈការិយាល័យសវនកម្ម មិនមែនតាមពាក្យចចាមអារាមឡើយ។ ៦ខែមកនេះ លោក Duterte បានចាត់វិធានការជាច្រើនក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយដូចជា ការបង្កើតខ្សែទូរសព្ទពិសេស ៨៨៨៨ ដើម្បីឲ្យប្រជាជនប្ដឹងពីករណីពុករលួយ ក៏ដូចជាការចេញបញ្ជាស្ដីពីសេរីភាពបញ្ចេញមតិ ដែលអាចឲ្យការរាយការណ៍ពីករណីពុករលួយ ប្រព្រឹត្តិទៅដោយរលូនដែរ៕

ប្រភព៖ ថ្មីៗ