(មូស្គូ)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានធ្វើការកោតសើរប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន ថាពិតជាពោរពេញទៅដោយឆ្លាតវៃមែន ដែលបានសម្រេចចិត្តពន្យាពេលនៃការសងសឹកឆ្លើយតបទៅនឹងទង្វើរបស់សហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មមកលើប្រទេសរុស្ស៉ី និងបានបណ្តេញមន្រ្តីទូតរុស្ស៉ីចំនួន៣៥នាក់ចេញពីទឹកដីអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០១៦។

លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ថា «ពិតជាការសម្រេចចិត្តដ៏ល្អប្រសើរមែនទែនក្នុងការពន្យាពេលដោយលោក វ៉្លាឌីមៀ ពូទីន… ខ្ញុំតែងតែប្រាកដក្នុងចិត្តជានិច្ចថាលោក ពូទីន ពិតជាមានភាពឆ្លាតវៃខ្លាំងណាស់»។ ក្រោយមកសារមួយនេះត្រូវបានដាក់ជាប់នៅនឹងកំពូលនៃគណនី Twitter របស់លោក ត្រាំ ហើយស្ថានទូតរុស្ស៉ីប្រចាំនៅអាមេរិក ក៏បានយកវាទៅបង្ហោះបន្តទៀត។

សូមបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីតោន) បានសម្រេចចិត្តដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ តាមរយៈការបណ្ដេញមន្ត្រីទូតរុស្ស៊ីចំនួន៣៥នាក់ ដែលទង្វើនេះបានបង្ខំឲ្យជនជាតិរុស្ស៉ីដល់ទៅ៩៦នាក់ ចាកចេញពីទឹកដីអាមេរិក ក៏ដូចជាបិទបេសកកម្មការទូតរុស្ស៊ីចំនួនពីរកន្លែងនៅក្នុងញូវយ៉ក និងរដ្ឋម៉ារីលែន ដើម្បីជាការឆ្លើយតបទៅនឹងការជ្រៀតជ្រែករបស់រុស្ស៊ី ចូលក្នុងកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបអាមេរិកកាលពីថ្ងៃទី០៨ ខែវិច្ឆិកាកន្លងទៅ។

ក៏ប៉ុន្តែប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន បានប្រកាសថានឹងមិនធ្វើដូចទីក្រុងវ៉ាស៊ីនតោន ដោយបណ្តេញមន្រ្តីទូតអាមេរិកចេញពីរុស្ស៉ីវិញ ដើម្បីធ្វើជាការសងសឹកនោះឡើយ ហើយបានគូសបញ្ជាក់សាជាថ្មីម្តងទៀតពីក្តីសង្ឃឹមរបស់រុស្ស៉ី សង្ឃឹមក្នុងការធ្វើយ៉ាងណា ឲ្យទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកបានប្រសើរឡើងជាងមុន នៅពេលដែលលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៥ របស់អាមេរិកនាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ឆាប់ៗខាងមុខនេះ៕

ប្រភព៖ freshnewsasia