ក្រុងប៉ារីសៈ ថ្វីបើរឿងរ៉ាវនៅទ្វីបអឺរ៉ុប ជុំវិញជនចំណាកស្រុកមកពីមជ្ឈិមបូពា ហាក់ត្រូវបានធូរស្រាល ជាមួយនឹងគោល នយោបាយថ្មីបិទព្រំដែន និងការបិទជំរំ ព្រៃកាឡេសនៅបារាំងក្តី ជម្លោះនៅស៊ីរី និងអ៊ីរ៉ាក់ នៅមិនទាន់ចប់ ការបំផ្ទុះគ្រាប់បែករបស់ក្រុម IS នៅតែបន្តមាន ដែលជាហេតុធ្វើឲ្យការបង្ហូរឈាម និងទឹកភ្នែកនៃជនស៊ីវិល ដែលក្នុងនោះមានទាំងស្ត្រី និងកុមារ នៅតែមាន។

ជាមួយគ្នានោះ ជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក របស់សេដ្ឋីអចលនទ្រព្យ ក្រៅស្ថាប័ននយោបាយ បានបង្កការភ័យខ្លាច ទាំងនៅក្នុងស្រុក និងទូទាំងពិភពលោក ជាមួយវោហាសាស្ត្របែកបាក់គ្នា និងការស្រឡាញ់ជាតិខ្លួនដ៏កក្រើកនៅក្នុងពេលឃោសនា របស់លោក។

ខាងក្រោមនេះ គឺព្រឹត្តិការណ៍ធំៗ ដែលបានកើតមានឡើងនៅទូទាំងពិភពលោក នៅក្នុងឆ្នាំ ២០១៦។

-ថ្ងៃទី៨ ខែមករា

មេឧក្រិដ្ឋកម្មគ្រឿងញៀនម៉ិកស៊ីក លោក ចូគ្វីន ហ្គូស្មាន់ ដែលមានរហស្សនាម អែលឆាប៉ូ ត្រូវបានចាប់ខ្លួនជាថ្មីរយៈពេល ៦ ខែ បន្ទាប់ពីការរត់គេចចេញពីគុកដ៏អស្ចារ្យ។

-ថ្ងៃទី១៥ ខែមករា

មនុស្ស ៣០ នាក់ ភាគច្រើនលោកខាងលិច ត្រូវបានសម្លាប់ក្នុងការវាយឆ្មក់មួយ ដែលត្រូវបានអះអាងដោយក្រុម Al-Murabitoun ទាក់ទងក្រុមភេរវកម្មអន្តរជាតិ អាល់កៃដាទៅលើសណ្ឋាគារមួយនៅក្រុង Ouagadougou នៃប្រទេសបួគីណា ហ្វាសូ។

-ថ្ងៃទី១៦ ខែមករា

កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្ររបស់អ៊ីរ៉ង់ ជាមួយក្រុមមហាអំណាចពិភពលោក បានចូលជាធរមាន។ ក្រោមកិច្ចព្រមព្រៀងនោះ រាល់ទណ្ឌកម្មទាក់ទងនុយក្លេអ៊ែរប្រឆាំងអ៊ីរ៉ង់ ត្រូវបានលើកលែង ជាថ្នូរនឹងការទប់ស្កាត់លើកម្មវិធីអាវុធបរមាណូមួយពីក្រុងតេអេរ៉ង់។

-ថ្ងៃទី១៦ ខែមករា

លោកស្រី ឆាយ យីងវិន នៃគណបក្សប្រឆាំងធំតៃវ៉ាន់ ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានាធិបតីស្ត្រីដំបូងរបស់កោះនេះ ដោយឈ្នះភ្លូកទឹកភ្លូកដីលើបក្សគួកមីងតាំងកំពុងកាន់អំណាច ខណៈ ក្រុមអ្នកបោះឆ្នោតបានបែរខ្នងដាក់ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយ នឹងចិន។

-ថ្ងៃទី២០-២២ ខែមីនា
ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា រៀបចំកិច្ចពិភាក្សាជាមួយសមភាគីគុយបា លោក រ៉ាអ៊ូល កាស្ត្រូ ក្នុងក្រុងឡាហាវ៉ាន ដោយទុកការប្រឈមមុខដាក់គ្នាដ៏ជូរចត់រវាងអាមេរិក និងកោះកុម្មុយនីស្តនោះ ដែលមានរយៈពេលជាង ៥០ ឆ្នាំ នៅមួយឡែក។

-ថ្ងៃទី២២ ខែមីនា

ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅឯព្រលានយន្តហោះក្រុងប្រ៊ុចសែល និងស្ថានីយម៉េត្រូមួយ ដែលគេបន្ទោសលើក្រុមទាក់ទងនឹងជីហាដ IS បានសម្លាប់មនុស្ស ៣២ នាក់។

-ថ្ងៃទី២៧ ខែមីនា

ជនគ្រាប់បែកអត្តឃាតតាលីបង់បានផ្ទុះក្នុងឧទ្យានប៉ាគីស្ថានមួយ ដែលកុះកដោយ ក្រុមគ្រួសារនៅថ្ងៃអាទិត្យនៃបុណ្យព្រះយេស៊ូ រស់ឡើងវិញដោយសម្លាប់មនុស្ស ៧៥ នាក់ ក្នុងនោះមានកុមារជាច្រើននាក់។

-ថ្ងៃទី៣០ ខែមីនា
ចលនាប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ចូលកាន់អំណាចបន្ទាប់ពីការគ្រប់គ្រង ៥០ ឆ្នាំរបស់យោធានៅមីយ៉ាន់ម៉ា ដោយជំនិតជិតស្និទ្ធរបស់ម្ចាស់ជយលាភីណូបែលសន្តិភាពរូបនោះ ស្បថ ចូលកាន់តំណែងជាប្រធានាធិបតី។

-ថ្ងៃទី៣ ខែមេសា

ការបែកធ្លាយដ៏ធំនៃឯកសារប៉ាណាម៉ា ១១,៥ លានច្បាប់ បង្ហាញនូវកិច្ចព្រមព្រៀងឯនាយសមុទ្រសម្ងាត់ជាច្រើនរបស់ក្រុមទីប្រឹក្សាប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន ក្រុមមេដឹកនាំពិភពលោក និងក្រុមអ្នកល្បីឈ្មោះជាច្រើន ក្នុងនោះមានទាំងកីឡាករ Lionel Messi របស់ក្លិប Barcelona។

-ថ្ងៃទី១៦ ខែមេសា

រញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រនៅអេក្វាឌ័រ សម្លាប់មនុស្សជាង ៦៧០ នាក់ និងធ្វើឲ្យមនុស្សជិត ៦៣០០ នាក់របួស។

-ថ្ងៃទី៩ ខែឧសភា

អ្នកនយោបាយហ្វីលីពីនដ៏ដាច់ខាត លោក Rodrigo Duterte ទទួលជ័យជម្នះការបោះឆ្នោតប្រធានាធិបតីភ្លូកទឹកភ្លូកដី ដោយសារសម្តីច្រាសឆ្អេះមាត់ស្អុយប្រជានិយម។

-ថ្ងៃទី១២ ខែមិថុនា

មនុស្ស ៤៩ នាក់ ត្រូវបានសម្លាប់នៅ ពេលខ្មាន់កាំភ្លើងម្នាក់ ដែលបានប្តេជ្ញា រក្សភក្តីភាពចំពោះក្រុម IS បើកការបាញ់រះ និងចាប់ជាចំណាប់ខ្មាំងក្នុងក្លិបរាត្រី ស្រឡាញ់ភេទដូចគ្នាក្នុងក្រុងអូឡានដូ រដ្ឋផ្លរីដា។

-ថ្ងៃទី២៣ ខែឧសភា

ចក្រភពអង់គ្លេស បោះឆ្នោតស្ទើរតែ ៥២ ភាគរយ ដើម្បីចាកចេញពីសហភាពអឺរ៉ុប ក្នុងលទ្ធផលនៃការធ្វើប្រជាមតិដ៏ តក់ស្លុតមួយ។ នាយករដ្ឋមន្ត្រី ដេវីដ កា មេរ៉ន់ បានចុះចេញពីតំណែងនិងត្រូវបានជំនួសដោយ លោកស្រី Theresa May ក្នុងខែកក្កដា។

-ថ្ងៃទី២៨ ខែឧសភា

មនុស្ស ៤៧ នាក់ ត្រូវបានសម្លាប់ និងជាង ២០០ នាក់ទៀត រងរបួសនៅ ឯការវាយប្រហារគ្រាប់បែកអត្តឃាតបី និងការវាយប្រហារដោយកាំភ្លើងនៅឯព្រលានយន្តហោះធំក្រុងអ៊ីស្តង់ប៊ុល។

kill_1ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Andrey Karlov ដេកស្លាប់ បន្ទាប់ពីឃាតក Mevlut Mert Altintas (ស្តាំ) បានបាញ់សម្លាប់ ក្នុងពិធីតាំងពិព័រណ៍រូបថតមួយនៅ ក្រុងអង់ការ៉ា។ Afp

-ថ្ងៃទី៣ ខែកក្កដា

មនុស្សជាង ៣០០ នាក់ ត្រូវគេសម្លាប់នៅពេលដែលជនរថយន្តអត្តឃាតម្នាក់ វាយប្រហារតំបន់លក់ដូរមមាញឹកមួយ ក្នុងក្រុងបាកដាដ ដែល IS អះអាង។

-ថ្ងៃទី៨-១១ ខែកក្កដា

មនុស្សយ៉ាងតិច ៣០០ នាក់ ស្លាប់ក្នុងការប៉ះទង្គិចគ្នារវាងកម្លាំងគាំទ្រប្រធានាធិបតី ស៊ូដង់ខាងត្បូង លោក Salva Kiir និងគូប្រជែង Riek Machar។

-ថ្ងៃទី១៤ ខែកក្កដា

ពលរដ្ឋទុយនីស៊ីម្នាក់ បើករថយន្តធំបុករះហ្វូងមនុស្សដែលកំពុងឆ្លងបុណ្យ Bastille Day ក្នុងក្រុងនីស ដោយសម្លាប់មនុស្ស ៨៦ នាក់។

-ថ្ងៃទី១៥ ខែកក្កដា

យោធាទុច្ចរិតមួយក្រុម បានព្យាយាមបណ្តេញប្រធានាធិបតីតួកគីលោករ៉េសិប តៃយីប អេរដូហ្គែនពីតំណែង។របបនេះ និយាយថា បព្វជិតមូស្លីមនិរទេស លោក Fethullah Gulen នៅពីក្រោយរដ្ឋប្រហារនោះ និងធ្វើការបោសសម្អាតមួយ ដែលក្នុងនោះមនុស្សជាង ១០ ម៉ឺននាក់ ត្រូវបានឃុំឃាំង បណ្តេញចេញ និងផ្អាកការងារជុំវិញទំនាក់ទំនងទៅនឹងក្រុមអ្នករៀបចំរដ្ឋប្រហារនោះ។

-ថ្ងៃទី២៣ ខែកក្កដា

ការអះអាងទទួល ខុសត្រូវរបស់ IS សម្រាប់ការផ្ទុះពីរ ដែលបំផ្លាញហ្វូងមនុស្សនិកាយស៊ីអីត Shiite Hazaras ក្នុងក្រុងកាប៊ុល សម្លាប់មនុស្ស ៨៥ នាក់។

-ថ្ងៃទី២៤ ខែសីហា

រញ្ជួយដីនៅភូមិតំបន់ភ្នំ Umbria, Marche និង Lazio អ៊ីតាលី សម្លាប់មនុស្ស ២៩៧ នាក់ និងរបួសរាប់រយ។

-ថ្ងៃទី៣១ ខែសីហា

ប្រធានាធិបតី ប្រេស៊ីល លោកស្រី Dilma Rousseff ត្រូវបានចោទសួរមុខសភាពីបទបោកបញ្ឆោតថវិកាជាតិ។ លោកស្រី ត្រូវបានជំនួសដោយគូប្រជែងជូរចត់ លោក Michel Temer។

-ថ្ងៃទី៤ ខែតុលា

ព្យុះយូរីខែន Matthew បានធ្វើឲ្យ មនុស្សជាង ៥៤០ នាក់ស្លាប់នៅហៃទី។

-ថ្ងៃទី៨ ខែតុលា
ពលរដ្ឋយេម៉ែនជាង ១៤០ នាក់ត្រូវបាន សម្លាប់នៅ ពេលក្រុមចម្រុះដឹកនាំដោយ អារ៉ាប៊ី សាអ៊ូឌីត វាយប្រហារផ្លូវអាកាស ចំពីធីបុណ្យសពមួយ។

-ថ្ងៃទី២៤ ខែតុលា

បារាំងចាប់ផ្តើមបោសសម្អាតជំរំអន្តោប្រវេសន៍ព្រៃកាឡែស នៅភាគខាងជើងប្រទេស។

-ថ្ងៃទី៨ ខែវិច្ឆិកា

មហាសេដ្ឋីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ផ្តួលលោកស្រីហ៊ីឡារី គ្លីនតុន ដើម្បីឈ្នះសេតវិមាន ធ្វើឲ្យអាមេរិក និងពិភពលោកស្រឡាំងកាំង។

-ថ្ងៃទី២៦ ខែវិច្ឆិកា

មរណភាព របស់មេដឹកនាំបដិវត្តន៍គុយ បា លោកហ្វីដែល កាស្ត្រូ។

-ថ្ងៃទី០១ ខែធ្នូ

មហា វ៉ាជីរ៉ាឡុងកន ត្រូវបានអភិសេក ជាព្រះមហាក្សត្រថៃ ក្រោយពីការចូលទិវង្គត់របស់ព្រះចៅ ភូមិបុល អាឌុលយ៉ាដេត ដែលបានគ្រងរាជ្យ ៧០ ឆ្នាំ។

-ថ្ងៃទី១៩ ខែធ្នូ

មន្ត្រីប៉ូលិសតួកគីម្នាក់ដែលស្រែកថា «អាឡិបប៉ូ» និង« Allahu Akbar» បានបាញ់សម្លាប់ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Andrei Karlov ប្រចាំនៅតួកគីក្នុងក្រុងអង់ការ៉ា ដោយញ៉ាំងឲ្យមានការប្តេជ្ញារបស់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីនបង្កើនការប្រយុទ្ធប្រឆាំង «ភេរវកម្ម»។

-ថ្ងៃទី២១ ខែធ្នូ

ការផ្ទុះដ៏ធំសម្បើមមួយ បានបំផ្លាញទាំងស្រុងនូវផ្សារកាំជ្រួចធំបំផុតមួយនៅ តំបន់ Tultepec ម៉ិកស៊ីក ដោយសម្លាប់មនុស្ស ៣៦ នាក់ និងរងរបួស ៧២ នាក់ផ្សេងទៀត។

-ថ្ងៃទី២៥ ខែធ្នូ

យន្តហោះយោធារុស្ស៊ីមួយគ្រឿង បាន ធ្លាក់ក្នុងសមុទ្រខ្មៅ ខណៈវាធ្វើដំណើទៅ ស៊ីរី ជាមួយមនុស្ស ៩២ នាក់នៅ លើយន្តហោះ ដែលក្នុងនោះមានសមាជិកក្រុមតន្ត្រីកងទ័ពក្រហមជាង ៦០ នាក់ ដែលកំពុងឆ្ពោះទៅឆ្លងឆ្នាំថ្មីជាមួយនឹងក្រុម ទាហាន៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍