ភ្នំពេញៈ ខណៈដែលការបោះឆ្នោតឃុំ សង្កាត់កាន់តែខិតជិតចូលមកដល់គណបក្សកាន់អំណាចបានផ្តល់សិទ្ធិឲ្យគណបក្សនៅតាមឃុំសង្កាត់នីមួយៗចំនួន ១៦៤៦ នៅទូទាំងប្រទេសជាអ្នកបោះឆ្នោតជ្រើសរើសបេក្ខជនសម្រាប់តំណែងមេឃុំ ចៅសង្កាត់ខណៈដែលគណបក្សប្រឆាំងបានផ្តល់សិទ្ធិឲ្យគណបក្សនៅថ្នាក់មូលដ្ឋានជាអ្នកជ្រើសរើសបេក្ខជនដោយខ្លួនឯង។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនបានថ្លែងកាលពីថ្ងៃពុធថាសមាជគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកាលពីថ្ងៃទី ១៧ និង១៨ ខែធ្នូកន្លងទៅបានបញ្ជូនសារទៅមេដឹកនាំថ្នាក់ឃុំ សង្កាត់របស់គណបក្សថាពួកគេត្រូវធ្វើការបោះឆ្នោតដើម្បីជ្រើសរើសបញ្ជីបេក្ខជនរបស់ពួកគេរួមទាំងមេឃុំផងដែរ។

លោកឲ្យដឹងថា៖ «គណបក្សប្រជាជនបានណែនាំទៅគ្រប់ឃុំសង្កាត់ទាំងអស់ឲ្យធ្វើការនេះដោយខ្លួនឯងហើយត្រូវតែធ្វើឲ្យបានចប់នៅក្នុងខែមករា។ ពួកគេនឹងយកបញ្ជីឈ្មោះបេក្ខជនដែលត្រូវបានបោះឆ្នោតតាមរយៈសមាជឃុំ សង្កាត់បញ្ជូនទៅថ្នាក់ដឹកនាំកំពូលដើម្បីធ្វើការត្រួតពិនិត្យ»។

លោកថ្លែងថា៖ «នៅក្នុងគោលនយោបាយលទ្ធិប្រជាធិបតេយ្យរបស់គណបក្សប្រជាជនគឺមានការបោះឆ្នោតហើយសមាជនៅថ្នាក់ឃុំសង្កាត់ទាំងអស់ត្រូវតែត្រូវបញ្ចប់នៅខែមករា»។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានថ្លែងថាគណបក្សប្រឆាំងមានវិធីសាស្ត្របែបវិមជ្ឈការបន្ថែមទៀតសម្រាប់ការជ្រើសរើសបេក្ខជនរបស់ខ្លួនសម្រាប់ឃុំ សង្កាត់ទាំងអស់ចំនួន ១៦៤៦ ដោយផ្តល់អំណាចទៅឲ្យមេដឹកនាំនៅថ្នាក់មូលដ្ឋានធ្វើការសម្រេចចិត្តថាតើត្រូវជ្រើសរើសបេក្ខជនយ៉ាងម៉េចប៉ុន្តែរក្សាការបោះឆ្នោតជាជម្រើស។

លោកបន្តថា៖ «យើងមានដំណើរការបីយ៉ាង។ ទីមួយគឺយើងប្រគល់អំណាចទៅឲ្យថ្នាក់មូលដ្ឋានដើម្បីធ្វើដោយខ្លួនឯង»។ «ទីពីរប្រសិនបើមានការខ្វែងគំនិតគ្នាយើងមានគណៈកម្មាធិការមួយដើម្បីដោះស្រាយហើយគណៈកម្មាធិការនេះមានសមាជិកមកពីក្រុមការងារថ្នាក់ខេត្តប្រតិបត្តិ និងនាយកប្រតិបត្តិថ្នាក់ស្រុក និងប្រជាពលរដ្ឋដែលឈរឈ្មោះធ្វើជាបេក្ខជន»។

លោក សុវណ្ណ បានពន្យល់ថា៖ «ប្រសិនបើជំហរទីពីរមិនអាចដោះស្រាយបាននោះជម្រើសទីបីគឺយើងនឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានបោះឆ្នោត…បន្ទាប់មកយើងនឹងតែងតាំងអ្នកនោះធ្វើជាបេក្ខជនដើម្បីប្រកួតប្រជែងជាមួយគណបក្សដទៃទៀត»។ «ជារួមគឺយើងផ្តល់អំណាចដល់ថ្នាក់មូលដ្ឋាន»។

លោក កែម ឡី ជាអ្នកវិភាគនយោបាយដែលត្រូវបានគេធ្វើឃាតកាលពីថ្ងៃទី ១០ ខែកក្កដាកន្លងទៅតែងតែបានរិះគន់ទាំងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិចំពោះការបរាជ័យមិនបានធ្វើការបោះឆ្នោតផ្ទៃក្នុងដើម្បីជ្រើសរើសបេក្ខជនរបស់ខ្លួនហើយជាញឹកញាប់តែងតែអំពាវនាវដល់គណបក្សទាំងពីរឲ្យអនុវត្តនូវអ្វីដែលលោកហៅថា «លទ្ធិប្រជាធិបតេយ្យក្នុងបក្ស»។

លោក សាម អ៊ីន ដែលជាមិត្តជិតស្និទ្ធរបស់លោក កែម ឡី ដែលឥឡូវនេះលោកជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ថ្លែងថាលោកបានទទួលដំណឹងពីប្រព័ន្ធបោះឆ្នោតបឋមរបស់គណបក្សប្រជាជនហើយបានកំណត់ការសម្រេចចិត្តដល់ការតស៊ូមតិរបស់អ្នកវិភាគ។

លោក អ៊ីន ថ្លែងថា៖ «យើងបានឮពីមេដឹកនាំក្នុងមូលដ្ឋានរបស់យើងថាពួកគេអនុវត្តវិធីសាស្ត្រនេះគឺដើម្បីអនុញ្ញាតឲ្យសមាជិករបស់ខ្លួនជ្រើសរើសបេក្ខជនរបស់គេសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខហើយនេះគឺជាអ្វីដែលយើងបានទាមទារពីគណបក្សទាំងនោះ»។ «វាជារឿងល្អហើយយើងសប្បាយចិត្តដែលមើលឃើញលទ្ធផលនៃការតស៊ូមតិ និងការងាររបស់យើង។ យើងក៏បានអនុវត្តវិធីសាស្ត្រនេះនៅក្នុងគណបក្សរបស់យើងផ្ទាល់ផងដែរហើយយើងបានរៀបចំសមាជឃុំចំនួន ២៤ រួចរាល់ហើយដើម្បីអនុញ្ញាតឲ្យសមាជិករបស់គណបក្ស GDP បោះឆ្នោតជ្រើសរើសបេក្ខជនរបស់ខ្លួនហើយយើងសប្បាយចិត្តដែលឃើញគណបក្សប្រជាជនកម្ពុជាធ្វើដូចនេះដែរ»។

លោកបន្តថា៖ «នេះគឺជាអ្វីដែលលោក កែម ឡី ចង់ឃើញ។ លោក កែម ឡី និងគណបក្ស GDP បានបង្កឱ្យមានឥទ្ធិពលមួយចំនួនលើចំណុចនេះ។ វាគឺជាការផ្លាស់ប្តូរមួយដ៏ត្រឹមត្រូវដើម្បីឆ្ពោះទៅសង្គមប្រជាធិបតេយ្យបន្ថែមទៀត»។

លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែលបានថ្លែងថាលោករីករាយដែលគណបក្សកាន់អំណាចបានធ្វើការបោះឆ្នោតបែបនេះប៉ុន្តែបានអំពាវនាវដល់មេដឹកនាំថ្នាក់ជាតិរបស់ខ្លួនឲ្យធានាថានឹងមិនធ្វើរឿងគួរឱ្យអស់សំណើចនោះទេ។

លោកថ្លែងថា៖ «ខ្ញុំសូមស្វាគមន៍ចំពោះរឿងនេះ។ វាកាន់តែមានលទ្ធិប្រជាធិបតេយ្យសម្រាប់រចនាសម្ព័ន្ធផ្ទៃក្នុងប្រសិនបើវាមានតម្លាភាព»។ លោកពន្យល់ថាគណបក្សប្រជាជនបានធ្វើការបោះឆ្នោតស្រដៀងគ្នានេះកាលពីអតីតកាលប៉ុន្តែនៅតែមានសំណួរពីភាពស្របច្បាប់។

លោកថ្លែងថា៖ «កាលពីមុនពួកគេក៏បានឲ្យសមាជិកជ្រើសរើសបេក្ខជនរបស់ខ្លួនដែរប៉ុន្តែប្រជាជនបានត្អូញត្អែរថាពួកគេមិនដឹងថាអ្នកណាមានប្រជាប្រិយភាពពិតប្រាកដនោះទេ។ ពួកគេគ្រាន់តែដាក់ [សន្លឹកឆ្នោត] នៅក្នុងប្រអប់ឆ្នោតបិទជិតហើយបានបើកវាឡើងនៅការិយាល័យស្រុក ឬការិយាល័យខេត្តក្រោយមកប្រកាសសេចក្តីសម្រេចនោះឡើង»។

លោក បញ្ញា បញ្ជាក់ថា៖ «វាហាក់ដូចជាមិនសូវបើកចំហប៉ុន្មានទេ។ ដំណើរការជ្រើសរើសបេក្ខជននេះត្រូវតែមានតម្លាភាព»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍