ស្ត្រីម្នាក់ត្រូវបានកាត់ទោសប្រហារជីវិត បន្ទាប់ពីត្រូវបានចោទប្រកាន់ធ្វើដំណើរឡើងផ្សារទំនើប ដោយគ្មានវត្តមានប្តីអមដំណើរជាមួយ, នេះបើយោងតាមក្រុមសិទ្ធិមនុស្ស នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។

ប៉ូលីស Lati និងប្រធានកិច្ចការនារី Sar-e-Pul ឈ្មោះ Nasima Arezo និយាយថា ស្ត្រីអាយុ ៣០ ឆ្នាំ ដែលពុំត្រូវបានស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានចាក់ និងកាត់ក្បាល ជាការដាក់ទណ្ឌកម្មចំពោះការឡើងផ្សារទិញឥវ៉ាន់ ដោយគ្មានប្តីនៅក្បែរនាង ។

ហេតុការណ៍ដ៏ស្លុតរន្ធត់ និងគួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ កន្លងមកនេះ ។ ទោះជាយ៉ាងណា ប៉ូលីស និងរដ្ឋាភិបាល បានស្តីបន្ទោសពួកតាលីបង់ សម្រាប់អំពើឃោរឃៅនេះ ។ ប៉ុន្តែ ពួកតាលីបង់បានបដិសេធមិនជាប់ពាក់ព័ន្ធករណីប្រហារជីវិតស្ត្រីខាងលើនេះទេ ។

លោក Zabiullah Amani អ្នកនាំពាក្យរបស់អភិបាលខេត្ត ក្នុងតំបន់ បាននិយាយថា បុរសជាប្តីបានរត់គេចខ្លួនទៅកាន់ប្រទេសអ៊ីរ៉ង់ហើយ ។ រីឯស្ត្រីរងគ្រោះនោះវិញ ពុំមានកូនណាម្នាក់នោះទេ ។

បណ្តាមេដឹកនាំតាលីបង់ ជឿថា ស្ត្រីរៀបការហើយដែលចាកចេញពីផ្ទះរបស់ពួកគេដោយគ្មានប្តីការពារ គឺបាននិងកំពុងប្រព្រឹត្តទង្វើមិនស្មោះត្រង់ ៕