ក្រុងប៉ារីសៈ មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកបានផ្គើននឹងអំពើភេរវកម្ម ដើម្បីវាយជួងឆ្លងចូលឆ្នាំថ្មី ២០១៧ ជាមួយស្ទីលផ្សេងៗរបស់ខ្លួន ខណៈក្រុងស៊ីដនីបានចាប់ផ្តើមពិធីជប់លៀងជាមួយការបាញ់បង្ហាញ កាំជ្រួចដ៏អស្ចារ្យ ដែលបានដុតបំភ្លឺផ្ទៃមេឃនៃកំពង់ផែជានិមិត្តរូបរបស់ខ្លួន។

ក្រុមអ្នករីករាយសប្បាយ បានប្រជ្រៀតគ្នាចូលក្នុងក្រុងធំៗជាច្រើន ដើម្បីឆ្លងឆ្នាំថ្មី ខណៈសន្តិសុខបានរឹតបន្តឹង ចំពេលមានការភ័យខ្លាចថា ហ្វូងមនុស្សកុះករអាចជាតំណាងនៃគោលដៅរបស់ក្រុមជ្រុលនិយម។

ទីក្រុងដែលបានចាប់ផ្តើមពិធី រីករាយអឹកធឹកនេះមុនគេគឺ ក្រុងស៊ីដនី ជាទីដែលមនុស្សប្រមាណ ១,៥ លាននាក់ បានសម្រុកមក កាន់ក្រុងធំបំផុតរបស់អូស្ត្រាលី នេះដើម្បីគយគន់កាំជ្រួចកណ្តាល យប់ ដែលផ្ទុះចេញពីស្ពានកំពង់ផែ និងមហោស្រពអូប៉េរ៉ា។

ហ្វូងមនុស្សក្នុងក្រុងហុងកុង ក៏ បានសម្រុកមកកាន់មុខទឹកដើម្បី ទស្សនាកាំជ្រួចដែលបានផ្ទុះលើ កំពង់ផែ Victoria ចំណែកឯនៅ ជប៉ុន មនុស្សរាប់ពាន់នាក់បាន កកកុញគ្នាលើដងវិថីនៃក្រុងតូក្យូ ដើម្បីបង្ហោះប៉ឺតប៉ោង ទៅលើអាកាស។

ការឆ្លងជាច្រើន បានកើតមាន នៅអឺរ៉ុប ដោយផ្ទៃមេឃពេលរាត្រី លើទីលានក្រហមរបស់ក្រុងម៉ូស្គូ ត្រូវបានលាបដោយកាំជ្រួចពណ៌ក្រហមតាមឈ្មោះវា។

flock-1

មនុស្សជិត ៥០ ម៉ឺននាក់ បាន ចេញមករីករាយលើរុក្ខវិថី សង់អេលីហ្សេ ជាទីដែលវិមាន Arc de Triomphe ត្រូវបានដុតបំភ្លឺជាមួយភ្លើងឡាហ្ស៊ែរ និងវីដេអូ 3D ចម្រុះពណ៌ រាប់ថយក្រោយទៅឆ្នាំ ២០១៧ និងពាក្យ «ស្វាគមន៍» រាប់សិបភាសា។

ក្រុងឌូបៃនៃអាណាចក្រឈូងសមុទ្រ បានឆ្លងឆ្នាំថ្មីដ៏សប្បាយជាមួយពិធីបាញ់កាំជ្រួចដ៏ធំសម្បើមនៅក្បែរប៉មអេះមេឃខ្ពស់បំផុតលើលោក Burj Khalifa ក៏ដូចជាទីតាំងសំខាន់ច្រើនទៀត។

ការឆ្លងឆ្នាំនេះ បានប្រព្រឹត្តទៅ ដោយគ្មានបញ្ហា ខុសពីឆ្នាំមុនដែលការផ្ទុះដ៏កំណាចមួយបានផ្ទុះ ឡើងនៅឯប៉មមួយក្បែរនោះ ប៉ុន្តែក្រុមអ្នករីករាយត្រូវតែជួបនឹងវិធានការសន្តិសុខ និងវត្តមានក្រុមប៉ូលិសដែលបានពង្រឹង។

មានប៉ូលិសបន្ថែម ២០០០ នាក់ នៅស៊ីដនី បន្ទាប់ពីបុរសម្នាក់ត្រូវបានចាប់ខ្លួនគំរាមកំហែងតាមអ៊ីនធឺណិត ហើយរថយន្តដឹកសំរាម ត្រូវបានពង្រាយដើម្បីទប់ស្កាត់ការ ប៉ុនប៉ងបើករថយន្តធំបុករះហ្វូងមនុស្ស។

នៅប៊ែរឡាំង សន្តិសុខក្រុងនោះ ត្រូវបានពង្រឹង ដោយពង្រាយប៉ូលិសបន្ថែម ដោយខ្លះមានកាំភ្លើងយន្ត។ រីឯនៅប៉ារីស កម្លាំង អាវុធហត្ថ និងទាហានជិត ១០ ម៉ឺននាក់ ត្រូវបានពង្រាយទូទាំងប្រទេស ប្រឆាំងការគំរាមកំហែង។

ក្នុងពេលជាមួយគ្នានោះ ក្រុង ប្រ៊ុចសែល បានធ្វើការបង្ហាញជា ថ្មីឡើងវិញ បន្ទាប់ពីលុបចោលពីឆ្នាំមុន។ ខណៈមនុស្សជាងមួយលាននាក់ បានចេញមកមើលការទម្លាក់បាល់នៅទីលាន Times ក្រុងញូវយ៉ក បានពង្រាយរថយន្ត រារាំង ១៦៥ គ្រឿង និងកម្លាំងប៉ូលិស ៧០០០ នាក់៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍