អូប៉ាម៉ា៖ “សេដ្ឋកិច្ចចិន និងរុស្ស៊ីខ្លាំងប៉ុណ្ណា ក៏មិនអាចប្រៀបជាមួយអាមេរិកបានដែរ”
លោក Barack Obama ប្រធានាធិបតីទើបតែផុតអាណត្តិរបស់សហរដ្ឋអាមេរិក បានថ្លែងសន្ទរកថាចុងក្រោយមួយទៀត ដោយរូបលោកអះអាងថា អាមេរិកគឺជាប្រទេសមហាអំណាចលេខ១ នៅលើពិភពលោក ហើយដៃប្រកួតប្រជែងដែលមានសេដ្ឋកិច្ចខ្លាំងៗមានដូចជា ចិន និងរុស្ស៊ី ទោះយ៉ាងណាក៏ដោយដៃគូរសម្ព័ន្ធមិត្តទាំងពីរនេះនូវតែមិនអាចយកឈ្នះអាមេរិកបានឡើយ។
លោកប្រធានាធិបតីផុតអាណត្តិ Barack Obama បានលើកឡើងអំពីបញ្ហាដៃគូរពាណិជ្ជកម្មធំទាំងពីរ របស់ខ្លួន ក្នុងសុន្ទរកថាមួយនៅទីក្រុង Chicago ដោយមានប្រសាសន៍ថា “ដូចដែលបានដឹងហើយថា អាមេរិកជាប្រទេសមហាអំណាចលេខ១នៅលើពិភពលោក ដែលរីកចម្រើនគ្រប់វិស័យ ដូច្នេះចិន និងរុស្ស៊ីមិនអាចប្រកួតប្រជែងបានឡើយ ទោះបីជាពួកគេជាប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងក្នុងចំណោមពិភពលោកក៏ដោយ”។
ស្របគ្នានេះដែររូបលោកបានបន្ថែមទៀតថា “បើសម្ព័ន្ធមិត្តធំៗទាំងអស់មិនគោរពនីតិរដ្ឋ ឬគោលនយោបាយសន្តិភាព ហើយនៅតែបន្តគំរាមកំហែង និងឈ្លានពានលើទឹកដីគ្នាទៅវិញទៅមកនោះ ពិតណាស់សង្គ្រាមលោកលើកទីបីនឹងផ្ទុះឡើង” នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sputnik Internation ។ គួរបញ្ជាក់ផងដែរថា លោក Barack Obama កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងលើការរក្សាសន្តិសុខប្រទេសរបស់ខ្លួន រួមទាំងប្រទេសដែលស្ថិតក្នុងសម្ព័ន្ធមិត្តផ្សេងៗទៀត ដែលបច្ចុប្បន្នកំពុងប្រឈមមុខដាក់គ្នា ជាហេតុបង្កឲ្យមានការវាយប្រហារនៅពេលណាមួយទៀតផង៕
ប្រភព៖ kqube